• 2022-06-14 08:00:39
  • ព័ត៌មាន

ឡូយណាស់ ក្រុមហ៊ុន​អន្តរជាតិ​មួយ​ចុះ​មក​សិក្សា​គម្រោង​បើក​សាលាថែទាំយន្តហោះនៅកម្ពុជា

  • 2022-06-14 08:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់ វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បរទេស​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ចុះ​មក​កម្ពុជា​សិក្សា​ពី​គម្រោង​បើក​សាលាថែ​ទាំយន្តហោះ។

ក្រុម​ហ៊ុន​អន្តរជាតិ​នេះ​មាន​ឈ្មោះ​ថា ក្រុមហ៊ុន Aviation Maintenance Expert Enterprise Co,.Ltd ដោយ​ពួក​គេ បាន​ជួប​ជាមួយ​ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន ក្នុង​ឱកាស​ជួប​ពិភាក្សា​គ្នា​លើក​ដំបូង​អំពី​គម្រោង។

ក្រោម​ការសម្របសម្រួលពីឯឧត្តម Nirawat Sirikanchana, Minister Counsellor នៃស្ថានទូតថៃប្រចាំនៅកម្ពុជា និង ក្រុមហ៊ុនPrivate Jet ( JFT Jet )តំណាងដោយលោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន។ កិច្ចពិភាក្សានេះបានលើកឡើង អំពីការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Aviation Maintenance ដែលក្រុមហ៊ុនមានបំណងស្វែងរកដៃគូរក្នុងប្រទេសកម្ពុជា ដើម្បីជាសាលាបណ្តុះបណ្តាល ឬកម្មវិធីបណ្តុះបណ្តាលទាក់ទងយន្តហោះ។

ក្នុងឱកាសនោះដែល លោកបណ្ឌិត Pongpan ប្រធានក្រុមហ៊ុន Aviation Maintenance បានធ្វើបទបង្ហាញអំពីវគ្គដែលត្រូវសិក្សា ផ្នែកបើកយន្តហោះ នឹងការថែទាំយន្តហោះផងដែរ។ ជាមួយ​គ្នា ឯកឧត្តម ហឿន សំនៀង បានជម្រាបជូនគណប្រតិភូ ដោយសង្ខេបអំពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ-វិស្វករ លើជំនាញទាំង៦ ព្រមទាំងកម្មវិធីបណ្តុះបណ្តាលទាំងជំនាញផ្នែកបច្ចេកទេស និងផ្នែកទន់ ក្រោមរូបភាពកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។

រូបភាពវិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹក​ជញ្ជូន

ទន្ទឹមគ្នានោះក្រុមហ៊ុនក៏បានសូមអញ្ចើញឯកឧត្តមនាយកវិទ្យាស្ថានទៅទស្សនៈកិច្ចនៅក្រុមហ៊ុនAviation Maintenance Expert Enterprise Co,.Ltd ដោយផ្ទាល់នៅប្រទេសថៃ។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការដើរទស្សនកិច្ចវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រសួងសាធារណការនិង ដឹកជញ្ជូនផងដែរ។

យ៉ាងណា មិន​ទាន់​មាន​ការ​បើក​បង្ហាញថា ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នាលើ​ចំណុច​ណា​ខ្លះ ឬនៅ​ជជែក​គ្នា​បន្ត​លើ​អ្វី​ខ្លះ​នោះ​ទេ៕​

អត្ថបទ៖ ទារិកា

មតិយោបល់