• 2022-07-08 04:32:10
  • សេដ្ឋកិច្ច

សម្លឹង​ឃើញ​ឱកាស វិនិយោគិន​ជប៉ុន វិនិយោគ​សំណង់​លំនៅដ្ឋាន ដោយ​ចាប់​យក​អ្នក​មាន​ជីវភាព​មធ្យម​ជា​គោលដៅ

  • 2022-07-08 04:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ឃើញ​ពី​តម្រូវ​ការ​សំណង់​លំនៅដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម វិនិយោគ​ជប៉ុន​មួយ​រូប​បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក សាង​សង់​សំណង់​លំនៅដ្ឋាន​យ៉ាង​ធំ​មាន​រាប់​ពាន់​បន្ទប់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។

លោក អាឡិច យ៉ាស៊ូម៉ូតូ គឺ​ជា​វិនិយោគជប៉ុន និង​ជា​ម្ចាស់​វិនិយោគ​សំណង់​លំនៅដ្ឋាន អារ៉ាខាវ៉ា មាន​ទីតាំង​នៅ​ក្នុង​ភូមិសាស្ត្រ​តំបន់​ទឹក​ថ្លា។ វិនិយោគ​ជប៉ុន​រូប​នេះ ប្រាប់​ថា លោក​បាន​មក​ដល់​កម្ពុជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ 2002 និង​បាន​ឃើញ​ប្រជាពលរដ្ឋ​មានស្ថានភាពលំបាក ព្រម​ទាំង​មាន​តម្រូវ​ការ​សំណង់​លំនៅដ្ឋាន​ធូរ​ថ្លៃ​ច្រើន។

ដូច្នេះ​ហើយ នៅ​ចុង​ឆ្នាំ ២០១៨ លោក​បាន​វិនិយោគ​សំណង់​លំនៅដ្ឋាន​អារ៉ាខាវ៉ា​ដំណាក់​កាល​ទី​១ និង​បញ្ចប់​ចុង​ឆ្នាំ ២០២១។ គម្រោង​​នេះ​មាន ចំនួន ១៦៨០ យូនីត ចែក​ជា​យូនីត​ស្ទូឌីយ៉ូ​ចំនួន ៩៦០យូនីត និង​យូនីត​បន្ទប់​គេង​២ ចំនួន ៥១៦​យូនីត។ បច្ចុប្បន្ន អារ៉ាខាវ៉ា បាន​ឈាន​មក​វិនិយោគ​គម្រោង​ទី​២​របស់​ខ្លួន ដែល​មាន ១៤៨៤ យូនីត ចែក​ជា​យូនីត​ស្ទូឌីយ៉ូ ចំនួន ៩៦៨ យូនីត និង​ប្រភេទ បន្ទប់​គេង​២ ចំនួន ៥១៦ យូនីត ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ត្រឹម​ចុង​ឆ្នាំ ២០២២​នេះ។

ទាំង​គម្រោង​ទី១ និង​ទី២ អារ៉ាខាវ៉ា បាន​កំណត់​អតិថិជន​គោលដៅ​របស់​ខ្លួន គឺ​អ្នក​មាន​ចំណូល​មធ្យម មាន​ជា​អាទិ៍ សិស្សនិស្សិត មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​នានា ដែល​បច្ចុប្បន្ន មួយ​ចំនួន​ធំ​នៃ​អ្នក​ទាំង​នេះ កំពុង​រស់​នៅ​ផ្ទះ​ជួល​នៅ​ឡើយ។ ស្ថានភាព​នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ ថ្លែង​ថា លោក​ចង់​ផ្ដល់​ជម្រើស​នៃ​ការ​រស់នៅ​ថ្មី​របស់​ពួក​គេ។ "ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​យក​ថ្លៃ​ជួល​ផ្ទះ​គេ​នោះ មក​បង់​ថ្លៃ​បន្ទប់​ខុនដូរបស់​ខ្លួន​ឯង​តែ​ម្ដង!”។

គម្រោង​លំនៅឋានអារ៉ាខាវ៉ា បានសាងសង់លើផ្ទៃដីជាង១.៣ ហិកតា ដែលមានសំណង់អគារសរុបចំនួន១៦ និងមានកម្ពស់ ២១ជាន់ស្មើៗគ្នា។ តាម​របាយការណ៍ គម្រោង​អារ៉ាខាវ៉ា ដំណាក់​កាល​ទី​១ បាន​លក់​អស់ ១០០% ដោយ​ឡែក​ដំណាក់កាល​ទី​២​លក់​អស់ ៤០%។ យ៉ាស៊ូម៉ូតូ លើក​ឡើង​ថា កូវីដ១៩ ជាង២​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ទូទៅ​លើ​សេដ្ឋកិច្ចប្រទេស និង​សូម្បី​សេដ្ឋកិច្ច​គ្រួសារ ដែល​រាំង​ស្ទះ​នូវ​គោល​បំណង​ចង់​បាន​ផ្ទះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មិន​ទាន់​ផ្ទះ​ជា​របស់​ផ្ទាល់។

ស្ថានភាព​នេះ លោក យ៉ាស៊ូម៉ូតូ បាន​បញ្ជាក់​ថា អារ៉ាខាវ៉ា បាន​បន្ថែម​នូវ​លក្ខខណ្ឌ​សម្រួល ក្នុង​ការ​បង់​ប្រាក់ ពោល​គឺ បង​ប្អូន​ប្រជាពលរដ្ឋ​តម្រូវ​ឲ្យ​តែ ៥%​នៃ​ថ្លៃ​សំណង់ និង​ថ្លៃ​សេវា​គ្រប់​គ្រង ១២​ខែ ទៀត​ប៉ុណ្ណោះ គឺ​អាច​ចូល​រស់​នៅ​បាន​ហើយ។

លោក អាឡិច យ៉ាស៊ូម៉ូតូ រំពឹង​ថា អារ៉ាខាវ៉ា ដំណាក់​កាល​ទី​២​ នឹង​លក់​អស់​ដូច​ការ​គ្រោង​ទុក ក្រោយ​ការ​ថមថយ​នៃ​ការ​គំរាម​កំហែង​របស់​កូវីដ១៩ ព្រម​ជា​មួយ​ការ​ងើប​ឡើង​បណ្ដើរ​នៃ​សេដ្ឋកិច្ច បូក​ផ្សំ​យុទ្ធសាស្ត្រ​ថ្មី​ខាង​លើ។ វិនិយោគិន​ជប៉ុន ប្រាប់​ទៀត​ថា លោក​ក៏​កំពុង​សម្លឹង​ទៅ​រក​ការ​អភិវឌ្ឍន៍​គម្រោង​ អារ៉ាខាវ៉ា នៅ​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ យ៉ាង​ណា លោក​មិន​ទាន់​បញ្ចេញ​លម្អិត​នោះ​ទេ ព្រោះ​អ្វី​ៗ​កំពុង​សិក្សា​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់