• 2022-09-15 03:05:49
  • ព័ត៌មាន

សម្ដេច​តេជោ ហ៊ុន សែន ចេញ​មក​បញ្ជាក់​មូលហេតុ​ធំៗ ដែល​រាជរដ្ឋាភិបាល​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ពិធីបុណ្យ​អុំ​ទូក

  • 2022-09-15 03:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​រាជរដ្ឋាភិបាល បាន​ប្រកាស​ពី​ការ​សម្រេច​ផ្អាក​រៀប​ចំ​ព្រះរាជពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ​​ កាល​ពី​ថ្ងៃ​ទី ០៩ កញ្ញា​មក សាធារជន​ជា​ច្រើន​បាន​ទទួល​យក ប៉ុន្តែ​ខ្លះ​ក៏​បាន​វិភាគ​ផ្សេង​ៗ​គ្នាថា ការ​ផ្អាក​នេះ ​ដោយ​សារ​តែ​រាជរដ្ឋាភិបាល​មិន​មាន​ថវិកា​គ្រប់​គ្រាន់ ប៉ុន្តែ​សម្ដេច​តេជោ ហ៊ុន សែន បាន​ទាត់​ចោល និង​បាន​បញ្ជាក់​ថា មាន​ហេតុផល​២ផ្សេង​គ្នា។

តាម​សារ​សំឡេង រយៈ​ពេល ៦នាទី ដែល​ត្រូវ​បាន​ចែក​ចាយ​កាល​ពី​យប់​មិញ សម្ដេច​នាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា មាន​មូលហេតុ២សំខាន់ៗ ដែល​រាជរដ្ឋាភិបាល ត្រូវ​តែ​បង្ខំ​ចិត្ត​ផ្អាកព្រះរាជពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ សម្រាប់​ឆ្នាំ​ទី​៣​នេះ ក្នុង​នោះ​មាន៖

​ ១.បញ្ហា​កូវីដ១៩ៈ សម្ដេច បាន​គូស​បញ្ជាក់​ថា ត្បិត​ថា​កម្ពុជា​បាន​ធ្វើ​ល្អ​ប្រសើរ​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​កូវីដ១៩ ប៉ុន្តែ​វា​មិនទាន់ចប់ជា​ស្ថាពរ​នោះ​ទេ។ ដូច្នេះ​ហើយ ​កង្វល់​ធំ​របស់​រាជរដ្ឋាភិបាល គឺមិន​ចង់​មាន​ការ​ប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ធំ​ហួសហេតុ​នោះ​ទេ។ ព្រោះ​រាល់​ឆ្នាំ មាន​មនុស្ស​រាប់​លាន​នាក់​មក​ផ្ដុំ​គ្នា។ ក្រៅ​ពី​នេះ ក៏​មិន​ចង់​រំខាន​ដល់​បង​ប្អូន​ចំណុះ​ទូក​នៅ​តាម​បណ្ដា​ខេត្ត ដែល​ត្រូវ​ឡើង​នាំ​ទូក​មក​អំឡុង​ពេល​បង្ក​បង្កើន​ផល​នោះ​ទេ។

២.នេះ​ជា​មូលហេតុ​ធំ និង​កាន់​តែ​សំខាន់​ជាង​ទៀត នោះ​ក៏​ព្រោះ​ថ្ងៃ​អុំទូក គឺ​ត្រូវ​ចំ​ថ្ងៃ​ទី ៧-៩ ដែល​វេលា​នេះ គឺ​កៀក​ជាប់​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ ហើយ​ត្រូវ​រៀប​ចំ​ចាប់​ពី​ថ្ងៃ​ទី ១០-១៣ វិច្ឆិកា​។ មិន​ត្រឹម​ប៉ុណ្ណឹង នៅ​ថ្ងៃ​នៃ​ព្រះរាជពិធី​នោះ​ទៀត​សោត រាជរដ្ឋាភិបាល ត្រូវ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម នាយករដ្ឋមន្ត្រីចិន និង​ទស្សនកិច្ច​​ផ្លូវ​ការ​របស់​ប្រធានាធិបតី​ហ្វីលីពីនថែម​ទៀត នា​ថ្ងៃ​ទី ៧-៩នោះ​តែ​ម្ដង។ នេះ​មិន​ទាន់​គិត​ដល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ត្រូវ​ទទួល​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ ដោយ​ព្រះមហាក្សត្រ​ត្រូវ​យាង​ទៅ​ដុត​ទាន​ជ័យ​នៅ​វិមាន​ឯករាជ្យ​ផង។​

“សម្រាប់​ខ្ញុំ​ព្រះករុណា​ខ្ញុំ ដែល​ជា​នាយករដ្ឋមន្ត្រី គឺ​មិន​អាច​លៃ​លក​ពេលវេលា​គ្រប់​គ្រាន់ ដើម្បី​គ្រប់​គ្រង​ជាមួយ​នឹង​សភាព​ការណ៍​បុណ្យ​អុំទូក ដែល​មាន​មនុស្ស​ដ៏​ច្រើន នៅ​ក្នុង​ពេល​វេលា​ដែល​យើង​ត្រូវ​ត្រៀម​ការពារ​សន្តិសុខ សម្រាប់​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​ដៃគូ​អាស៊ាន ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត ដែល​ត្រូវ​មក​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ!”។

សម្ដេច​តេជោ បញ្ជាក់​ទៀត​ថា កិច្ច​ប្រជុំ​អាស៊ាន​លើក​នេះ រាប់​ថា​ជា​កិច្ច​ប្រជុំ​ដ៏​ធំដែល​កម្រ​កើត​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន បន្ទាប់​ពីខកខាន​ធ្វើ​នៅ​វៀតណាម ​និង​ប្រ៊ុយណេ។

ដូច្នេះ​ចំពោះ​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ ដែល​ថារដ្ឋាភិបាល​អស់​លុយ គ្មាន​លទ្ធភាព​ដើម្បី​ហ្នឹង​បម្រើ​ឲ្យ​ពិធី​បុណ្យ​អុំទូក សម្ដេច​ថា ​សូម​វិភាគ​តាម​ការគួរ។ "ប៉ុន្តែ​ ខ្ញុំ​ព្រះករុណា​ខ្ញុំ គ្រាន់​តែ​បញ្ជាក់​ថា ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​ទទួល​ខុស​ត្រូវ យើង​កំពុង​ទទួល​នូវ​សំណូម​ពរ​ទស្សនកិច្ច​ផ្សេង​ៗ​ទៀត...ប៉ុន្តែ​យើង​គ្រាន់​តែ​អាច​ទទួល​បាន​នាយករដ្ឋមន្ត្រីវៀតណា នាយក​រដ្ឋ​មន្ត្រី​ចិន និង​ប្រធានាធិបតី​ហ្វីលីពីន សម្រាប់​ថ្ងៃ​ទី ៧-៨ និង​ទី ៩ វិច្ឆិកា។ ហើយ​ចាប់​ពី​ថ្ងៃ​ទី ១០ យើង​ចាប់​ផ្ដើម​ប្រជុំ​អាស៊ាន​តែ​ម្ដង។ ដូច្នេះ​នេះ​ហើយ គឺ​ជា​មូលហេតុ​ធំ​នៃ​ការ​លុប​ព្រះរាជពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ នៅ​ឆ្នាំ​នេះ។

កម្ពុជា បាន​សម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ ចំនួន​២​ឆ្នាំ​ជាប់​គ្នា គឺ​នៅ​ក្នុង​​ឆ្នាំ ២០២០ និង ២០២១ ដែល​មេរោគ​កូវីដ១៩ កាល​នោះ​កំពុង​រីករាល​ដាល​ខ្លាំង។ ងាក​មក​ការ​បន្ត​ផ្អាក​ឆ្នាំ​ទី​៣​ទៀត​នេះ ជាមួយ​មូលហេតុ​ខាង​លើ សម្ដេច​សង្ឃឹម​ថា ប្រជាពលរដ្ឋ​មាន​ការ​យោគយល់។ "យើង​រង់ចាំ​ឆ្នាំ​ក្រោយ ក៏​មិន​ទាន់​យឺត​ពេល...សង្ឃឹម​ថា ប្រជាពលរដ្ឋ​យើង​នឹង​មាន​ការ​យោគយល់"៕

អត្ថបទ៖ ទារិកា

មតិយោបល់