• 2022-10-31 08:35:00
  • ព័ត៌មាន

ប្អូនៗត្រៀមបាក់ឌុប! ដឹងគន្លិះទាំងនេះហើយ មុខវិជ្ជាអក្សរសាស្ត្រខ្មែរ ងាយយកពិន្ទុបំផុត

  • 2022-10-31 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សទី ១២ ភាគច្រើនខិតខំប្រឹងរៀនមុខវិជ្ជាវិទ្យាសាស្ត្រ ហើយធ្វេសប្រហែសចំពោះមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ដែលជាមុខវិជ្ជាសំខាន់មួយនៅក្នុងការប្រលងបាក់ឌុប និងមានពិន្ទុស្មើមុខវិជ្ជាដទៃដែរ។ មុខវិជ្ជាតែងសេចក្តី ឬមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាមុខវិជ្ជាសំខាន់មួយនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជារៀងរាល់ឆ្នាំ វិញ្ញាសានៃមុខវិជ្ជាអក្សរសាស្ត្រខ្មែរសម្រាប់ការប្រឡងបាក់ឌុប តែងផ្តោតសំខាន់លើសំណេរតែងសេចក្តី។ ថ្ងៃនេះ Sabay សុំចែករំលែកគន្លិះសំខាន់ខ្លះៗងាយយកពិន្ទុពីមុខវិជ្ជាអង្សរសាស្ត្រខ្មែរ សម្រាប់ជាជំនួយដល់ប្អូនៗត្រៀមប្រឡងបាក់ឌុបក្នុងឆ្នាំសិក្សា ២០២២-២០២៣ នាពេលខាងមុខនេះ។

១. ប្អូនត្រូវស្វែងយល់ថា ភាគច្រើននៃវិញ្ញាសាភាសាខ្មែរ គឺជាសំណេរបែបពន្យល់ ដូច្នេះហើយបេក្ខជនទាំងអស់គួរផ្ដោតសំខាន់ទៅលើ ប្រធានបែបពន្យល់ឲ្យបានច្រើន ។

២. ប្អូនត្រូវដឹងថា នៅក្នុងគម្រោងតែងសេចក្ដី ប្រធានបែបពន្យល់ត្រូវចុះបន្ទាត់ប៉ុន្មានដង ប្រធានបែបពិភាក្សាគួរចុះបន្ទាត់ប៉ុន្មានដង

៣. មុនចាំផ្ដើមតែងសេចក្ដី ត្រូវដឹងថា នៅត្រង់ចំណុចលំនាំបញ្ហា ចំណូលបញ្ហា ចំណោទបញ្ហា ជាពិសេសរបៀបនៃការយកពិន្ទុ គឺការប្រើឃ្លាភ្ជាប់ ហើយសំនួនពាក្យភ្ជាប់ សម្រាប់ទាក់ចិត្តអ្នកកែ ឲ្យបានពិន្ទុកាន់តែច្រើន។

៤. នៅពេលប្រធានបង្គាប់បញ្ជាឲ្យលើកឧទាហរណ៍ពីសង្គម ប្រវត្តិសាស្ត្រ ឬអក្សរសិល្ប៍ បេក្ខជនប្រលងទាំងអស់ត្រូវធ្វើតាមអ្វី ដែលប្រធានដាក់ឲ្យ ពីព្រោះថាប្រសិនជាអ្នកសរសេរ ភ្លេចលើកពីអ្វី ដែលប្រធានបញ្ជា នោះពិន្ទុក៏អស់ទៅតាមនោះដែរ។

៥. គួរគប្បីអានរឿងមួយចំនួនដូចជា រឿងទុំទាវ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ថៅកែចិត្តចោរ កុលាបប៉ៃលិន ជាដើម ដើម្បីងាយស្រួលលើកយកមកនិយាយឲ្យស៊ីសង្វាក់នឹងប្រធាន ព្រោះថា ជាទូទៅសំណួរបង្គាប់បញ្ជាផ្នែកអក្សរសិល្ប៍តម្រូវឲ្យលើកឧទាហរណ៍ចំនួន ៣ រឿង។

៦. នៅពេលយើងលើកឧទាហរណ៍រឿង គឺយើងលើកយកតែចំណុចសំខាន់ទាក់ទងនឹងប្រធាន តែសិស្សភាគច្រើនចូលចិត្តសង្ខេបរឿងដាក់ ដូច្នេះហើយពិន្ទុរបស់ពួកគេមិនសូវបានល្អទេ ។

៧. សិស្សត្រូវចេះមូលដ្ឋានសំណេរ ៖ ស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី ស្គាល់លក្ខណៈប្រធាបទតែងសេចក្តី ស្គាល់ទម្រង់នៃប្រធានតែងសេចក្តី ស្គាល់វិធីសាស្ត្រសរសេរសំណេរតែងសេចក្តី ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់