• 2022-11-28 08:37:12
  • ព័ត៌មាន

ប្រកាស​រៀប​ចំ​ពិព័រណ៍​សៀវ​ភៅ​លើក​ទី ៩ ខណៈ​កត់សម្គាល់ថា​ការ​អាន​កើន​ឡើងខ្លះ តែ​ភាគច្រើន​កើន​លើ​ប្រលោមលោក

  • 2022-11-28 08:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពិព័រណ៌​សៀវភៅ​កម្ពុជា ត្រៀម​នឹង​រៀប​ចំ​ជា​លើក​ទី៩​របស់​ខ្លួន​នៅ​ដើម​ខែ​ក្រោយ​នេះ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​លើ​បេសកកម្ម​របស់​ខ្លួន ៨​លើក​រួច​មក​ហើយ​ដោយ​បាន​ធ្វើ​ឃើញ​ភាព​ខុស​ប្លែក​គ្នា​ខ្លះ​នៅ​លើ​ទម្លាប់​នៃ​ការ​អាន។

សកម្មភាព​លើ​ទី៩​នេះ គ្រោង​នឹង​រៀប​ចំ​ឡើង​ក្រោម​ប្រធានបទ "មួយ​ថ្ងៃ​អាន មួយ​ថ្ងៃ​ដឹង"។ កម្មវិធី​នេះ មាន​គោល​បំណង​ផ្សព្វផ្សាយ​នូវ​វប្បធម៌​នៃ​ការ​អាន​សៀវភៅ​នៅ​ក្នុង​សង្គម​ខ្មែរ ជា​ពិសេស​យុវជន និង​យុវនារី​ខ្មែរ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី ដែល​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង។

បេសកកម្ម​៨​លើក​រួច​មកហើយ បូក​រួម​ទាំង​លើក​ទី ៩​នេះ​ទៀត តាម​លោក​ស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ​កម្ពុជា បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ពិព័រណ៌​សៀវភៅ មាន​គោលដៅ២​ធំ​ៗ គឺ​ទី១ លើក​កម្ពស់​ការ​អាន​នៅ​ក្នុង​សង្គម​កម្ពុជា និង​ទី២ បង្កើន​ការ​បោះពុម្ភ​ផ្សាយ​សៀវគ្រប់​ប្រភេទ ដែល​ឯកសារ​ដំបូង​ដែល​ឈាន​ទៅ​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន។

ការ​អាន​សៀវភៅ ឬ​ឯកសារ​គ្រប់​ប្រភេទ គឺជា​សកម្មភាព​នៃ​ការ​បណ្ដុះពុទ្ធិ បង្កើត​ការ​គិត​វិជ្ជមាន ​​ឈាន​ទៅ​រក​ការ​បង្កើត​ថ្មី និង​សម្រេច​គោលដៅ​តូច​ធំ​នានា។ ទន្ទឹម​នឹង​យុវជន​នៅ​បណ្ដា​ប្រទេស​រីកចំរើន មាន​ទម្លាប់​ដាក់​សៀវភៅ​ជាប់​ខ្លួន ទុក​សម្រាប់​អាន​ពេល​ទំនេរ​នោះ យុវជន​កម្ពុជា នៅ​មិន​ទាន់​មាន​ទម្លាប់​បែប​នេះ​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​កាន់​ទូរស័ព្ទ​ចុចលេង ឬ​តាមដាន​ព័ត៌មាន​លើ​បណ្ដាញសង្គម គឺ​ជា​ទម្លាប់​ទៅ​វិញ។

យ៉ាង​នេះ​ក្ដី ពិព័រណ៌​សៀវភៅ បាន​អះអាង​ពី​សញ្ញាវិជ្ជមាន​នៃ​បេសកកម្ម​របស់​ខ្លួន។ លោក​ស្រី ខ្លូត វិបុលឡា បាន​អះអាង​ថា ពិព័រណ៌​សៀវភៅ ដែល​បាន​ចាប់​ផ្ដើម​បេសកកម្ម​ដំបូង​របស់​ខ្លួន កាល​ពី​៨ឆ្នាំ​មុន មាន​ស្ដង់​សៀវភៅ ត្រឹម​តែ ១០ នោះ នៅ​ឆ្នាំ​ទី ៩ នេះ អាច​ទាក់​ទាញ​ម្ចាស់​ស្នាដៃ អ្នកបោះពុម្ភ​សៀវភៅ សរុប​ជិត ២០០ស្តង់​ឯណោះ។

មិនត្រឹម​ប៉ុណ្ណឹង នៅ​ក្មុង​សកម្មភាព​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៩ ពិព័រណ៌​សៀវភៅ បាន​ទាក់ទាញ​អ្នក​ចូល​រួម​សរុប​ដល់​ទៅ​ជាង ១៨ម៉ឺន​នាក់​ឯណោះ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​ទៀត។ ​មិន​ត្រឹម​ប៉ុណ្ណោះ គេ​ក៏​កត់​សម្គាល់​ភាព​ប្រសើរ​ឡើង​ខ្លះ នៃ​ការ​អាន​ដែរ ដោយ​ស្រង់​ចេញ​ពី​ការ​លក់​​ចេញ​សៀវភៅ​គ្រប់​ប្រភេទ ពិសេស​ប្រភេទ​ប្រលោម​លោក​ពី​កម្មវិធី​ពិព័រណ៌។ នេះ​បើ​តាម​ឯកឧត្តម គឹម ពិនន់ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

ឯកឧត្តម​បាន​ប្រសាសន៍​ថា ប្រភេទ​សៀវភៅ​ប្រលោម លក់​ដាច់​ច្រើន​ជាង​ប្រភេទ​សៀវភៅ​ប្រភេទ​ផ្សេង​ៗ ហើយ​បើ​ទោះ​មិន​មាន​អ្វី​មក​ធានាអះអាង​ថា សៀវភៅ​គ្រប់​ប្រភេទ​ ក្នុង​នោះ​មាន​ប្រលោម​លោក​ដែល​ត្រូវ​បាន​ទិញ​ទៅ ត្រូវ​បាន​គេ​អាន​ចប់​អស់​ ឬ​ក៏​ទិញ​ទៅ​ទុក​ចោល​នោះ ឯកឧត្តម បាន​គូសបញ្ជាក់​ពី​ការ​រីកចម្រើន​មួយ និង​ថា ប្រលោម​លោក ជា​កម្លាំង​ចលករ​មួយ​ដែល​នាំ​យុវជន​កម្ពុជា​ផ្ដើម​មា​ទម្លាប់​នៃ​ការ​អាន។

ជាមួយ​នឹង​ការ​កត់​សម្គាល់​នៃ​ការ​កើន​ឡើង​ការ​អាន​សៀវភៅ​ប្រលោម​លោក គេ​ឃើញ​មាន​ភាព​ខុស​គ្នា​ខ្លះ ពីទម្លាប់​នៃ​ការ​អាន​របស់​យុវជន​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ ដែល​ភាគច្រើន​ចូល​ចិត្ត​អាន​អំពី​ប្រវត្តិសាស្ត្រ ការ​រីកចម្រើន​របស់​សង្គម ឬ​ចំណេះ​ដឹង​ផ្សេង​ៗ ដែល​អាច​បណ្ដុះ​នៅ​គំនិត​ជឿនលឿន គំនិត​អភិវឌ្ឍ ជា​ជាង​ការ​អាន​ប្រលោម​លោក ជា​ប្រភេទ​សាច់​រឿង​ប្រឌិត ដែល​បានមក​វិញ​នូវ​អារម្មណ៍​រំជើបរំជួល រំភើប​ សោកសៅ​តាម​ប្រឌិតញាណ​របស់​អ្នក​និពន្ធ​នោះ ដែល​ហាក់​ឆ្ងាយ​ពី​ការ​អាន​ដើម្បីចំណេះ​ដឹង​សម្រាប់​កសាង​អភិវឌ្ឍ​សង្គម​មួយ​នោះ ប៉ុន្តែ​ទម្លាប់​នេះ នៅ​តែ​ទទួល​បាន​ការ​សាទរ។

ស្រដៀង​គ្នា​នឹង​ឯកឧត្តម គឹម ពិនន់ លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារវិទូរកម្ពុជា និង​ជា​នាយក​អង្គការ ស៊ីប៉ា(Sipar) មាន​ប្រសាសន៍ដោយ​លើក​ឡើង​ថា នោះ​នៅ​តែ​សញ្ញា​វិជ្ជមាន​នៃ​ទម្លាប់​អាន​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​បានថ្លែង​ថា ប្រលោម​លោក ជា​ប្រភេទ​ឯកសារ​បម្រើ​ឲ្យ​ចំណី​អារម្មណ៍ ដែល​ងាយ​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង ហើយ​នោះ​ជា​ការ​ចាប់​ផ្ដើម​ទម្លាប់​អាន។

ហើយ​បន្ទាប់​ពី​មាន​ទម្លាប់​នៃ​ការ​អាន​ហើយ យុវជន​នឹង​ឈាន​ទៅ​អាន​ប្រភេទ​ឯកសារ​ចំណេះដឹង​ផ្សេង​ៗ ដែល​មាន​ភាព​លំបាក​ជាង​មិន​ខាន។ ប៉ុន្តែ​ប្រសិន​បើ​ចាប់​ផ្ដើម​ជាមួយ ការ​អាន​ឯកសារ​ពិបាក​ៗ ស្មុគស្មាញ​ភ្លាម​ៗ​ពី​ដំបូង យុវជន​ងាយ​នឹង​បោះបង់​ការ​អាន​វិញ។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្ថែម​ថា មាន​ឧទាហរណ៍​ជា​ច្រើន​ថា ការអភិវឌ្ឍន៍​សង្គម ឬ​បច្ចេកវិទ្យា​ជា​ច្រើន គឺ​ផ្ដើម​ចេញ​ពី​ស្រមើស្រមៃ​បស់​អ្នក​និពន្ធ​ប្រលោម​លោកពី​ដំបូង។ ជាក់​ស្ដែង យន្តហោះ មាន​វត្តមាន​ក្នុង​ប្រលោម​លោក​មន្ត ទើប​បណ្ដាល​ចិត្ត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ សិក្សា និង​អភិវឌ្ឍតាម​ក្រោយ​ក៏​មាន រហូត​ដល់​ចេញ​ជាយន្តហោះ​មក​ដល់​បច្ចុប្បន្ន។ ដូច្នេះ​ឯកឧត្តម បាន​គូស​បញ្ជាក់​ថា ការ​អាន​ប្រលោម​លោក ក៏​ជា​ការ​រីកចម្រើន​នៃ​ការ​អាន​នៅ​ក្នុង​សង្គម​កម្ពុជា។

ពិព័រណ៌​សៀវភៅ នឹង​រៀប​ចំ​នៅ​ក្នុង​បរិវេណ​បណ្ណាល័យជាតិ​ចំនួន ៣ ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ០៩ ដល់ ១១ ធ្នូ ២០២២​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់