• 2017-07-28 02:15:01
  • ព័ត៌មាន

ធ្លាប់​ជា​ក្មេង​រៀប​បន្ទប់​ និង​ប្រមូល​លុយ​​រៀន​ភាសា​អង់គ្លេស ក្លាយ​ជា​ CEO នៅ​ក្រុម​ហ៊ុន​អចលនទ្រព្យ

  • 2017-07-28 02:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ចេញ​ពី​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​ធ្វើ​ការ​ធំ​តាំង​ពី​នៅ​ក្មេង ខណៈ​រស់​នៅ​ក្នុង​គ្រួសារ​កសិករ​ស្ទើរ​គ្មាន​លុយ​រៀន​ផង បាន​ប្រែក្លាយ​វាសនា​​របស់​ខ្លួន​ពី​ក្មេង​អ្នក​រៀប​ចំ​បន្ទប់ និង​ប្រមូល​លុយ​ពេល​រៀន​គួរ​ភាសា​អង់គ្លេស នោះ ក្លាយ​ទៅ​ជា​CEO និង​ជា​អ្នក​វិភាគ​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ល្បី​ល្បាញ​មួយ​រូប​នៅ​ក្នុង​សង្គម​សព្វថ្ងៃ។

មាន​មាឌ​ធំ​ដំបង និង សម្បុរ​ខ្មៅ​ស្រអែម លោក ច្រឹក សុខនីម បាន​ចំណាយ​ពេល​ធ្វើ​ការ​វិភាគ​លើ​វិស័យ​អចលនទ្រព្យ​អស់​រយៈពេល​ជិត ១០ឆ្នាំ ហើយ​បាន​ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន ​Century 21 Mekong ​ដែល​​ជា​ក្រុមហ៊ុន​ធ្វើ​ការងារ​ជំនាញ​ខាង​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា។ ដ្បិតតែ​បណ្ដាញ​សារព័ត៌មាន​បាន​អញ្ជើញ​ និង​ធ្វើ​បទ​សម្ភាសន៍​ញឹកញាប់​ជាមួយ​លោក​ទាក់ទង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្ដី ក៏​ប៉ុន្តែ មនុស្ស​តិច​​តួច​បាន​ដឹង​អំពី​ជីវប្រវត្តិ​របស់​លោក។ តើ​លោក​​ ច្រឹក សុខនីម គឺជា​នរណា?

ប្រវត្តិ​សង្ខេប​លោក​ ច្រឹក​ សុខនីម

លោក ​ច្រឹក​ សុខនីម បាន​កើត​នៅ​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ ១៩៧៩ នៅ​ខេត្ត​កំពង់​ចាម ដែល​មាន​បងប្អូន​ចំនួន ២នាក់ (ប្រុស​ទាំង​ពីរ) ដោយ​សុខនីម ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ។ សុខនីម មាន​ឪពុក​ឈ្មោះ ឃិន ស៊ុនឡេង បច្ចុប្បន្ន​វ័យ​ ៥៧ឆ្នាំ ជា​អ្នក​ស្រុក​ក្នុង​ខេត្ត​កំពង់ចាម និង​​មាន​មុខ​របរ​ជា​កសិករ​ ឯ​ម្ដាយ​ឈ្មោះ សុខ គីមនី អាយុ ៥៧ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម មាន​មុខរបរ​លក់​ដូរ​ចាប់​ហួយ​តិចតួច​នៅ​មុខ​ផ្ទះ។

លោក ច្រឹក​ សុខនីម បាន​រៀប​ការ​នៅ​ឆ្នាំ ២០០៧។ លោក​មាន​ដំណក់​ឈាម​កូន​ប្រុស​ម្នាក់​ជាមួយ​អ្នកស្រី ហ៊ាង ឆវី ដែល​បច្ចុប្បន្ន​កូន​ប្រុស​នេះ​មាន​ឈ្មោះ ច្រឹក​ ដេវីដ អាយុ​ ៨​ឆ្នាំ។

កាល​នៅ​ក្មេង និង មហិច្ឆតា

តាំង​ពី​នៅ​តូច កុមារ សុខនីម មាន​ចំណង់​ចំណូល​ចិត្ត​ស្រាវជ្រាវ និង ប្រឹក្សា​យោបល់​ឲ្យ​អ្នក​ដទៃ។ កុមារា​ រូប​នេះ ក៏​តែង​ចិញ្ចឹម​ចិត្ត​ចង់​ធ្វើ​ការងារ​ធំៗ ទៅ​ថ្ងៃ​អនាគត​ផងដែរ។ «កាល​នៅ​ក្មេង​ខ្ញុំ​ចង់​ធ្វើ​ការ​ធំៗ ល្អៗ ខ្ញុំ​ឃើញ​គេ​ទីនុយ​ស្អាត​ៗ ខ្ញុំ​មាន​អារម្មណ៍​ថា​ គេ​មាន​ចំណេះដឹង​រក​លុយ​បាន។​ ខ្ញុំ​ឃើញ​គេ​អីចឹង! ខ្ញុំ​គោរព​គេ​​ ក្រោយ​មក​ខ្ញុំ​ជួប​អ្នក​ចេះ​ដឹង​ គេ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​រៀន​សូត្រ​ បើ​ចង់​បាន​អនាគត​ដូច​គេ​នោះ »។ លោក សុខនីម និយាយ។

លោក​ ច្រឹក សុខនីម ទទួល​បាន​ការ​សិក្សា​នៅ៖

  • ឆ្នាំ ១៩៨៥-១៩៩០ រៀន​នៅ​សាលា​បឋមសិក្សា​ព្រៃ​ទទឹង

  • ឆ្នាំ ១៩៩០-១៩៩៥ រៀន​នៅ​អនុវិទ្យាល័យ​ព្រៃ​ទទឹង

  • ឆ្នាំ ១៩៩៥-១៩៩៨ រៀន​នៅ​វិទ្យាល័យ​នរោត្តម និង​បញ្ចប់​ថ្នាក់​បាក់​ឌុប​ក្នុង​ឆ្នាំ ១៩៩៨។

  • ឆ្នាំ ១៩៩៩-២០០១ រៀន​នៅ​សាលា​បច្ចេកវិទ្យា​វិជ្ជាជីវៈ​ព្រះកុសុមៈ ដែល​បច្ចុប្បន្ន​ប្ដូរ​មក​ជា វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ព្រះកុសុមៈ។ លោក​បាន​ចាប់​ជំនាញ​លើ​វិស័យ​សំណង់​រៀន​ចន្លោះ​ពី​ម៉ោង ​៧​ព្រឹក​ ដល់​ម៉ោង ៥ល្ងាច។

  • ឆ្នាំ៖ ១៩៩៩-២០០៣ រៀន​នៅ​សាកល​វិទ្យាល័យ​ន័រតុន ឯកទេស ធនាគារ​ និង ហិរញ្ញវត្ថុ។

  • ឆ្នាំ ២០០០-២០០២ ទទួល​បាន​អាហារូបករណ៍​ភាសា​អង់គ្លេស​នៅ CUS រៀន​ថ្ងៃ​សៅរ៍ និង អាទិត្យ។

  • ឆ្នាំ ២០១០ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម នៅ​សាកល​វិទ្យាល័យ ន័រតុន។

ពេល​វេលា​ដ៏​ស្មុគស្មាញ​ ក្រោយ​ប្រលង​ជាប់​បាក់ឌុប អំឡុង​ឆ្នាំ ១៩៩៨

វ័យ ១៩ឆ្នាំ យុវជន ច្រឹក សុខនីម បាន​រៀន​ចប់​ថ្នាក់​បាក់ឌុប​ នៅ​អំឡុង​ឆ្នាំ ១៩៩៨។ ក្រោយ​ពី​ជាប់​បាក់ឌុប​ភ្លាម​យុវជន​រូប​នេះ ពុំ​មាន​លុយ​រៀន​បន្ត​មហាវិទ្យាល័យ​ទេ ដូច្នេះ គេ​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ចាម មក​ស្នាក់​នៅ​វត្ត នាគវ័ន្ត​ កុដិ​លេខ ២៦ ជាទី​សំចត ដើម្បី​ដាក់​ពាក្យ​ប្រលង​តាម​មហាវិទ្យាល័យ​ផ្សេងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ យ៉ាង​តិច ៧​ មហាវិទ្យាល័យ លោក​បាន​ដាក់​ពាក្យ​ប្រលង​សុំ​អាហារូបករណ៍ ប៉ុន្តែ ជា​លទ្ធផល​ធ្លាក់​ទាំង​អស់​។ ម៉្លោះហើយ​យុវជន​រូប​នេះ​អស់សង្ឃឹម​មិន​រង់ចាំ​លទ្ធផល​ការ​ដាក់​ពាក្យ​ប្រលង​ ២កន្លែង​ទៀត​ទេ ដោយ​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។ មួយ​រយៈ​ក្រោយ​មក​ទើប​មាន​មិត្តភ័ក្ដិ​បាន​ឃើញ​ឈ្មោះ​ជាប់​នៅ សាលា​បច្ចេកវិទ្យា​វិជ្ជាជីវៈ​ព្រះកុសុមៈ និង​ជាប់​អាហារូបករណ៍​ភាសា​អង់គ្លេស​ ហើយ​បាន​ផ្ដល់​ដំណឹង​ឲ្យ​លោក ក៏​​ត្រលប់​មក​ភ្នំពេញ​វិញ។

បន្ទាប់​ពី​ត្រឡប់​ទៅ​ស្រុក​កំណើត​បាន​ ៦-៧ ខែ អំឡុង​ពេល​អស់​សង្ឃឹម​ថា​នឹង​បាន​រៀន​បន្ត​មហាវិទ្យាល័យ​នោះ ក៏​បាន​ត្រឡប់​មក​វិញ​ ក្រោយ​ពី​ទទួល​ដំណឹង​ប្រលង​ជាប់​សាលា​ពីរ។ មិន​យូរ​ប៉ុន្មាន​ យុវជន ច្រឹក​ សុខនីម បាន​រក​ឃើញ​ឪពុក​ធំ (អុំ​ប្រុស​រស់​នៅ​អាមេរិក) ហើយ​គាត់​មាន​បំណង​ចង់​ជួយ​ ដូច្នេះ​ ឪពុក​ធំ បាន​ជួយ​ឲ្យ​រៀន​មហាវិទ្យាល័យ​មួយ​ទៀត​នៅ​សាកលវិទ្យាល័យ​ន័រតុន ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​ចំណង់​ចំណូល​ចិត្ត​តាំង​ពី​នៅ​តូច​មក​ម្ល៉េះ។ ក្នុង​ពេល​តែ​មួយ យុវជន សុខនីម រៀន​ពីរ បី​កន្លែង ប៉ុន្តែ​ឆ្លាស់​ម៉ោង​គ្នា។

រៀន​ច្រើន​បែប​នេះ ធ្វើ​ឲ្យ​ការ​សិក្សា​ធ្លាក់​ចុះ​ដែរ​ទេ? មិន​ធ្លាក់​ចុះ​ទេ ផ្ទុយ​ទៅ​វិញ​នៅ​ឯ​សាកល​វិទ្យាល័យ​លោក​ច្រឹក​ សុខនីម បាន​ជាប់​លេខ ២ លេខ ៣ ស្ទើរ​រៀងរាល់​ឆមាស ហើយ​បាន​បញ្ជូន​លិខិត​សរសើរ​ផ្សេង​ៗ ឲ្យ​ឪពុក​ធំ​ផង​ដែរ។ «កាល​នៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​ខ្ញុំ​មិន​សូវ​បាន​លេខ​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មិន​អន់ តែ​នៅ​មហាវិទ្យាល័យ​ខ្ញុំ​បាន​ពិន្ទុ​ល្អ ព្រោះ​ខ្ញុំ​ខំ​ប្រឹង​រៀន​នូវ​ជំនាញ​ដែល​ខ្ញុំ​ស្រលាញ់​។ មួយ​ទៀត​ភាសា​អង់គ្លេស​របស់​ខ្ញុំ​អំណោយ​ផល​តាំង​ពី​នៅ​វិទ្យាល័យ​ ពេល​ខ្ញុំ​រៀប​បន្ទប់ និង​ប្រមូល​លុយ​រៀន​គួរ​នោះ។»

ជីវិត​រស់​នៅ​ក្នុង​វត្ត​

នៅ​អំឡុង​ពេល​សិក្សា​ លោក​បាន​ស្នាក់​នៅ​វត្ត នាគវ័ន្ត ជិត ១០ឆ្នំា ហើយ​មាន​កង់​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​សិក្សា។ «ខ្ញុំ​ពេល​មក​នៅ​វត្ត​ធូរ​ចំណាយ​ច្រើន គ្រាន់​តែ​មិន​ដឹង​បាយ​ទឹក​ច្បាស់​លាស់។ ការ​រស់​នៅ​ក្នុង​វត្ត​ប្រឈម​ខ្លះ​ដែរ ព្រោះ​មាន​អ្នក​ខ្លះ​កោត​សរសើរ មាន​ខ្លះ​មិន​កោត​សរសើរ​​ ពេប​ជ្រាយ​យើង​ខ្លះ តែ​ខ្ញុំ​មិន​ខ្វល់​ទេ រឿង​ហ្នឹង។ ម្ដង​ម្កាល​ខ្ញុំ​អស់​សង្ឃឹម ប៉ុន្តែ ខ្ញុំ​តែងតែ​រក​អ្នក​ប្រឹក្សា​យោបល់​ផងដែរ»។

ការងារ​ស្ម័គ្រចិត្ត និង ការ​ស្វែង​រក​បទ​ពិសោធន៍

នៅ​អំឡុង​ពេល​សិក្សា​ យុវជន ច្រឹក​ សុខនីម បាន​ឆ្លៀត​ទៅ​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​ អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ក្រោយ​មក​ទៀត​បាន​ជាប់​ជា​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ កាល់តិច ហើយ​បាន​ប្រាក់​ខែ​លើក​ដំបូង​បំផុត​នៅ​ក្នុង​ជីវិត អំឡុង​វ័យ ២១-២២ ឆ្នាំ។ «ប្រាក់​ខែ​ដំបូង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ បាន​ប្រាក់​ខែ ២៥០ដុល្លារ ជំនាន់​ហ្នឹង​! ច្រើន​ដែរ គ្រាន់​តែ​បាន​ប្រាក់​ខែ​ភ្លាម ខ្ញុំ​ទាញ​ប្អូន​មក​រស់​នៅ​ភ្នំពេញ​ជាមួយ ហើយ​ជួយ​ផ្គត់ផ្គង់​ឲ្យ​រៀន​សូត្រ​ដល់​ចប់​ និង​បាន​ការងារ​មក​ដល់​សព្វថ្ងៃ។ ប្រាក់​ខែ​ដំបូង​ខ្ញុំ​ក៏​បាន​ទិញ​របស់​ល្អៗ​ឲ្យ​អ្នក​ម្ដាយ​នៅ​ឯ​ស្រែ ជាពិសេស​ខ្ញុំ​ចូល​ចិត្ត​ទិញ​គ្រឿង​សមុទ្រ​ផ្ញើ​ទៅ​គាត់»។

តាម​ពិត​ទៅ​មុន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នេះ យុវជន ច្រឹក​ សុខនីម បាន​ឆ្លៀត​រក​ប្រាក់​ចំណូល​បាន​ខ្លះៗ​រួច​ទៅ​ហើយ​ដែល​ធ្វើ​ជា​គ្រូ​ភាសា​អង់គ្លេស ព្រោះ​លោក​គឺជា​សិស្ស​ពូកែ​ភាសា​អង់គ្លេស​ស្រាប់។ អំឡុង​ការ​សិក្សា​ យុវជន​រូប​នេះ​មិន​មាន​ប្រាក់​ផ្គត់ផ្គង់​គ្រប់គ្រាន់​ពី​ម្ដាយ ឪពុក​ ផ្ញើ​ពី​ស្រុក​កំណើត​ ដូច​កូន​មួយ​ចំនួន​ឡើយ ដោយ​យ៉ាង​ច្រើន​បាន​ត្រឹម ២០ដុល្លារ​ក្នុង​១ខែ។ ដូច្នេះ ចង់​មិន​ចង់​ យុវជន​ ច្រឹក​ សុខនីម បាន​ឆ្លៀត​បង្រៀន​គួរ​ភាសា​អង់គ្លេស ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត និង​បាន​ការងារ​ដំបូង​នៅ​ក្រុម​ហ៊ុន​កាល់​តិច បន្ទាប់​មក​បាន​ធ្វើ​ការ​នៅ​ធនាគារ​ អេអិនហ្សិតរ៉ូយ៉ាល់ ។

នៅ​ឆ្នាំ​២០០៨-២០១៤ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ Vtrust property ជា​បុគ្គលិក​លក់​គម្រោង​ ដី​ឡូត៍​ ដោយ​សារ​ការងារ​ល្អ ២ឆ្នំា​ក្រោយ​មក​បាន​តួនាទី ជា​អនុប្រធាន​នៅ Vtrust Property។

នៅ​ឆ្នាំ ២០១៥ លោក​បាន​សម្រេច​លាឈប់​ពី​តំណែង​អនុប្រធាន​ខាងលើ​ បាន​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​Century 21 Mekong មក​ដល់​ពេល​បច្ចុប្បន្ន។ ក្រុម​ហ៊ុន​នេះ​បើក​ដំបូង​ដោយ​មាន​តែ​មនុស្ស​ ៣នាក់ (៣ នាក់​ចូល​ហ៊ុន​គ្នា) ដោយ​បាន​ទិញ Frainchise ពី​បរទេស រហូត​មក​ដល់​ពេល​នេះ មាន​បុគ្គលិក​សរុប​ជិត ៥០នាក់​ហើយ។

បើ​ទោះ​បី​ជា​ជីវិត​រីក​ធំធាត់​ឥត​ឈប់ឈរ​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រហូត​បាន​ក្លាយ​ជា​​ CEO នៅ​ក្រុម​ហ៊ុន​អចលនទ្រព្យ ដែល​មាន​ដើមទុន​​រាប់​ម៉ឺន​ដុល្លារ​ក៏​ដោយ ក៏​លោក​ច្រឹក​ សុខនីម ប្រកាស​ថា នេះ​ទើប​សម្រេច​បាន​ ៣០% ប៉ុណ្ណោះ នៃ​ក្ដី​ស្រមៃ​របស់​ខ្លួន។ «សមិទ្ធផល​ពេល​នេះ​ ខ្ញុំ​សម្រេច​បាន​ត្រឹម ៣០%​ នៃ​គោល​បំណង​ព្រោះ​ត្រឹម​ជា​ភ្នាក់ងារ​អចលនទ្រព្យ ខណៈ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ នៅ​ពេល​ខាង​មុខ​ ខ្ញុំ​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​ទិញ​លក់​ អចលនទ្រព្យ​ធំ​មួយ​ នៅ​ប្រទេស​កម្ពុជា ខណៈ​យើង​មាន​ភាព​ចាស់​ទុំ​លើ​វិស័យ​នេះ​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​បាន​សាក​ល្បង​រកស៊ី​តិចៗ ឃើញ​ថា ជោគជ័យ»។

លោក ​ច្រឹក​ សុខនីម ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កត្តា​ដែល​នាំ​ឲ្យ​ជោគជ័យ​មក​ដល់​សព្វថ្ងៃ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះទេ អ្វី​ៗ​កើត​ឡើង​ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ ដោយ​ចាប់​ផ្ដើម​ប្រឹងប្រែង​រៀន​សូត្រ ធ្វើ​ការងារ​ច្រើន​ ពី​អ្នក​ស្ម័គ្រ​ចិត្ត មក​ជា​បុគ្គលិក និង​ឈាន​មក​ជា​អ្នក​គ្រប់គ្រង​សព្វថ្ងៃ។ «កត្តា​ជំរុញ​ឲ្យ​ខ្ញុំ​ជោគជ័យ​ គឺ​មក​ពី​ខ្ញុំ​ដើរ​ធ្វើ​ការ​ច្រើន​ ហើយ​ខ្ញុំ​រៀន​បន្ថែម​រហូត​ ជាពិសេស​ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​បែប​គ្រប់គ្រង ជំនួញ និង សៀវភៅ​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ។»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់