• 2018-01-23 04:41:26
  • សេដ្ឋកិច្ច

បើមានប្រាក់ខែ៥០០ដុល្លារ ចាយតាមក្បាច់ទាំង៦នេះ ធានាថាសល់កប់ក្ដោង

  • 2018-01-23 04:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់​ខែ​ ៥០០​ដុល្លារ ក្នុង​ប្រទេស​កម្ពុជា​អាច​និយាយ​ថា ល្មម​សមរម្យ​ជាមួយ​ការ​ចំណាយ ហើយ​ក៏​អាច​បែង​ចែក​បាន​ច្រើន​ល្មម​គួរ​សម​ដែរ។ ថ្ងៃ​នេះ Sabay សូម​ប្រាប់​ពី​គន្លឹះ​ចាយ​លុយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​មាន​ប្រាក់​ខែ ៥០០​ដុល្លារ។

១. បង្កើត​កុង​ធនាគារ​យ៉ាង​តិច​ឲ្យ​បាន​ពីរ

ប្រាក់​ខែ ៥០០​ដុល្លារ​អាច​និយាយ​បាន​ថា គួរ​សម​ល្មម​អាច​ដក​សន្សំ​បាន​ខ្លះ ហើយ​មិន​គួរ​ទុក​ក្នុង​កុង​ធនាគារ​តែ​មួយ​នោះ​ទេ។ ត្រូវ​ដឹង​ថា កាល​ណា​លុយ​ប្រាក់​ខែ​ទុក​ក្នុង​កុង​តែ​មួយ​ មិន​យូរ​នឹង​ឆាប់​ប្រាកដ​ជា​ដក​ខ្សុយ​ៗ គ្មាន​គិត​ច្រើន​នោះ​ទេ។ គន្លឹះ​ដ៏​ល្អ​បំផុត​ប្រសិន​បើ​ចង់​សល់​លុយ ត្រូវ​ដក​លុយ​ពាក់​កណ្ដាលឬ​ស្មើ ២៥០​ដុល្លារ​ទៅ​ដាក់​សន្សំ​ក្នុង​កុង​ថ្មី​មួយ​ទៀត ហើយ​ហាម​ប៉ះពាល់​ដាច់​ខាត។ ចំណែក​ពាក់​កណ្ដាល​ទៀត​ទុក​ក្នុង​កុង​ចាស់ សម្រាប់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ និង​ទុក​សន្សំ​ខ្លះ​ដែរ។

បើ​ធ្វើ​បែប​នេះ​បាន ទោះ​ចាយ​លុយ​អស់​ក្នុង​កុង​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ តែ​យ៉ាង​ហោច​ណាស់​ក៏​មាន​កុង​មួយ​ទៀត​ដែរ មិន​មែន​ដូច​រាល់​ដង​តែ​អស់​ពី​កុង​ហើយ គឺ​អស់​ហ្មត់​គ្មាន​សល់។

២. កុំ​ទម្លាប់​ដក​លុយ​ច្រើនៗ​ដាក់​ក្នុង​កាបូប

កុំ​រៀន​ទម្លាប់​ដាក់​លុយ​ទាំង​រយ​ដុល្លារ​ក្នុង​កាបូប កុំ​ទម្លាប់​ធ្វើ​ខ្លួន​ហ៊ឺហា​ដូច​អ្នក​មាន។ ទម្លាប់​ដ៏​ប្រសើរ​បំផុត​គួរ​សាគួរ​៥០​ដុល្លារ​បាន​ហើយ​ក្នុង​កាបូប។ ទម្លាប់​ដ៏​អាក្រក់​មួយ​របស់​មនុស្ស កាល​ណា​មាន​លុយ​ច្រើន​ក្នុង​ដៃ​ដក​ចាយ​ផុយៗ​តែ​ម្ដង និង​តែង​យក​លេស​មួយ​ថា «លុយ​ពិបាក​រក​សឹង​អី​ ចាយ​ឲ្យ​សប្បាយ​ចិត្ត​ខ្លះ​ វា​គ្មាន​អី​ទាស់​ខុស​ទេ»។ វិធីសាស្ត្រ​ដ៏​ល្អ​នោះ គឺ​សារ៉េសារ៉ង​យ៉ាង​ម៉េច​ចាយ​លុយ​ ៥០​ដុល្លារ​នោះ យ៉ាង​តិច​ណាស់​ក៏​បាន​១០​ថ្ងៃ​ដែរ។

ដូច្នេះ​សរុប​មួយ​ខែ​អាច​ចាយ​អស់​ត្រឹម ១៥០​ដុល្លារ បូក​ជាមួយ​ថ្លៃ​ផ្ទះ​ថា​អស់ ៥០​ដុល្លារ​ទៀត ថា​អស់​២០០​ដុល្លារ​ជាង​ចុះ។ ដូចនេះ​បើ​ប្រាក់​ខែ ៥០០​ដុល្លារ យ៉ាង​ហោច​ណាស់​ក៏​សល់ ៣០០​ដុល្លារ​ដែរ។

៣. រៀន​ប្រកែក​ខ្លះៗ​ទៅ​រឿង​ផឹកស៊ី​ជុំ​មិត្តភក្ដិ

ជឿ​អត់​? បើ​ទោះ​ជា​ប្រាក់​ខែ​ខ្ទង់ពាន់​ដុល្លារ​ក៏​ដោយ កុំ​ថា​ឡើយ​ត្រឹម ៥០០​ដុល្លារ បើ​ឧស្សាហ៍​ជួប​ជុំ​លិច​ កើត​ ជើង ត្បូង​រាល់​ថ្ងៃ​កុំ​សង្ឃឹម​សល់​លុយ​ឲ្យ​សោះ មាន​តែ​ខ្ចី​គេ​ថែម​ផង។ ដូច​ពាក្យ​ចាស់​តែង​ពោល​ថា «ថោក​អី​ហ្នឹង​ដៃ ថ្លៃ​អី​ហ្នឹង​មាត់» រៀន​ប្រកែក​ រៀន​ដោះសា​ខ្លះ​ទៅ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​ទៅ​អូស​យើង​ដល់​ផ្ទះ​ដែរ។ ​

៤. កុំ​ទម្លាប់​ទិញ​​សម្ភារៈ​និយម​ដោយ​បង់​រំលស់

រឿង​ចង់​បាន​របស់​ទំនើប​ប្រើ ដូចជា​ម៉ូតូ ទូរសព្ទ​ដៃ ទាំង​មិន​ទាន់​មាន​លុយ​គ្រប់​ហើយ​ទៅ​បង់​រំលស់​ក៏​ជា​ការ​បង្កើត​បំណុល​ឲ្យ​ខ្លួន​ឯង​ដែរ។ ការ​បង្កើត​បំណុល នឹង​បន្ថែម​ដល់​ការ​ចំណាយ​ប្រចាំ​ខែ​របស់​ខ្លួន​​ក្នុង​ចំណោម​ការ​ចំណាយ​ជា​ច្រើន​ដូចជា ថ្លៃ​ទឹក​ភ្លើង ថ្លៃ​ផ្ទះ ថ្លៃ​ហូប​ចុក ចាក់​សាំង។ ដូច្នេះ​ទូទាត់​ទៅ​មួយ​ខែ​ៗ​អស់​លុយ​រលីង។ជម្រើស​ល្អ​បំផុត​ គួរ​ចែក​លុយ​មួយ​កញ្ចប់​តូច​ដាក់​កូន​ជ្រូក​សម្រាប់​សន្សំ​ទិញ​របស់ ដោយ​មិន​ចាំ​បាច់​ធ្វើ​កូន​បំណុល​គេ ហើយ​ថែម​ទាំង​សប្បាយ​ចិត្ត​ទៀត។

៥. គៀងគរ​លុយ​កាក់​ក្រៅ​ផ្លូវការ​ចូល​កូន​ជ្រូក

មក​ដល់​ចំណុច​នេះ គឺ​អាច​ត្រូវ​រឿង​មនុស្ស​ភាគច្រើន ឲ្យ​តែ​ពេល​បាន​លុយ​ធីប ឫ​លុយ​ក្រៅ​ផ្លូវ​ការ​ផ្សេងៗ​ច្រើន​យក​ទៅ​ចាយ​ព្រូសៗ គ្មាន​ទុក​ទេ ព្រោះ​គិត​ថា​មិន​មែន​លុយ​ប្រាក់​ខែ។ ប៉ុន្តែ​បើ​គំនិត​អ្នក​មាន​វិញ ឲ្យ​តែ​លុយ​មិន​ថា មក​ពី​ប្រភព​ណា​គេ​អាច​សន្សំ​បាន​ទាំង​អស់​ហ្នឹង។ គួរ​រៀន​ទុក​ដាក់​លុយ​កាក់​ឲ្យ​បាន​ត្រឹមត្រូវ មិន​ថា​លុយ​នោះ​បាន​មក​ពី​ណា​ក៏​ដោយ កុំ​ទម្លាប់​ចាយ​បង្ហូរ​ដូច​ទឹក។

៦. ដាក់​គោលដៅ​ម្ដង​មួយ​ជំហ៊ានៗ

កាល​ណា​មាន​ប្រាក់​ខែ​ច្រើន​ហើយ គួរ​ចាប់​ផ្ដើម​ដាក់​គោល​ដៅ បើ​គិត​តែ​សន្សំៗ​គ្មាន​ប្រើការ​អី​ក៏​មិន​សូវ​ទទួល​បាន​ផល​ដែរ។ ប្រាក់​សន្សំ​ជំហ៊ាន​ដំបូង​តើ​គិត​យក​ទៅ​ធ្វើ​អី ចង់​បាន​ម៉ូតូ​ទំនើប? កូន​ឡាន​មួយ? ហើយ​ជំហ៊ាន​បន្ទាប់​ទៀត​ចង់​បាន​អី ចង់​ទៅ​ចូលហ៊ុន​រកស៊ី? ចង់​ទិញ​ដី​បង់​រំលស់? សំណួរ​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​សួរ​ខ្លួន​ឯង​ទាំង​អស់ បើ​សិន​ចង់​ក្លាយ​ជា​អ្នក​ចាយ​លុយ​ដ៏​ពូកែ​ម្នាក់៕ ​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់