- 2018-03-13 06:42:14
- ព័ត៌មាន
ចង់ជោគជ័យ គួររៀន ៥ ចំណុចនេះ ពីមនុស្សជោគជ័យ
- 2018-03-13 06:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជោគជ័យ គួររៀន ៥ ចំណុចនេះ ពីមនុស្សជោគជ័យ
ចន្លោះមិនឃើញ
ភាពជោគជ័យក្នុងជីវិតគឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន។ ម្នាក់ៗតែងមានក្ដីស្រមៃរៀងៗខ្លួន អ្នកខ្លះ ចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យ កវីនិពន្ធដ៏ល្បីល្បាញ ឬគ្រូពេទ្យក៏ខ្លាំងពូកែជាដើម។ ប៉ុន្តែនៅក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនោះ ចៀសមិនផុតអ្នកប្រាកដជាត្រូវជួបឧបសគ្គច្រើនរាប់មិនអស់ដែលរារាំងក្ដីបំណងរបស់អ្នក។
យ៉ាងណាមិញ ប្រសិនអ្នកកំពុងបាក់ទឹកចិត្ត សូមអាចមេរៀនជីវិត៥ចំនុច ពីមនុស្សជោគជ័យខាងក្រោម នោះអ្នកប្រាកដជាមានកម្លាំងក្រោកឈរជាថ្មីជាក់ជាមិនខាន៖
១. អ្នកគ្មានថ្ងៃត្រៀមខ្លួនរួចរាល់គ្រប់គ្រាន់ឡើយ
“ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់នឹងធ្វើរឿងនេះទេ” គឺជាប្រយោគដែលអ្នកប្រើដើម្បីបិតឧកាសរីកចម្រើនសម្រាប់ខ្លួនឯង។ អ្នកមិនអាចចាំរហូតដល់ខ្លួនចេះគ្រប់សព្វ ដើម្បីធ្វើរឿងអ្វីមួយឡើយ។ អ្នកគួរលើកទឹកចិត្ត និងប្រាប់ខ្លួនឯងថា “ខ្ញុំចង់ធ្វើវា ដូច្នេះខ្ញុំនឹងព្យាយាមរៀនសូត្រពីវា ព្រមទាំងប្ដេជ្ញាថាត្រូវធ្វើវាឲ្យបានសម្រេច” ។ សូមកុំឲ្យភាពកំសាក ការមើលស្រាល់ខ្លួនឯង មករារាំងក្ដីស្រមៃ និងភាពជោគជ័យរបស់អ្នកឲ្យសោះ។
២. ឧបសគ្គ និងបញ្ហាគឺតែងតែមានជានិច្ច
គ្មានជោគជ័យឯណាបានមកដោយស្រួល ឬគ្មានឧបសគ្គឡើយ។ ដូច្នេះអ្នកមិនត្រូវស្អប់ឧបសគ្គនោះជាដាច់ខាត ព្រោះពួកវានេះហើយដែលធ្វើឲ្យអ្នកក្លាយជាមនុស្សឆ្លាតទៅៗ ព្រមទាំងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ រាលពេលអ្នកជួបបញ្ហា សូមកុំធុញថប់ មួម៉ៅ ឬបាក់ស្បាតឲ្យសោះ។ អ្នកត្រូវចាត់ទុកវាជាឧកាសថ្មី ដោយព្យាយាមរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីយកឈ្នះលើពួកវាឲ្យបាន។
៣. មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែយល់ស្របជាមួយគំនិតរបស់អ្នកឡើយ
នៅពេលអ្នកជាមនុស្សថ្មី គ្មានបទពិសោធន៍ មនុស្សជាច្រើនប្រាកដជាមិនមានជំនឿថា អ្នកអាចធ្វើវាបានសម្រេចឡើយ។ ពួកគេធ្វើការសន្និដ្ឋានសមត្ថភាព ទស្សន៍ទាយទុកជាមុនអំពីជោគវាសនា ព្រមទាំងទន្ទឹងរង់ចាំភាពបរាជ័យរបស់អ្នកយ៉ាងរីករាយ។ ដូច្នេះអ្នកត្រូវចាត់ទុកសម្ដីទាំងនោះជាភ្លើង រួចដុតសតិអារម្មណ៍របស់ខ្លួនឲ្យរឹតតែក្ដៅ រឹតតែពុះកញ្ជ្រោល រឹតតែចង់បានភាពជោគជ័យ ដើម្បីឲ្យមនុស្សទាំងនោះភ្លឺភ្នែក និងឈប់មើលស្រាលសមត្ថភាពមនុស្សតទៅទៀត។
៤. បរាជ័យមិនមែនជារឿងគួរឲ្យខ្លាចនោះទេ
មុននឹងទទួលតំណែងជាប្រធានាធិបតីលោក Abraham Lincoln ត្រូវឆ្លងកាត់បរាជ័យដល់ទៅ១២ដង។ ប្រសិនគាត់មិនក្រោកឈរជាថ្មីបន្ទាប់ពីបរាជ័យលើកទី១នោះទេ គាត់ក៏មិនអាចឈានដល់ចំនុចនោះដែរ។ ដូច្នេះអ្នកត្រូវចាំថា បរាជ័យទាំងប៉ុន្មានគ្រាន់តែត្រូវបានគេរៀបចំឡើងដើម្បីតេស្ដសមត្ថភាព និងការអត់ធ្មត់របស់អ្នកប៉ុណ្ណោះ។ ទោះបីជាមនុស្សនោះឆ្លាត ឬពូកែខ្លាំងប៉ុណ្ណា ក៏នៅតែមានថ្ងៃដែលភ្លាត់ ភ្លេច ឬបរាជ័យខ្លះដែរ។ រឿងដែលសំខាន់គឺ អ្នកត្រូវចាត់ទុកវាជាមេរៀន ដើម្បីឲ្យអ្នកកែប្រែកំហុស និងបណ្ដុះភាពរីកចម្រើនបន្តទៅមុខទៀត។
៥. កុំឲ្យភាពភ័យខ្លាចគ្រប់គ្រងអ្នកបានឲ្យសោះ
ភាពក្លាហាន មោះមុត គឺដូចជាសាច់ដុំ។ អ្នកកាន់តែហ្វឹកហាត់ វាកាន់តែរឹងមាំ។ សូមកុំបណ្ដោយឲ្យភាពភ័យខ្លាចដែលធម្មជាតិផ្ដល់ឲ្យទាំងនោះ មកគ្រប់គ្រងជីវិតអ្នកបានឲ្យសោះ។ ពង្រឹងឆន្ទៈរបស់អ្នកក្នុងការសម្រេចក្ដីស្រមៃឲ្យកាន់តែខ្លាំង! អ្នកប្រហែលជាមិនដឹងថាសក្ដានុពលភាពរបស់ខ្លួនឯងខ្លាំងដល់កម្រិតណាទេ ប្រសិនអ្នកមិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការបង្ហាញវាឲ្យពិភពលោកទាំងមូលដឹង។
ចុចអាន៖