• 2018-05-09 09:47:03
  • ព័ត៌មាន

ដឹងមូលហេតុមនុស្ស ២នាក់ស្លាប់ អំឡុងពេលបោះឆ្នោតនៅ ម៉ាឡេស៊ី

  • 2018-05-09 09:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចំណាស់ ម្នាក់ និង​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់ ខណៈ​កំពុង​តម្រង់​ជួរ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ម៉ាឡេស៊ី ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ពុធ ទី ៩​នេះ។

នៅ​ក្នុង​ហេតុ​ការណ៍​ពីរ​ផ្សេង​គ្នា បុរស​វ័យ ៧៨​ឆ្នាំម្នាក់​ឈ្មោះ Lor Voon Chor បាន​ដួល​សន្លប់ រួច​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ មុន​កើត​ហេតុ លោក​តា Lor បាន​មក​ឈរ​តម្រង់​ជួរ​ចាំ​បោះ​ឆ្នោត​នៅ​មណ្ឌល Taman Petaling ទីក្រុង Petaling Jaya រួច​ក៏​បាន​ដួល​សន្លប់​នៅ​វេលា​ម៉ោង ៩:៣០នាទី​ព្រឹក​តែ​ម្ដង។ យោង​តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា "លោក​តា Lor មាន​ជំងឺ​បេះដូង និង​សួត​ហើយ​ថែម​ទាំង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀត។"

ចំណែក​ឯ​មួយ​ករណី​ទៀត ស្ត្រី​វ័យ ៥៤​ឆ្នាំ​ម្នាក់​ឈ្មោះ Rokiah Sulong ក៏​បាន​ដួល​សន្លប់​ផង​ដែរ​ខណៈ​កំពុង​ឈរ​តម្រង់​ជួរ​ចាំ​បោះ​ឆ្នោត​នៅ​មណ្ឌល Pulau Serai ទីក្រុង Dungun។ មុន​ពេល​កើត​ហេតុ ស្ត្រី​ខាង​លើ​បាន​មក​ដល់​មណ្ឌល​នៅ​វេលា​ម៉ោង ៨:២០​នាទី​ព្រឹក។ លុះ​មក​ដល់​វេលា​ម៉ោង ៩:០៥ នាទី​ ស្ត្រី​រងគ្រោះ ក៏​ដួល​សន្លប់​ហើយ​ក្រោយ​មក​ស្លាប់​តែ​ម្ដង។ យោង​តាម​កូន​ស្រី​របស់​ស្ត្រី​រង​គ្រោះ ឲ្យ​ដឹង​ថា "ម្ដាយ​របស់​ខ្លួន​មាន​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។”

គួរ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី៩ ខែ​ឧសភា ២០១៨​នេះ ប្រជាជន​ម៉ាឡេស៊ី ជាង ១៤​លាន​នាក់​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មី ចាប់​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច នៅ​តាម​មណ្ឌល​បោះឆ្នោត​ចំនួន ៨២៥៣​កន្លែង៕

ចុចអាន ៖

ប្រភព៖ Straitstimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់