- 2018-08-18 02:32:22
- ព័ត៌មាន
ឥណ្ឌា ជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងពេល១០០ឆ្នាំ សម្លាប់មនុស្សរាប់រយនាក់
- 2018-08-18 02:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងពេល១០០ឆ្នាំ សម្លាប់មនុស្សរាប់រយនាក់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្សចំនួន ៣២៤នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ នៅភាគខាងត្បូងនៃរដ្ឋ Kerala ប្រទេសឥណ្ឌា ខណៈពេលដែលមន្ត្រីមូលដ្ឋាននិយាយថា វាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។
គួរឲ្យដឹងថា រដូវភ្លៀងមូសុងរបស់ប្រទេសឥណ្ឌា បានចាប់ផ្ដើមនៅក្នុងខែមិថុនា ប៉ុន្តែចំនួនអ្នកស្លាប់នៅរដ្ឋ Kerala បានកើនឡើងខ្លាំង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រុមអ្នកជួយសង្គ្រោះកំពុងតទល់ជាមួយភ្លៀងធ្លាក់ខ្លាំង ដើម្បីជួយសង្គ្រោះអ្នកស្រុកជាង ២០០ ០០០នាក់ ដែលបានចាកចេញពីផ្ទះសម្បែង។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទៅដល់រដ្ឋខាងលើ ដើម្បីពិនិត្យមើលការបំផ្លិចបំផ្លាញផ្ទាល់ភ្នែកតែម្ដង។
រដ្ឋាភិបាលនៃរដ្ឋ Kerala បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលស្លាប់ គឺដោយសារតែកម្ទេចកំទីសង្កត់ពីលើ ដែលបណ្ដាលមកពីការបាក់ដី។ ជាមួយនឹងភ្លៀងធ្លាក់ច្រើនបែបនេះ គេបានព្យាករណ៍ និងប្រកាសអាសន្នថា ព្រលានយន្តហោះដ៏សំខាន់ក្នុងរដ្ឋ Kerala នឹងបន្តបិទទ្វារហូតដល់ថ្ងៃទី២៦ ខែសីហា។
គួរបញ្ជាក់ថា ទាហានរាប់រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងទឹកជំនន់។ ឧទ្ធម្ភាគចក្ររាប់គ្រឿង បានដឹកមនុស្សតាមផ្លូវអាកាស ឆ្ពោះទៅរកទីសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ទូកជាង ៣០០គ្រឿង ក៏បានចូលរួមនៅក្នុងការសង្គ្រោះនេះដែរ។
ក្រសួងមហាផ្ទៃឥណ្ឌាឲ្យដឹងថា មនុស្សជាង ៩៣០នាក់បានស្លាប់ នៅទូទាំងប្រទេសឥណ្ឌា ចាប់តាំងពីរដូវភ្លៀងមូសុងបានចាប់ផ្ដើម៕