• 2018-10-03 17:52:14
  • ព័ត៌មាន

ក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ និង​វៀតណាម​ ជួបជុំ​គ្នា​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ លើ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន

  • 2018-10-03 17:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​គោល​បំណង​ផ្លាស់ប្ដូរ​ជំនាញ​សារព័ត៌មាន​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ជួបជុំ​នៃ​ស្ថាប័ន​ទាំង​ពីរ​ធ្វើ​ឡើង​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា (CCJ) និង សមាគម​អ្នក​កាសែត​វៀតណាម​ហៅ​កាត់​ថា VJA ដែល​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ០៣ តុលា ដល់​ថ្ងៃ​ទី ០៦ តុលា ២០១៨។

គណៈប្រតិភូ​ក្លិប​អ្នក​កាសែត​កម្ពុជា ថតរូប​ជុំ​គ្នា​នៅព្រលាន​យន្តហោះ​អន្ដរជាតិ​ភ្នំពេញ មុន​ពេល​កំពុង​ត្រៀមចេញ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម កាលពីល្ងាច​ថ្ងៃទី ០៣ តុលា ២០១៨។

លោក ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នក​កាសែត​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​សារព័ត៌មាន​ដែល​ទៅ​ទស្សនកិច្ច​ទីក្រុង​ហាណូយ នៅ​ពេល​នេះ ដើម្បី​ទៅ​មើល​ប្រព័ន្ធផ្សព្វផ្សាយ​របស់​វៀតណាម និង​ការ​វិនិយោគ​ផ្សេងៗ។

ក្រោយ​ពី​ទៅ​ទស្សនកិច្ច​នេះ លោក ពុយ គា ដែល​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់ មាន​ការ​រំពឹង​ទុក​ថា "ចង់​ឃើញ​អ្នក​សារព័ត៌មាន​​នៃ​ប្រទេស​ទាំង​ពីរ សរសេរ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ជួយ​ដល់​ការ​អភិវឌ្ឍ​​ជា​វិជ្ជមាន​នាំ​ទៅ​ដល់ ភាព​សុខសាន្ត​ពលរដ្ឋ​ទាំង​ពីរ"។

ការ​ជួបជុំ​ពង្រឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​​នៅ​ពេល​នេះ គឺជា​លើក​ទី០១ ដែល​ក្លិប​អ្នក​កាសែត​កម្ពុជា​(ក.អ.ក) បាន​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​វៀតណាម​ តាម​ការ​អញ្ជើញ​របស់​សមាគម​អ្នក​កាសែត​វៀតណាម ក្រោយ​ពី​ ក.អ.ក ក្លាយ​ទៅ​ជា​សមាជិក​ពេញ​សិទ្ធ​ នៃ​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​ កាល​ពី​ឆ្នាំ​ទៅ​មិញ និង​បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ជា​ច្រើន​នៅ​លើ​ពិភពលោក។

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ ដែល​ដឹកនាំ​ដោយ​លោក​ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នក​កាសែត​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ពេល​នេះ គឺ​មាន​ការ​ចូលរួម​ពី​​អ្នក​សារព័ត៌មាន​ចំនួន​ ៤ ស្ថាប័ន រួមមាន៖ កាសែត​រស្មី​កម្ពុជា, ស្ថានីយ​ទូរទស្សន៍​ CNC, គេហទំព័រ​ថ្មីៗ, និង គេហទំព័រ Sabay ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់