• 2018-11-28 09:05:40
  • ព័ត៌មាន

ខ្មែរយើងអស្ចារ្យបំផុត! សម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា កើនដល់៨ហើយ

  • 2018-11-28 09:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ​សម្បត្តិ​វប្បធម៌​រូបី និង​អរូបី​​របស់​កម្ពុជា​ចំនួន៨ បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ។ ក្នុង​នោះ​ល្ខោន​ខោល​របស់​កម្ពុជា ទើប​តែ​សម្រេច​បញ្ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​ នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។ ខាងក្រោម​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា បាន​កត់​ត្រា​ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ៖

១. តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

២. របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

៣. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

៤. ប្រាសាទ​ព្រះវិហារ (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

៥. ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះ រួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​ផងដែរ។

៦. ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

៧. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

៨. ល្ខោន​ខោល(អរូបី)៖ ល្ខោន​ខោលបាន​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ នៅ​ទីក្រុង ព័រល្វី សាធារណ​រដ្ឋម៉ូរីនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2018៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់