- 2018-12-13 08:23:38
- ព័ត៌មាន
ជិតដាច់ឆ្នាំហើយ! គោលដៅជីវិត ៥ អ្នកគួរកំណត់ធ្វើនៅឆ្នាំថ្មី ដើម្បីជីវិតល្អជាងមុន
- 2018-12-13 08:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដាច់ឆ្នាំហើយ! គោលដៅជីវិត ៥ អ្នកគួរកំណត់ធ្វើនៅឆ្នាំថ្មី ដើម្បីជីវិតល្អជាងមុន
ចន្លោះមិនឃើញ
ធ្មេចបើកៗជិតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីទៀតហើយ ហើយជីវិតកន្លងមកក៏មានទាំងរឿងល្អ រឿងអាក្រក់ សុខទុក្ខលាយឡំគ្នា។ ដោយសារជិតឈានចូលឆ្នាំថ្មីហើយ ដូច្នេះរឿងមិនល្អ សូមចោលវាជាមួយឆ្នាំចាស់ទៅចុះ ហើយយើងមកកំណត់គោលដៅជីវិតថ្មីៗដើម្បីចាប់ផ្ដើមធ្វើនៅឆ្នាំថ្មីវិញ ដើម្បីឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងជាងមុន។ ថាតើមានគោលដៅអ្វីខ្លះដែលយើងគួរកំណត់ធ្វើសម្រាប់ឆ្នាំថ្មី សូមតាមដានជាមួយកញ្ញា ខាងក្រោមនេះទាំងអស់គ្នា៖
គោលដៅទី១៖ សន្សំលុយ
គោលដៅជីវិតទី១ដែលស្រីៗយើងគួរធ្វើបំផុតនោះគឺការសន្សំលុយនេះឯង ដែលការសន្សំលុយនេះ យើងត្រូវបែងចែកឲ្យបានល្អ ថាតើលុយប៉ុន្មានត្រូវសន្សំ លុយប៉ុន្មានត្រូវទុកចាយ ហើយមួយថ្ងៃៗគួរចាយប៉ុន្មាន។ល។ យកល្អគួរបង្កើតកុងធនាគារពីរសម្រាប់លុយដែលត្រូវចាយ និងលុយដែលត្រូវសន្សំឲ្យដាច់ដោយឡែក ដើម្បីចាប់ផ្ដើមទម្លាប់សន្សំលុយ ទុកប្រើពេលអាសន្នអន់ក្រនានា។ ក្រៅពីនេះ បើដឹងថាខ្លួនពូកែចាយលុយ យើងគួររកធ្វើការក្រៅម៉ោងដើម្បីរកលុយបន្ថែម។
គោលដៅទី២៖ ទៅដើរឆ្ងាយឲ្យបានមួយឆ្នាំម្ដង
ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗឲ្យខ្លួនឯង យើងគួរតែកំណត់គោលដៅថា ត្រូវទៅដើរលេងក្រៅប្រទេសយ៉ាងហោចម្ដង ឬទៅដើរលេងខេត្តនានាក្នុងប្រទេសយ៉ាងហោចពីរបីដងក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះការធ្វើដំណើរកម្សាន្តនឹងធ្វើឲ្យយើងទទួលបានកម្លាំងជំរុញចិត្តក្នុងការប្រកបការងារ ដែលប្រៀបដូចជាការសាកថាមពលឲ្យខ្លួនឯងដូច្នោះដែរ។
គោលដៅទី៣៖ ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ និងគ្រួសារឲ្យបានច្រើន
ពេលយើងអាយុកាន់តែច្រើន ពេលវេលាដែលយើងអាចនៅជាមួយគ្រួសារក៏មានកាន់តែតិច ហើយឪពុកម្ដាយរបស់យើងក៏កាន់តែចាស់ដូចគ្នាដែរ។ ជាការល្អ យើងគួរតែចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ និងគ្រួសារឲ្យបានច្រើនបំផុត ដើម្បីបន្ថែមភាពកក់ក្ដៅ និងក្ដីស្រលាញ់ក្នុងរង្វង់គ្រួសារ។ ប៉ុន្តែបើអ្នកនៅតែម្នាក់ឯងតាំងពីដំបូងហើយ អ្នកក៏អាចចំណាយពេលវេលាជាមួយអ្វីដែលខ្លួនស្រលាញ់ឲ្យបានពេញទំហឹង។
គោលដៅទី៤៖ អភិវឌ្ឍខ្លួនឯង និងកែប្រែទម្លាប់មិនល្អ
នៅពេលយើងចាស់ទុំគ្រប់គ្រាន់ និងអាចយល់បញ្ហាផ្សេងៗ ថាបែបនេះល្អ ឬមិនល្អយ៉ាងណាហើយ យើងក៏គួរកែលម្អ និងអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សល្អជានិច្ច ព្រោះវានឹងនាំឲ្យយើងទទួលបានជោគជ័យក្នុងជីវិត ។ អាចទៅរករៀនភាសាបន្ថែម ដើម្បីបន្ថែមឱកាសក្នុងការងារទៅអនាគត ឬទៅរៀនអ្វីដែលយើងចូលចិត្តក៏បាន។ វាអាចជាគោលដៅលំបាក ប៉ុន្តែយើងមិនអាចក្លាយជាមនុស្សជោគជ័យបានឡើយបើមួយឆ្នាំៗយើងគ្មានការអភិវឌ្ឍខ្លួនទាំងចំណេះដឹង សមត្ថភាពធ្វើការ និងវិន័យក្នុងការរស់នៅ។
គោលដៅទី៥៖ មើលថែខ្លួនឯងឲ្យស្រស់ស្អាត និងមានសុខភាពល្អជានិច្ច
គោលដៅជីវិតចុងក្រោយដែលយើងមិនគួរមើលរំលងនោះគឺ ការមើលថែសុខភាពរបស់ខ្លួននេះតែម្ដង ព្រោះការដែលគ្មានជំងឺឈឺថ្កាត់ គឺចាត់ទុកថាជាលាភសំណាងច្រើនជាងការមិនជំពាក់លុយគេទៅទៀត។ មិត្តៗនារីគួរតែងាកមកមើលថែខ្លួនឯង ហាត់ប្រាណ ញ៉ាំអាហារណាដែលមានប្រយោជន៍ និងមិនបំផ្លាញសុខភាព ហើយស្វែងយល់ពីរបៀបតែងខ្លួនឲ្យមើលទៅស្រស់ស្អាត ចូលភ្នែក ព្រោះភាពឆ្លាតវៃក្នុងការតុបតែងខ្លួនតាមកាលៈទេសៈក៏ជាចំណែកសំខាន់មួយដែរសម្រាប់ភាពជោគជ័យរបស់យើង។ ទាំងនេះគឺជាគោលដៅជីវិតខ្លះៗដែល កញ្ញាគិតថាគ្នាយើងគួរតែកំណត់ទុកធ្វើនៅឆ្នាំថ្មី ប៉ុន្តែប្រិយមិត្តផ្ទាល់ក៏អាចនឹងកំណត់គោលដៅផ្សេងៗបន្ថែមទៀតបានដែរ។ ការចេះធ្វើឲ្យខ្លួនឯងមានក្ដីសុខ គឺជារឿងសំខាន់បំផុត ព្រោះគង់គ្មានអ្នកណាអាចធ្វើឲ្យយើងមានក្ដីសុខបានរៀងរហូតនោះទេ។ នៅពេលយើងមានក្ដីសុខ យើងក៏នឹងមានជីវិតល្អប្រសើរ កាន់តែមានថាមពល និងបើកឱកាសឲ្យរឿងល្អៗចូលមកក្នុងជីវិតយើងថែមទៀតផង ៕
ចុចអាន៖