
- 2019-02-20 09:05:41
- ព័ត៌មាន
អាជ្ញាធរថាតំបន់អង្គរអាចប្រឈមការខ្វះទឹកនារដូវប្រាំងនេះ
- 2019-02-20 09:05:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរថាតំបន់អង្គរអាចប្រឈមការខ្វះទឹកនារដូវប្រាំងនេះ
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរាឲ្យដឹងថាតំបន់អង្គរអាចប្រឈមនឹងបញ្ហាកង្វះទឹកនារដូវប្រាំងនេះ ខណៈក្រុមការងារកំពុងមមាញឹកក្នុងការស្ដារប្រឡាយ និងបិទទ្វារទឹកការពារកុំឲ្យទឹករីង។
នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននារសៀលនេះ អាជ្ញាធរជាតិអប្សរាឲ្យដឹងថាបរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ខាងជើងកំពុងប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំងនេះ។
ការខ្វះខាតនេះមកពីមូលហេតុមួយចំនួនដោយថា នាយដ្ឋានទឹកបានបើកទ្វារទឹកដើម្បីបញ្ជូលទឹកទៅស្ទឹងព្រះស្រុកសម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិចតាចំនួនពីរលើក គឺលើកទីមួយរយៈពេលពីរសប្តាហ៍ និងលើកទីពីររយៈពេលមួយសប្តាហ៍ចេញពីប្រឡាយស្តុកទឹកបម្រុងសម្រាប់បញ្ជូលទៅក្នុងបារាយណ៍ខាងជើង កសិន្ធុក្រុងអង្គរធំ កសិន្ធុប្រាសាទអង្គរវត្ត។
មូលហេតុមួយទៀតគឺច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុងក៏ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាបដែលហូរពីភ្នំគូលែនតិចតួចពេក ហើយ ក្រុមការងារក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាបផងដែរ។
ប្រភពដដែលបន្តថាកម្ពស់ទឹកបច្ចុប្បន្ននៅបារាយណ៍ខាងជើងទាបជាងឆ្នាំមុន០,៨ម៉ែត្រ កសិន្ធុអង្គរធំទាបជាងឆ្នាំមុន០,៩៣ម៉ែត្រ និងកសិន្ធុអង្គរវត្តទាបជាងឆ្នាំមុន០,៤ម៉ែត្រ ហើយបើសរុបជាទឹកដែលបាត់មានចំនួនសរុបប្រហែល៣,៦៣លានម៉ែត្រគួប។
ប្រភពខាងលើសរសេរថា៖ «ពេលនេះក្រុមការងារកំពុងមមាញឹកក្នុងការស្តារប្រឡាយនិងបិទ ទ្វារទឹកពីស្ទឹងសៀមរាបដើម្បីបញ្ជូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំប្រាសាទអង្គរវត្ត ជៀសវាងរីងស្ងួតនាពេលខាងមុខនេះ...ក្នុងនោះដែរអាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបិទទំនប់កាត់ប្រឡាយស្ទាក់ទឹកសម្រាប់ទុកប្រើប្រាស់ សូមបើកឡើងវិញ ដើម្បីកុំឱ្យមានការលំបាកដល់ការបញ្ជូលទឹកទៅក្នុងកសិន្ធុប្រាសាទនៅក្នុងតំបន់អង្គរ»៕