- 2019-05-19 02:31:58
- ព័ត៌មាន
កំពង់ស្ពឺទៀតហើយ! ស្ពានអាកាសថ្មើរជើងកាត់ផ្លូវជាតិលេខ៤តម្លៃជាង ៣០ម៉ឺនដុល្លារនឹងត្រូវសាងសង់ឆាប់ៗនេះ
- 2019-05-19 02:31:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពង់ស្ពឺទៀតហើយ! ស្ពានអាកាសថ្មើរជើងកាត់ផ្លូវជាតិលេខ៤តម្លៃជាង ៣០ម៉ឺនដុល្លារនឹងត្រូវសាងសង់ឆាប់ៗនេះ
ចន្លោះមិនឃើញ
ស្ពានអាកាសថ្មើរជើង កាត់ផ្លូវជាតិលេខ៤ ដំបូងបង្អស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តម្លៃជាង ៣០ម៉ឺនដុល្លារ អាមេរិកនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ នៅទីរួមខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត។ ស្ពាននេះត្រូវបានកសាងឡើង ដើម្បីសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋថ្មើរជើងពីគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ Sabay ឱ្យដឹងថា ស្ពាននេះនឹងត្រូវសាងសង់ត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺ ដោយមានប្រវែង ៣០ម៉ែត្រ កម្ពស់ ៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ធ្វើពីបេតុងអាមេ ក្រោមជំនួយឧបត្ថម្ភពីលោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ជិតមួយឆ្នាំ។
ឯកឧត្ដមបន្ថែមថា មូលហេតុសម្រេចកសាងស្ពានអាកាសថ្មើរជើងត្រង់ចំណុចគោលដៅខាងលើ ដោយសាកន្លងមកកើតមានការស្ទះចរាចរណ៍ ខណៈរដ្ឋបាលខេត្តក៏គ្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរបន្ថែមទៀតផងដែរ គឺត្រង់ចំណុចវិទ្យាល័យកំពង់ស្ពឺ និងត្រង់ចំណុចមុខរោងចក្រសាប្រ៊ីណា។
“អញ្ចឹងយើងកំពុងគៀងគររកប្រភពថវិកា សាងសង់ស្ពានទាំងពីរទីតាំងខាងលើបន្ថែមទៀត ធ្វើយ៉ាងណា ដើម្បីសម្រួលការឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋមិនឱ្យគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងការឆ្លងកាត់ទៅដោយភាពសប្បាយរីករាយ”។
ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាននិងកំពុងពង្រីកវិសាលភាពផ្នែកសេដ្ឋកិច្ច កាន់តែប្រសើរជាងមុន ខណៈសិប្បកម្មធនតូច និងមធ្យមនៅតាមមូលដ្ឋានមានរហូតរាប់រយមូលដ្ឋាន ដែលអាចផ្ដល់ការងារដល់កម្មករកម្មការិនីរាប់ម៉ឺននាក់។ ការអភិវឌ្ឍខេត្តកំពង់ស្ពឺបច្ចុប្បន្នបានតភ្ជាប់គ្នាជាមួយរាជធានីភ្នំពេញរួចហើយ នៅតាមបណ្ដោយផ្លូវជាតិលេខ៤។ រាជរដ្ឋាភិបាលនឹងរៀបចំ តំបន់តាមផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្មនៅឆ្នាំ២០២៥ ខាងមុខនេះ។
ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង ២៥ ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ៨៥៤ ៧២០នាក់៕