• 2019-07-24 07:23:16
  • ព័ត៌មាន

ស្ថានីយ៍ប្រេងនៅកូរ៉េខាងត្បូង ធ្វើពហិការមិនចាក់សាំងឲ្យឡានផលិតដោយជប៉ុន ព្រោះហេតុផល១

  • 2019-07-24 07:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ជា​ច្រើន​ក្នុង​ប្រទេសកូរ៉េខាងត្បូង បាន​នាំ​គ្នា​ធ្វើ​ពហិការ​មិន​ព្រម​ចាក់​សាំង​ឲ្យ​រថយន្ដ​ទាំង​ឡាយ​ណា​ដែល​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន។

យោង​តាម​សារព័ត៌មាន​ the Korean Times ឲ្យ​ដឹង​ថា យុទ្ធនាការ​ពហិការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១​ខែ​កក្កដា​ថា​ខ្លួន​នឹង​រឹត​បន្ដឹង​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​គីមី​ចំនួន​បី​ប្រភេទ​សម្រាប់​ផលិត​បន្ទះ​ឈីប និង​ស្គ្រីន​បង្ហាញ​រូប​ភាព​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង។ ដោយ​សារ​វត្ថុ​ធាតុ​ដើម​ទាំង​បី​នេះ មាន​ភាព​ចាំ​បាច់​ខ្លាំង​សម្រាប់​ការ​ផលិត​ទូរស័ព្ទ និង​ឧបករណ៍​អេឡិច​ត្រូនិច​ផ្សេង​ៗ ទើប​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ដ៏​សំខាន់​របស់​កូរ៉េខាងត្បូង​មួយ​នេះ រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ នឹង​អាច​ឈាន​ដល់​ការ​ដំឡើង​ថ្លៃ​សម្រាប់​ឧបករណ៍​ប្រើប្រាស់​ទាំង​នោះ។

លើស​ពីនេះ​ទៀត ការ​លក់​ស្រាបៀរ​ជប៉ុន​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ក៏​ត្រូវ​បាន​រាយការណ៍​ថា​ធ្លាក់​ចុះ​ប្រមាណ​ជា ៤០​%​កាល​ពី​សប្ដាហ៍​មុន ខណៈ​ពេល​ដែល​ការ​នាំ​ចូល​ស្រាបៀរ​ពី​ប្រទេស​ដទៃ​មាន​ការ​កើនឡើង។ ចំណែក​ការ​កក់ដំណើរ​កម្សាន្ដ​ទៅ​កាន់​ប្រទេស​ជប៉ុន បាន​ធ្លាក់​ចុះ​រហូត​ដល់​ជាង ៧០% ខណៈ​ដែល​ភ្នាក់ងារ​ទេសចរ​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ជប៉ុន​ជាង​៥០%។

ក្រៅ​ពីនេះ យានដ្ឋាន​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង ក៏​ចូលរួម​ធ្វើ​ពហិការ​មិន​ព្រម​ជួសជុល​ឲ្យ​រថយន្ដ​ដែល​ផលិត​ដោយ​ជប៉ុន​ផង​ដែរ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់