• 2019-07-30 02:17:30
  • ព័ត៌មាន

ការវះកាត់​បេះដូង នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​​ភ្នំពេញ​​ នឹង​បើកដំណើរ​លើក​ដំបូង​​ នៅ​ដើម​ខែ​ក្រោយ​នេះ ​

  • 2019-07-30 02:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​វះ​កាត់​បេះ​ដូង​ នៃ​មន្ទីរពេទ្យ​​គន្ធបុប្ផា​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ ឆ្នាំ​​២០១៩ ​ខាង​មុខ​នេះ​ ​ក្រោម​​ព្រះរាជ​​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​​ ​ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​។​ នេះ​បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត គី សន្ទី ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​​បាន​ថ្លែង​​ប្រាប់​ Sabay ។

លោក​វេជ្ជបណ្ឌិត​បាន​​បន្ថែម​ថា អគារ​វះ​កាត់​បេះ​ដូង​នេះ​​​សាងសង់​​ឡើង​​ ​​លើ​ដី​អតីត​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​​១ ជិត​វត្ត​ភ្នំ​ ​មាន​ទទឹង​ប្រហែល​ ៤០​ម៉ែត្រ​គុណ ៥០​ម៉ែត្រ កម្ពស់​៣ ​ជាន់​ ក្នុង​ទិសដៅ​​​ជួយ​សង្គ្រោះ​​​ដល់​អាយុជីវិត​កុមារ​មក​ពី​គ្រប់​ទិសទី​​ ដែល​មាន​បញ្ហា​បេះដូង ​និង​ប្រព័ន្ធ​ប្រសាទ​​។ អាគារ​ថ្មី​នេះ ​មាន​បន្ទប់​ ចំនួន​៦ ​និង​អាច​ដាក់​គ្រែ​បាន​ចំនួន​ ២០០​​កន្លែង។ ​ការ​វះ​កាត់​បេះដូង និង​ប្រព័ន្ធ​ប្រសាទ​បាន​ដំណើរ​ការ​ជិត ​១០​ឆ្នាំ​​មក​ហើយ នៅ​​មន្ទីរពេទ្យ​​ជ័យវរ្ម័ន​ទី​៧​។ ​ប៉ុន្តែ​ដោយ​សារ​តម្រូវ​ការ​​មាន​ការ​កើន​ឡើង​ ទើប​មូលនិធិ​គន្ធបុប្ផា​ស្វីស​សម្រេច​​បង្កើត​​ទីតាំង​​បន្ថែម​មួយ​ទៀត​នៅ​ភ្នំពេញ​​ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៨ លាន​ដុល្លារ​អាមេរិក។​

​​​ថវិកា​ទាំង​អស់​បាន​មក​ពី​មូលនិធិ​គន្ធបុប្ផា​ស្វីស មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​និង​បាន​មក​ពី​ព្រះរាជ​ទាន​១​លាន​ដុល្លារ​អាមេរិក​​​​ពី​ព្រះមហាក្សត្រ​កម្ពុជា​ និង​​សម្ដេច​ម៉ែ​។ "អញ្ចឹង​យើង​មាន​ពីរ​​កន្លែង​គួប​គ្នា​ គឺ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​ភ្នំពេញ​​ និង​នៅ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី​៧ ​ខេត្ត​សៀមរាប​ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​ ព្រោះ​ថា​ កន្លង​មក​ដូច​ថា​ ​ទារក​​ខ្លះ​កើត​មក​ភ្លាម​មាន​បញ្ហា​ប្រហោង​​​​​បេះ​ដូង​ អញ្ចឹង​យើង​ចាំ​ចាច់​ត្រូវ​បញ្ជូន​តាម​​ឡាន​​ ព្យាបាល​នៅ​សៀមរាប​​ ប៉ុន្តែ​ចាប់​ពី​ខែ​ក្រោយ​​ទៅ​មិន​ចាំ​បាច់​បញ្ជូន​ទៅ​សៀមរាប​ទៀត​ទេ​ គឺ​ធ្វើ​ការ​វះ​កាត់​នៅ​​ភ្នំពេញ​តែ​ម្ដង។​អញ្ចឹង​ក្នុង​មួយ​​ឆ្នាំ​ៗ​យើង​មាន​រាប់​ពាន់​ដែល​ត្រូវ​វះ​កាត់​​ បើ​​រង់​ចាំ​យូរ​ធ្វើ​ឱ្យ​កុមារ​កាន់​តែ​​ធំ​ បេះ​ដូង​កាន់​តែ​រីក​ សរសៃ​ឈាម​សួត​​​កាន់​តែ​ក្រិន ​នោះ​យើង​​វះ​កាត់​លែង​កើត​ហើយ​​​​”។​

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា​ អគារ​ថ្មី​នេះ​ក៏​មាន​ការ​វះ​កាត់​ប្រព័ន្ធ​ប្រាសាទ​ វះ​កាត់​ផ្នែក​​ឆ្អឹង​ និង​ការ​សង្គ្រោះ​បន្ទាន់​​​ទារក​ និង​អាច​​មាន​បើក​ផ្នែក​ផ្សេង​​បន្ថែម​ទៀត​ទៅ​ថ្ងៃ​ខាង​មុន​ ប៉ុន្តែ​ជា​ជំហាន​ដំបូង​​គឺ​ វះ​កាត់​បេះដូង​កុមារ​ ដោយ​មាន​ក្រុម​គ្រូពេទ្យ​​ឯកទេស​មក​ជួយ​បង្រៀន​​ពី​ខេត្ត​សៀមរាប​ ខណៈ​ការ​វះ​​កាត់​​គឺ​អាច​​វះ​បាន​​កុមារ​ម្នាក់​ ក្នុង​មួយ​ថ្ងៃ​។ ​"អញ្ចឹង​ការ​វះ​កាត់​ដំបូង​គឺ​យើង​ចាប់​ផ្តើម​​ដំបូង​មួយ​ថ្ងៃ​មួយ​ ព្រោះ​ថា​ ការ​វះ​កាត់​បេះ​ដូង​មាន​លក្ខណៈ​ស្មុគ​ស្មាញ​​​​ណាស់​មិន​ដូច​ការ​វះ​កាត់​​ផ្នែក​ផ្សេង​ឡើយ​”។

​ ​ មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​ ​បាន​ដំណើរការ​ជិត​ ១០ ឆ្នាំ​មក​នោះ​ ​​កំពុង​ផ្ដល់​សេវា​​វះកាត់​បេះ​​ដូង​ ក្នុង​មួយ​សប្ដាហ៍​ វះ​​បាន​បី​នាក់​ ដោយ​វេជ្ជបណ្ឌិត​ខ្មែរ​សុទ្ធ​សា​ធ​ និង​ទទួល​បាន​ជោគជ័យ​ច្រើន ​ដោយសារ​ក្រុម​គ្រូពេទ្យ​បាន​ទទួលការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ និង​មាន​សមត្ថភាព​អាច​វះកាត់​បាន​កាន់តែ​ប្រសើរ​ជាង​មុន។​ នេះ​បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​ គី ​សន្ទី ។ ​​ មន្ទីរពេទ្យ​ គន្ធបុប្ផា ​មាន​វត្តមាន​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​នៅ ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ នាំ ១៩៩២ ក្រោម​ព្រះ រាជ្យ​តម្រិះ​របស់​ព្រះបរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ ​អតីត​ព្រះមហាក្សត្រ​ខ្មែរ និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វីស​ជា​ស្ថាបនិក៕

អត្ថបទ៖ សុផល

មតិយោបល់