• 2019-08-12 02:27:25
  • ព័ត៌មាន

ក្រៅពីកម្ពុជា ប្រទេសនៅអាស៊ី ៤ផ្សេងទៀតកំពុងរងគ្រោះដោយសារទឹកជំនន់

  • 2019-08-12 02:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា

  • ខេត្ត​ព្រះសីហនុ៖ ភ្លៀង​ធ្លាក់​គំហុក​ជាប់ៗគ្នា​ក្នុងកម្រិត​ខ្លាំង​មាន​បរិមាណ​ជាង​រយ​មីលីម៉ែត្រ​ជាប់ៗគ្នា ស្ទើរ​រៀងរាល់ថ្ងៃ ចាប់​តាំងពីថ្ងៃទី១ ខែសីហា​មកម្ល៉េះ។ គិត​មកទល់ថ្ងៃនេះ បរិមាណ​ភ្លៀង​សរុប​មាន​រហូតដល់​ ៨១៤ មីលីម៉ែត្រ និង​បន្តធ្លាក់​ទៅប៉ុន្មាន​ថ្ងៃ​ខាងមុខទៀត។ នេះ​ជា​ហេតុ​បណ្តាល​ឱ្យមាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​កើតមាន​ឡើង។ ទន្ទឹម​នឹងស្ថានភាព​នេះ ក្រសួង​ធនធានទឹក ក៏បាន​បញ្ជូន​គ្រឿងចក្រ​ធុនធ្ងន់ រួមសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះទឹក​ផងដែរ។
  • ខេត្ត​រតនគិរី៖ តាមរយៈ​នៃទន្លេ​ស្រែពក ដែល​ផ្ទៃរង​ទឹក​ភ្លៀង​ប្រមាណ ៦០ភាគរយ ស្ថិត​ក្នុងទឹកដី​នៃ​ប្រទេស​វៀតណាម ធ្វើឱ្យ​ទឹកទន្លេ​ស្រែកពក​ឡើង​យ៉ាង​គំហុក បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​ស្រុក​ចំនួន ២ គឺស្រុក​កូនមុំ និង​ស្រុកលំផាត់។
  • ខេត្តកំពត ៖ ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្រុក​ទឹក​ឈូ​នៃ​ខេត្ត​កំពត ត្រូវ​បាន​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទឹក​ជំនន់។ ក្នុង​នោះ​ឃុំ​​ចំនួន ៣​ស្ថិត​ក្នុង​ស្រុក​ទឹក​ឈូ​ដែល​រង​ផល​ប៉ះពាល់​រួម​មាន ឃុំ​កំពង់គ្រែង, ឃុំ​ស្ទឹងកែវ និង​ឃុំ​ព្រៃឃ្មុំ ក្រៅ​ពី​នេះ​សង្កាត់​ទាំង ៥​នៃ​ក្រុង​កំពត​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ។

ចិន

ចំនួន​អ្នក​ស្លាប់ បាន​កើន​ឡើង​រហូត​ដល់ ៣២​នាក់​ហើយ​ខណៈ​ពេល​ដែល​អ្នក​បាត់​ខ្លួន ១៦​នាក់ ក្រោយ​ពេល​ដែល​ព្យុះ​ទីហ្វុង Lekima វាយ​ប្រហារ​ឆ្នេរ​ភាគ​ខាង​ត្បូង​ទីក្រុង​សៀងហៃ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ប្រជាជន​ជាង ១​លាន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ឆ្នេរ​មុន​ពេល​ដែល​ខ្យល់​ព្យុះ​វាយ​ប្រហារ ហើយ​អ្នក​ជួយ​សង្គ្រោះ​ជាង ១៨០​ក្រុម និង​អ្នក​ពន្លត់​អគ្គិភ័យ ៣៦ ០០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ប្រុង​ប្រៀប​ធ្វើ​ប្រតិបត្តិការ។

ឥណ្ឌា

យ៉ាង​ហោច​ណាស់​មនុស្ស​ជាង ១៤០​នាក់ បាន​ស្លាប់​និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត​កំពុង​ជម្លៀស​ខ្លួន​ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង។ ជំនន់​ទឹក​ភ្លៀង​ម៉ូស្យុង​នេះ បាន​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា​នៃ​រដ្ឋ Kerala។ យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មនុស្ស​ប្រមាណ​ជា​ជាង ១០០ ០០០​នាក់​ហើយ​ត្រូវ​បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។

មីយ៉ាន់ម៉ា

ជំនន់​ទឹក​ភ្លៀង​ម៉ូស្យុង បាន​វាយ​ប្រហារ​មក​លើ​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា បណ្ដាល​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង ៥០​នាក់ ចំណែក​ឯ​មនុស្ស​ជាង ៨៩ ០០០​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន។ រដ្ឋ​ចំនួន​បី​ដែល​ទទួល​រង​ទឹក​ភ្លៀង​ច្រើន​សន្ធឹក​មាន​ដូច​ជា រដ្ឋ Mon, Karen និង Kachin ដែល​បណ្ដាល​ឲ្យ​ខូត​ខាត​ទ្រព្យ​សម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ដ ខណៈ​ពេល​ដែល​ផ្ទះ​សម្បែង​ជាង ៤ ពាន់​ខ្នង​ត្រូវ​បាន​លិច​ទឹក។

ថៃ

ខេត្ត​ចំនួន ៩​ក្នុង​ប្រទេស​ថៃ កំពុង​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ធ្ងន់ធ្ងរ​ដូច​ជា​ខេត្ត​នៅ​ភាគ​ខាង​ជើង (ខេត្ត Mae Hong Son, Nan, Tak) នៅ​ភាគ​ខាង​លិច (Kanchanaburi) ពីរខេត្តនៅភាគខាងកើត (ខេត្ត Chanthaburi និង ត្រាត) និង​ខេត្ត​បី​នៅ​ភាគ​ខាង​ត្បូង (ខេត្ត Chumphon, Ranong និង Phangnga)។ ជាមួយ​គ្នា​នេះ ខាង​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ថៃ បាន​ចេញ​សេចក្ដី​ព្រមាន​ឲ្យ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ខាង​លើ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការ​បាក់​ដី​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​អាយុ​ជីវិត៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី