• 2019-10-10 08:08:19
  • ព័ត៌មាន

មក​ស្វែង​យល់​ពី​តិចនិក​ហៅ​សត្វស្លាប និង​របៀប​ថត​រូប​សត្វ​ព្រៃ​ឲ្យ​បាន​ស្អាត

  • 2019-10-10 08:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​មនុស្ស​ និង​ធម្មជាតិ មាន​ភាព​លំបាក​មួយ​បែប​ ប៉ុន្ដែ​ការ​ថត​សត្វ​កាន់​តែ​លំបាក​ និង​ត្រូវ​ការ​ភាព​អត់​ធ្មត់​ខ្លាំង ហើយ​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្រើន​អំពី​ចរិត​លក្ខណៈ​របស់​សត្វ​ ទើប​អាច​ថត​សត្វ​បាន​ស្អាត ជា​ពិសេស​សត្វ​នៅ​ក្នុង​ព្រៃ។ មាន​វិធី​ងាយៗ​មួយ​ចំនួន ដែល​អាច​ហៅ​សត្វស្លាប​ និង​ថតរូប​សត្វ​ព្រៃ​បាន​ស្អាត ដែល​លោក ស៊ុយ សេងលីម ស្ថាបនិក​គម្រោង​ការ​អប់រំ និង​ការ​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា បាន​ចែក​រំលែក​នៅ​ក្នុង​កម្មវិធី​ «កៅអីក្ដៅ» កាល​ពី​ថ្ងៃ​ទី ០៩ តុលា ដែល​ Sabay សូម​ដក​ស្រង់​មក​ផ្សាយ​ដូច​ខាង​ក្រោម៖

ចង់ដឹង​កាន់តែ​ច្បាស់​ចុចស្ដាប់ និង​ទស្សនា "កម្មវិធីក្ដៅ" ខាង​ក្រោម​នេះ

កត្តា​ទី១៖ ដើរ​តាម​ផ្លូវ​ឃើញ​អី​ថត​ហ្នឹង៖ ការ​ដើរ​តាម​ផ្លូវ​ឃើញ​អី​ថត​ហ្នឹង​គឺ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ គឺ​ទី ១ នៅ​ពេល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ព្រៃ​ប្រទះ​សត្វ​អ្វី គឺ​យើង​ថត​ហ្នឹង។ ទី២ អំឡុង​ពេល​ដើរ​កាត់​ព្រៃ នៅ​ពេល​យើង​លឺ​សំឡេង​សត្វ ប្រាកដ​ណាស់​យើង​ស្គាល់​សត្វ​នោះ​ជា​សត្វ​អ្វី ដូច្នេះ​យើង​បាន​ត្រៀម​សំឡេង​សត្វ​រាប់​រយ​សំឡេង​ក្នុង​ទូរសព្ទ​ ដើម្បី​ចាក់​ហៅ​សត្វ​នោះ​ឲ្យ​ចេញ​មក។ នៅ​ត្រង់​នេះ​យើង​ត្រូវ​ប្រើប្រាស់​តិចនិក​ពីរ​ផ្សេង​គ្នា មួយ​យើង​ចាក់​សំឡេង​រង់ចាំ​សត្វ​ចេញ​មក និង​មួយ​ទៀត យើង​ដាក់​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ប្រមាណ​ជា​១០​ម៉ែត្រ ពី​ខ្លួន​ដើម្បី​ឃ្លាំ​មើល​រង់ចាំ​សត្វ​ចេញ​មក​យើង​ថត។

«ជាទូទៅ​សត្វ​ទាំង​នេះ​រស់នៅ​ និង​រកស៊ី​តែ​តំបន់​ហ្នឹង​ (ឧទាហរណ៍​តំបន់​១០០ម៉ែត្រ​ជ្រុង​គឺជា​តំបន់​របស់​វា វា​គ្រប់​គ្រង​ទឹក​ដី​ហ្នឹង វា​មិន​ឲ្យ​សត្វ​ផ្សេង​ចូលឡើយ)។ ដូច្នេះ​នៅ​ពេល​យើង​ចាក់​សំឡេង​ផ្សេង​ វា​ដឹង​ថា​មិនមែន​សំឡេង​គ្នា​វា ហើយ​វា​គិត​ថា​ប្រហែល​អា​ផ្សេង​ចេញ​មក ចឹង​វា​ចេញ​មក​មើល​ ដូច្នេះ​ជា​ឱកាស​របស់​យើង​ ដែល​យើង​អាច​ថត​បាន។»​ ទាំង​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុយ សេងលីម។

កត្តា​ទី២៖ ការ​រង់​ចាំ​ថត​សត្វ៖ ប្រភេទ​សត្វ​ខ្លះ​គឺ​យើង​ដឹង​កន្លែង​វា​រស់​នៅ ដូច្នេះ​យើង​ទៅ​បោះ​តង់​រង់​ចាំ​ថត​តែ​ម្ដង។ «យើង​ដឹង​ថា​វា​តែងតែ​មក​រកស៊ី​នៅ​កន្លែង​ហ្នឹង ដូច្នេះ​យើង​ត្រូវ​បោះ​តង់​ពី​ងងឹត កុំ​ឲ្យ​វា​ឃើញ​យើង​ហើយ​យើង​រង់​ចាំ​វា វា​ចុះ​មក​រកស៊ី​នៅ​តំបន់​ហ្នឹង​មែន»។

លោក ស៊ុយ សុខលីម បាន​ចែក​រំលែក​ថា ចង់​ក្លាយ​ជា​អ្នក​ថត​សត្វ​ស្លាប​ ឬ​សត្វ​ព្រៃ គឺ​មាន​ពីរ​កត្តា​ខាង​លើ គឺ​ទី ១ ការ​ដើរ​ថត​ឃើញ​កន្លែង​ណា​ថត​កន្លែង​ហ្នឹង ដោយ​មាន​ភ្ជាប់​ឧបករណ៍​សំឡេង​សត្វ និង​ទី២ ការ​រង់​ចាំ​ថត។

អ្នក​ស្រឡាញ់​សត្វព្រៃ និង​ថត​រូប​សត្វស្លាប​បាន​ច្រើន​ជាង​គេ​រូប​នេះ បាន​ផ្ដើម​​គម្រោង​ការ​អប់រំ និង​ការ​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១២ ហើយ​សត្វ​ស្លាប​ដែល​លោក ស៊ុយ សេង​លីម ថត​បាន​សរុប​ជាង​ ៣០០​ប្រភេទ ក្នុង​ចំណោម​៦០០​ប្រភេទ ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

លោក ស៊ុយ សេងលីម

ចង់ដឹង​ប្រវត្តិ​លោក ស៊ុយ សេងលីម កាន់តែ​ច្បាស់​​ចុចអាន​អត្ថបទ​នេះ៖ កូនខ្មែរម្នាក់ចាយរាប់ពាន់ដុល្លារ ចូលព្រៃស្ទើគ្រប់ទិសទីនៅកម្ពុជា ក្រោមហេតុផលអស្ចារ្យបំផុត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម