• 2019-11-15 06:20:33
  • ព័ត៌មាន

ក្រុង​ចំណាស់​១នៅ​ឥណ្ឌូណេស៊ី ថែ​សម្រស់​ចាំ​អ្នក​ចូល​ចិត្ត​ផ្សង​ព្រេង​ក្នុង​ក្រុង​បុរាណ

  • 2019-11-15 06:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​និយាយ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​គិត​ដល់​កោះ​បាលី ដែល​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក។ មែនទែន​ទៅ នៅ​ជ្រុង​ផ្សេង​ទៀត​នៃ​ប្រទេស​នេះ សុទ្ធ​តែ​ចំណុច​ទាក់ទាញ​យ៉ាង​សម្បើម​រៀងៗ​ខ្លួន។ ដូច្នេះ ​ថ្ងៃ​នេះ Sabay នឹង​លើក​យក​តំបន់​កម្សាន្ត​ខ្លឹមៗ ក្នុង​ខេត្ត​ចំណាស់​មួយ​នៃ​ប្រទេស​នេះ ដែល​គ្រប់​គ្នា​សឹង​មិន​បាន​គិត​ដល់។

ចូកចាកាតា (Yogjakarta) គឺ​ជា​ខេត្ត​​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តំបន់​ទេសចរណ៍​យ៉ាង​សម្បូរ​បែប ហើយ​ជា​កន្លែង​ដ៏​ពិសេស​បំផុត​ សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង​ទៅ​រក​តំបន់​ទេសចរណ៍​ធម្មជាតិ លាយ​ឡំ​នឹង​វប្បធម៌​ បូក​រួម​ជា​មួយ​ទិដ្ឋភាព​ក្រុង​បុរាណ​យ៉ាង​គួរ​ឲ្យ​គាប់​ចិត្ត។ ទាំង​នេះ គឺ​ជា​កន្លែង​គួរ​ឲ្យ​ទាក់​ចិត្ត​ទាំង ៩ ដែល​អ្នក​គួរ​ទៅ​ស្គាល់​ឲ្យ​បាន​ម្ដង​ ក្នុង​មួយ​ឆាក់​ជីវិត៖

១. មើល​ថ្ងៃ​រះ​នៅ​ប្រាសាទ​កាន់​សាសនា​ព្រះ​ពុទ្ធ​ធំ​បំផុត​លើ​លោក

ថ្ងៃ​រះ​នៅ​កន្លែង​ណា​ក៏​អាច​មើល​បាន​ដែរ តែ​បើ​ចង់​ទទួល​បាន​អារម្មណ៍​ពិសេស និង​កាន់​តែ​អស្ចារ្យ​ អ្នក​គួរ​ស្វែង​រក​បទពិសោធន៍​ថ្មី​ដោយ​ភ្ញាក់​ពី​ព្រលឹម​ទៅ​មើល​ថ្ងៃ​រះ​នៅ​ប្រាសាទ Borobudur ដែល​ជា​ប្រាសាទ​កាន់​ព្រះ​ពុទ្ធ​សាសនា​ធំ​ជាង​គេ​នៅ​លើ​លោក។ ក្រៅ​ពី​បាន​ស្គាល់​ប្រាសាទ​ដ៏​ប្រណីត​នេះ​ហើយ អ្នក​នឹង​អាច​រីករាយ​ជា​មួយ​ទេសភាព​ធម្មជាតិ​យ៉ាង​ស្អាត​អស្ចារ្យ​​ជុំ​វិញ​ប្រាសាទ​នេះ​ផង​ដែរ។

២. ជិះ​ឡាន​ឡើង​ទៅ​មើល​ភ្នំ​ភ្លើង ដ៏​សកម្ម​បំផុត​នៅ​អាស៊ី

ភ្នំ Merapi ដែល​ស្ថិត​នៅ​លើ​កោះ​ជ្វា​គឺ​ជា​ភ្នំភ្លើង​​ដ៏​សកម្ម​បំផុត​មួយ​ប្រចាំ​អាស៊ី។ ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​ម្ដង​ហើយ​​កាល​ពី​ឆ្នាំ ២០១០។ ប៉ុន្តែ​វា​នៅ​តែ​បន្ត​​ភាព​សកម្ម និង​បញ្ចេញ​កំសួល​ដល់​បច្ចុប្បន្ន ដោយ​ត្រូវ​បាន​គេ​សន្មត​ថា​អាច​នឹង​ផ្ទុះ ឬ​​មាន​សកម្ម​ភាព​ផ្សេងៗ​ក្នុង​ចន្លោះ​ពី ៥ ទៅ ១០ ឆ្នាំ​ម្ដង។

ក្រៅ​ពី​បាន​ឃើញ​ផ្សែង​ហុយៗ​ចេញ​ពី​កំពូល​ភ្នំភ្លើង​ផ្ទាល់​ភ្នែក​ហើយ​នោះ អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​យ៉ាង​អស្ចារ្យ​ជា​មួយ​ការ​ជិះ​ឡាន​ហ្ស៊ីប(Jeep)​ឡើង​​ភ្នំ កាត់​ព្រៃ​ព្រឹក្សា ហែហម​ជា​មួយ​ទេសភាព​ធម្មជាតិ​យ៉ាង​ស្រស់​បំព្រង។ លើស​ពី​នោះ​អ្នក​នឹង​បាន​ទស្សនា​សារមន្ទីរ​ដែល​ដាក់​តាំង​នូវ​សំណល់​ផ្សេងៗ​ដែល​សេសសល់​ពី​បន្ទុះ​ភ្នំ​ភ្លើង​កាល​ពី​ឆ្នាំ ២០១០ ផង​ដែរ។

៣. រៀន​ធ្វើ​សារុង(Batik) ផ្ទាល់​ដៃ

សារុងBatik ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​មួយ​ប្រទេស​ និង​ជនជាតិ​ឥណ្ឌូណេស៊ី។ លក្ខណៈ​ពិសេស​របស់​វា​​ គឺ​រៀង​រាល់​កំណាត់​និមួយៗ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ប្រណិត​បំផុត​ដោយ​ស្រ្តី​ឥណ្ឌូណេស៊ី​ ដោយ​ពួក​គេ​​គូរ​ដាន​យ៉ាង​ផ្ចិតផ្ចង់ ជា​ដំណក់​ជ័រ​ស្អិត។ អ្នក​នឹង​មាន​អារម្មណ៍​ថា​​រីករាយ និង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ បន្ទាប់​ពី​ផលិត​បាន​ Batik មួយ​ដោយ​ផ្ទាល់​ដៃ។​

៤. ជិះ​ស៊ីក្លូ Bacak

នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ ចូកចាកាតា ក្លាយ​ជា​ទីក្រុង​ដ៏​សប្បាយ​ និង​​គួរ​ឲ្យ​ចាប់​អារម្មណ៍។ Becak ដែល​មាន​រូប​រាង​ស្រដៀង​និង​ស៊ីក្លូ​ខ្មែរ​នេះ មាន​លក្ខណៈ​ពិសេស​ត្រង់​ថា វា​ចែក​ចេញ​ជា​ ២ ប្រភេទ គឺ​ដំណើរ​ការ​ដោយ​ការ​ប្រើ​កម្លាំង​មនុស្ស​ធាក់ និង​ម៉ាស៊ីន​អូតូ។ ពេល​ជិះ​រ៉ឺម៉ក​នេះ អ្នក​នឹង​រីករាយ​ជា​មួយ​ខ្យល់​ធម្មជាតិ​បក់​មក​ប៉ះ​រាងកាយ បូក​រួម​ជា​មួយ​ការ​ទស្សនា​ស្នាម​ញញឹម​ដ៏​រួសរាយ​រាក់​ទាក់​របស់​ប្រជាជន​ឥណ្ឌូណេស៊ី។ ​

៥. ជិះ​រទេះ​សេះ ក្នុង​ទី​ក្រុង​បុរាណ

សាក​ស្រមៃ​មើល​ថា អ្នក​កំពុង​ស្ថិត​នៅ​អតីតកាល​ដោយ​ប្រើ​សេះ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។ នៅ​ទី​ក្រុង ចូកចាកាតា អ្នក​នឹង​អាច​រក​បាន​ក្ដី​រំភើប​​​ដោយ​ការ​ជិះ​រទេះ​សេះ​​​នៅ​ក្នុង​ទី​ក្រុង​ដ៏​ចំណាស់​នេះ ប្រៀប​ដូច​ជា​មន្រ្តី និង​ឬ​មាន​បុណ្យ​សក្ដិ​ខ្ពស់​ក្នុង​សម័យ​បុរាណ​ដូច្នេះ​ដែរ។ ​

៦. ដើរ​ថត​រូប​ក្នុង​ក្រុង

ចំណុច​នេះ​ពិត​ជា​ចាប់​ចំ​បេះ​ដូង​របស់​អ្នក​ចូល​ចិត្ត​ទេសភាព​នៃ​ក្រុង​បុរាណ ព្រោះ​នៅ ចូកចាកាតា មាន​បន្សល់​ទុក​នូវ​អគារ​ចាស់ៗ ដែល​ពោរពេញ​ដោយ​ក្បូរក្បាច់ និង​រចនាបថ​បុរាណៗ​ជា​ច្រើន។ ក្រៅ​ពី​នោះ ទី​ក្រុង​នេះ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ប្លែកៗ ដែល​អ្នក​អាច​សាក​ជិះ​ហើយ​ផ្ដិត​យក​រូប​ភាព​ស្អាតៗ​មក​ចែក​រំលែក​គឺ​បណ្ដាញ​សង្គម​គឺ​កាន់​តែ​អេម។

៧. សាក​ភ្លក់​អាហារ​តាម​តំបន់

បាន​ទៅ​ក្រៅ​ប្រទេស​ អ្វី​ដែល​មិន​គួរ​រំលង​នោះ គឺ​ការ​សាក​ញ៉ាំ​អាហារ​ប្លែកៗ​តាម​តំបន់។ នៅ ចូកចាកាតា ក៏​ដូចជា​ឥណ្ឌូណេស៊ី សម្បូរ​ណាស់​នូវ​​ចំណី​ចំណុក និង​ម្ហូប​ផ្សេងៗ​ជា​មួយ​តម្លៃ​សមរម្យ​ដែល​អ្នក​ត្រូវ​តែ​សាក។

៨. ទិញ​ទំនិញ​ថោកៗ​នៅ​ផ្លូវ​ Malioboro

ផ្លូវ Malioboro គឺ​ផ្លូវ​មួយ​ដែល​ប្រមូល​ផ្ដុំ​ដោយ​វត្ថុ​អនុស្សាវរីយ៍​ប្លែកៗ សម្លៀក​បំពាក់​ស្អាតៗ និង​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន​ជា​មួយ​តម្លៃ​សមរម្យ​មិន​គួរ​ឲ្យ​ជឿ។ នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ មាន​ទាំង​​តូប​លក់​ឥវ៉ាន់​តូច​ធំ ផ្សារ​លក់​ឥវ៉ាន់​ធម្មតា និង​ផ្សារ​ទំនើប​​ដ៏​ធំ ដែល​អ្នក​អាចស​ទិញ​ទំនិញ​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន។ ​

៩. មើល​ល្ខោន​យ៉ាង​ប្លែក​ភ្នែក​ពេល​រាត្រី

នៅ​ឥណ្ឌូណេស៊ី​ក៏​មាន​សិល្បៈ​បុរាណ​ដូចជា​ល្ខោន​ដែល​សម្ដែង​ចេញ​ពី​រឿង​ព្រេង និង​ប្រវត្តិ​របស់​សាសនា​នានា​ផង​ដែរ។ បើ​មាន​ឱកាស អ្នក​គួរ​ឆ្លៀត​ពេល​សំលៀង​ភ្នែក​ដោយ​​ស្រូប​យក​បទ​ពិសោធន៍​នៃ​ការ​ទស្សនា​ល្ខោន​ផ្សេងៗ​ដូចជា "រាមាយណ" ឲ្យ​បាន​ម្ដង ព្រោះ​ថា​​ការ​សម្ដែង និង​ការ​ស្លៀក​ពាក់​តែ​ប្រពៃណី​ និង​វប្បធម៌​របស់​ជនជាតិ​នេះ ពិត​ជា​ប្លែក​ដាច់​ខុស​ពី​ល្ខោន​​រឿង​ "រាម​កេរ្តិ៍" របស់​ខ្មែរ​យើង​តែ​ម្ដង៕

ឈុតមួយក្នុងរឿង "រាមាយណ"

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម