• 2019-11-21 08:44:05
  • ព័ត៌មាន

រាជរដ្ឋាភិបាលណែនាំ​ឲ្យ​ធ្វើ​ស្រូវ​ប្រាំងតែម្ដងនៅ​ឆ្នាំក្រោយ ទុកទឹក​ប្រើ​ប្រាស់ប្រចាំថ្ងៃ​

  • 2019-11-21 08:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​ណែនាំ​ឲ្យ​មានការ​រក្សាទឹកទុកសម្រាប់​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ដាំដំណាំ​រួម​ផ្សំផ្សេងៗ​ ដោយ​មិន​គម្បី​ធ្វើ​ស្រូវប្រាំងពី​រដង​នោះទេ​សម្រាប់​ឆ្នាំ​២០១៩-២០២០ ខាង​មុខនេះ។

នៅ​ថ្ងៃនេះរាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​សារាចរណែនាំ​មួយ​ដោយ​បាន​លើក​ឡើងថា​ក្នុង​ឆ្នាំ​២០១៩​នេះ​ទាំង​ប្រ​ទេស​កម្ពុជា និង​ប្រ​ទេស​ក្នុង​តំបន់​បាន​រង​នូវ​ឥទ្ធិ​ពល​អែលនីណូ ដែល​ធ្វើ​ឲ្យ​ធាតុ​អាកាស​មានសភាព​ក្ដៅ​ហួត​ហែងខ្លាំង រដូវ​រស្សា​មក​យឺត របាយ​ទឹក​ភ្លៀង​មានភាព​រអាក់​រអួល​​មិន​ស្មើ​គ្នា​ របប​ទឹក​ទន្លេ​មេគង្គ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង។ ប្រ​ភព​បន្តថា​ជាពិសេស​ទឹកជំនន់​មាន​តែមួយ​ដង​ហើយ​បន្ទាប់​មកក៏​បាន​ស្រក​ចុះ​ជា​បន្ត​បន្ទាប់ដល់​កម្រិត​ទាប​បំផុត​មួយ​ដែល​មិន​ធ្លាប់ជួប​ប្រ​ទះ​ក្នុង​រយៈពេល​កន្លង​មក។​

រាជរដ្ឋាភិបាល​ឲ្យ​ដឹងទៀតថា​បើ​ទោះ​បីជា​ពេល​នេះអាងទឹ​ក​នានាបាន​រក្សា​ទឹក​ស្ទើរ​តែបាន​១០០​ភាគរយ​ក្នុង​ក្រម​ខណ្ឌ​ទូទាំងប្រទេស​ក៏​ដោយ ក៏​បញ្ហា​គ្រប់​គ្រង និង​ប្រើ​ប្រាស់​​​ទឹក​នៅ​តែចាត់ទុក​ជា​អាទិភាព។

រាជរដ្ឋាភិបាល​បាន​ណែនាំ​ថា​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង​ក្នុង​ឆ្នាំ​២០១៩-២០២០ គឺ​អាច​ធ្វើ​បាន​តែម្ដង​ប៉ុណ្ណោះ មិន​អាច​ធ្វើ​បាន​ជា​លើកទីពីរ​នោះទេ បើ​ទោះបីជា​មាន​កន្លែង​ខ្លះ​មាន​ប្រ​ភព​ទឹក​ទុក និង​ទឹក​ធម្មជាតិ​ក៏​ដោយ និង​ថា​គួរគប្បី​រក្សាទឹក​ទាំងនោះទុក​ដើម្បី​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ការ​ដាំ​ដំណាំរួម​ផ្សំ​ផ្សេង​ៗ​ក្រៅពីស្រូវ។ ប្រ​ភព​ដដែល​បាន​បន្ត​ថាក្រ​សួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវមាន​វិធានការ​រក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ​ ដើម្បី​ទុក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ រហូត​មាន​ភ្លៀង​ធ្លាក់​ល្អ​ប្រ​សើរ​ឡើង​វិញ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់