• 2019-11-28 09:09:01
  • ព័ត៌មាន

បុណ្យបរិស្ថានរបស់សហគមន៍​បឹងទន្លេសាបឆ្នាំនេះ រំពឹង​ថា នឹង​មាន​ចូលរួម ៦ពាន់នាក់

  • 2019-11-28 09:09:01
  • ចំនួនមតិ 1 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ទិវាបុណ្យបរិស្ថានរបស់សហគមន៍បឹងទន្លេសាបនៅឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី១ ខែធ្នូ។ ទិវាបុណ្យបរិស្ថានរដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក» ដែលទិវានេះ នឹងប្រារព្ធធ្វើនៅតាមសហគមន៍ជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្ដខេត្តសៀមរាបដែលមាននៅសហគមន៍សង្កាត់សៀមរាប សហគមន៍ចុងឃ្នៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍មេជ្រៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​អង្គការមូលនិធីទំពាំងស្នងឫស្សី ដែល​បាន​ចេញផ្សាយ​ កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ២០១៩ ម្សិលមិញ​នេះ។

សំណល់ប្លាស្ទិក

លោក ស៊ា សុផល ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី ដែលជាអ្នកសម្របសម្រួលទិវានេះ មានប្រសាសន៍ថា ទិវានេះធ្វើឡើងដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» ផងដែរ ស្របពេលដែលរដូវទឹកសម្រកបឹងទន្លេសាប ដោយផ្តោតសំខាន់លើចលនាកំលាំងគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមធ្វើអនាម័យបរិស្ថាន ហើយកម្មវិធីនេះមានគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាននៅកម្ពុជា។ ទិវាអនាម័យជាតិ និងយុទ្ធនាការសំអាតបរិស្ថានរដូវទឹកសម្រកបឹងទន្លេសាបនេះ នឹងកា្លយជាចលករមួយជំរុញអោយមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីសហគមន៍នីមួយៗ ពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ជាហេតុធ្វើអោយប៉ះពាល់ដល់សោភ័ណ្ឌភាពបរិស្ថាន ជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាននៅកម្ពុជា ជាពិសេសគឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាបដែលបង្កឡើងដោយសំរាមប្លាស្ទិក។ ជាមួយគ្នានោះ ក៏មានចលនាចុះអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់សំរាមប្លាស្ទិកផងដែរ។

លោក ស៊ា សុផល បានចូលរួមកម្មវិធី​ «កៅអីក្ដៅ» ចែករំលែកបទពិសោធន៍រឿង ការសង្គ្រោះបឹងទន្លេសាប ពីការបំពុលសំរាមប្លាស្ទិក​ កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ២០១៩

កម្មវិធីនៅសហគមន៍ក្នុងសង្កាត់សៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ចាប់ពីចំណុចស្ពានផ្លូវក្រវ៉ាត់ក្រុងក្នុងភូមិកក្រាញ់ ដល់ចុងស្រុកក្នុងភូមិអារញ្ញ សង្កាត់សៀមរាប/ក្រុងសៀមរាប ដែលគ្រោងមានអ្នកចូលរួមប្រមាណ ១ ៥០០នាក់។ កម្មវិធីថ្ងៃទី២៩ នៅសហគមន៍មេជ្រៃ ស្ថិតនៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដែលគ្រោងមានអ្នកចូលរួមប្រមាណ៥០០នាក់។ កម្មវិធីថ្ងៃទី៣០ នៅសង្កាត់ចុងឃ្នៀស ដែលគ្រោងមានអ្នកចូលរួមប្រមាណ៧០០នាក់ ដែលនឹងធ្វើការរើសសំរាមចាប់ពីរង្វង់មូលភ្នំក្រោមដល់វត្តកោះខ្សាច់បឹងទន្លេសាប។ ចំណែកកម្មវិធីបញ្ចប់នៅថ្ងៃទី១ ខែធ្នូ រៀបនៅសហគមន៍ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលមានប្រជាពលរដ្ឋចូលរួមទាំង១០ភូមិក្នុងឃុំកំពង់ឃ្លាំង ដែលគ្រោងមានអ្នកចូលរួមប្រមាណ ៣ ០០០នាក់។ ក្នុងនោះក៏មានកម្មវិធីមួយយប់មួយថ្ងៃចាប់ពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ដែលមានកម្មវិធីសប្បាយៗជាច្រើនដូចជាការប្រគំតន្រ្ដី ល្បែងកម្សាន្ត បញ្ចាំងកុនឯកសារបរិស្ថាន ការសម្ដែងសិល្បៈអប់រំបរិស្ថានរបស់ក្រុមសិល្បៈ Bamboo stage កម្មវិធីដុតកាំជ្រួញ បង្ហោះគោម បោះជំរំតង់សហគមន៍ និងកម្មវិធីរាំកម្សាន្ត។ល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ នឹងមានការចូលរួមមកពីស្ថាប័នពាក់ព័ន្ធនានា មានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដូចជាមន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុកសូទ្រនិគម ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗសរុបប្រមាណ ៦ ០០០នាក់ ហើយអ្នកចូលរួមនឹងធ្វើសកម្មភាពសម្អាតបរិស្ថានទាំងក្នុងទឹកនិងលើគោក៕

ប្រភព៖ គណនី Sophal Sea

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់