• 2020-01-29 07:26:32
  • ព័ត៌មាន

ត្រឹមពេល ៤ថ្ងៃ! ចិនសាងសង់មន្ទីរពេទ្យថ្មី សម្រាប់អ្នកឆ្លងវីរុសកូរ៉ូណាបានប៉ុណ្ណាហើយ? (វីដេអូ)

  • 2020-01-29 07:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​ដោះ​ស្រាយ​បញ្ហា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដ៏​កាច​សាហាវ ដែល​កំពុង​រាល​ដាល​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត រដ្ឋាភិបាល​ទីក្រុង Wuhan បាន​ប្រកាស​សាងសង់​មន្ទីរ​ពេទ្យ​ថ្មី​ចំនួន ២ដោយ​ប្រើរយៈ​ពេល​ត្រឹម​តែ ៦​ថ្ងៃ​ប៉ុណ្ណោះ។

​មន្ទីរពេទ្យ​ទី​មួយ​ដែល​កំពុង​សាង​សង់​ មាន​ឈ្មោះ​ថា Huoshenshan ទំហំ ២៥ ០០០ ម៉ែត្រ​ការ៉េ​នឹង​​អាច​ទទួល​អ្នក​ជំងឺ​បាន ១ ពាន់​នាក់ ដោយ​មាន​គ្រែ​ចំនួន ១ ពាន់។ គេ​រំពឹង​ថា​វា​នឹង​បញ្ចប់​ការ​សាង​សង់ ហើយ​បើក​ទទួល​អ្នក​ជំងឺ​នៅ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ដែល​​ចាប់​ផ្ដើម​សាង​សង់​ពី​​​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ គិត​មក​ត្រឹម​ពេល​នេះ ការ​សាងសង់​បាន​ចំណាយ​ពេល​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ ដោយ​គម្រោង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជននៅជុំវិញពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​វា​បង្ហាញពីល្បឿននៃការសាងសង់របស់ប្រទេសចិន។ នៅ​ក្នុង​វីដេអូ គេ​ឃើញ​មាន​ដង​ស្ទូច និង​គ្រឿងចក្រ​រាប់រយ​ច្រើន​គ្រឿង​ដែល​កំពុង​បំពេញ​ការងារ​សាងសង់​ដើម្បី​ឲ្យ​ទាន់​ពេល​វេលា។ នៅ​ពេល​នេះ គ្រឹះ​នៃ​អគារ​មន្ទីរពេទ្យ បាន​លេច​ជា​រូប​រាង​ហើយ​និង​អាច​បញ្ចប់​ការ​សាងសង់​អគារ​ទាំង​មូល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀតប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០០៣​កន្លង​ទៅ អាជ្ញាធរ​ចិន​ក៏​ធ្លាប់​សាងសង់​មន្ទីរពេទ្យ​មួយ​ឈ្មោះ​ថា Xiaotangshan ក្នុង​ទីក្រុង​ប៉េកាំង​ផង​ដែរ ដោយ​ចំណាយ​ពេល​ត្រឹម ៧​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ជាការ​ឆ្លើយ​តប​នឹង​ការ​ឆ្លង​ជំងឺ SARS។ មន្ទីរពេទ្យ​នេះ បាន​ទទួល​ព្យាបាល​អ្នក​ជំងឺ ១/៧ ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​ទាំង​អស់​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​នោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់