• 2020-02-18 02:16:31
  • ព័ត៌មាន

ប្រយ័ត្ន! ផ្ដាសាយបក្សីរាលដាលពេញប្រទេស វៀតណាមសម្លាប់មាន់ជាង ៥ម៉ឺនក្បាលចោល

  • 2020-02-18 02:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងហាណូយ និង​ខេត្ត​បួន​ទៀត​ក្នុង​ប្រទេស​វៀតណាម កំពុង​ធ្វើ​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រាតត្បាត​នៃ​ជំងឺ​ផ្ដាសាយ​បក្សី ដែល​បណ្ដាល​ឲ្យ​មាន​ជាង ៥៥ ០០០​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម​អនុប្រធាននាយកដ្ឋានសុខភាពសត្វ​លោក Nguyen Van Long ឲ្យ​ដឹង​ថា ការ​ផ្ទុះ​ឡើ​ងជំងឺ​ផ្ដាសាយ​បក្សី ៣​ករណី​ចុង​ក្រោយ ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត Thanh Hoa និង Tra Vinh។ ជាលទ្ធផលមានសត្វបក្សីប្រមាណ ២ ៦៧០ ក្បាល បានងាប់ឬត្រូវបានគេសម្លាប់នៅទូទាំងតំបន់ទាំងនេះ។ ការផ្ទុះជំងឺផ្តាសាយបក្សី ក៏ត្រូវបានគេរកឃើញនៅហាណូយ, ខេត្ត Bac Ninh និង Nghe An ផងដែរ។

ចំណែក​ឯ​រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong ឲ្យដឹងថា​កត្តាដែលបណ្ដាល​ឲ្យ​ការផ្ទុះជំងឺផ្ដាសាយបក្សីកើនឡើងទូទាំងប្រទេសវៀតណាមរួមមាន ចំនួនបក្សីច្រើន, កត្ដាអាកាសធាតុអាក្រក់ និងការធ្វើពាណិជ្ជកម្មសាច់គ្មានអនាម័យនិងការអនុវត្តការសម្លាប់សត្វជាដើម។ ប្រទេសវៀតណាមមានបក្សីប្រមាណ ៤៦០ លានក្បាល ដោយ​ក្នុង​នោះ​បក្សីប្រហែល ១៣៣ ០០០ ក្បាល​ត្រូវ​បាន​សម្លាប់កាលពីឆ្នាំមុនដោយសារជំងឺផ្តាសាយបក្សី។

គួរឲ្យដឹង​ថា កាលពីដើមខែនេះក្រសួងកសិកម្ម បានអំពាវនាវដល់អាជ្ញាធរទូទាំងប្រទេសឱ្យបង្កើនវិធានការណ៍បង្ការប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE) ដែលបង្ហាញពីការផ្ទុះឡើងនៃជំងឺ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនិងតំបន់ចំនួន ១១ ក្នុងឆ្នាំនេះ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់