• 2020-03-27 08:17:20
  • ព័ត៌មាន

អំឡុងផ្ទុះជំងឺកូវីដ គួរងាកមកពង្រឹងវិស័យកសិកម្មបង្កើនការដាំដុះ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

  • 2020-03-27 08:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលនេះ គឺជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលជាការព្រួយបារម្ភជាសកលអំពីការរីកសាយភាយកាន់តែខ្លាំង។ ម៉្លោះហើយវិធានការជាច្រើនបានផ្អាកសកម្មភាពទាំងស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ហើយពលករខ្មែរដែលធ្វើការនៅបរទេសក៏បានវិលត្រឡប់មកស្រុកកំណើតវិញ និងអ្នកខ្លះបែរមកធ្វើការតាមផ្ទះជាដើម។ ដូច្នេះនៅអំឡុងពេលនេះ គួរតែមានការពង្រឹងវិស័យកសិកម្មបង្កើនការដាំដុះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ចាវ ប៉េងណាំ នាយកប្រតិបត្តិអង្គការអភិវឌ្ឈន៍កសិកម្ម និងជាគ្រូបណ្ដុះបណ្ដាលផ្នែកកសិកម្ម បានថ្លែងប្រាប់គេហទំព័រ Sabay ថា ក្នុង១ឆ្នាំៗ ប្រទេសកម្ពុជាបាននាំចូលបន្លែរាប់តោនពីក្រៅប្រទេស ដូច្នេះយើងគប្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស ហើយស្របពេលនេះ គឺជាឱកាសនៃការផ្សព្វផ្សាយអំពីការបង្កើនការផលិតក្នុងស្រុក។

ទន្ទឹមនឹងការលើកឡើងខាងលើនេះ លោក ចាវ ប៉េងណាំ បានបញ្ចេញទស្សនៈថា ដើម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស គឺ

  • ១. ប្រជាជនរួមគ្នាផលិតបន្លែធម្មជាតិ តាមរយៈការបង្កើតសហគមន៍

  • ២. បង្កើនបច្ចេកទេស ដែលមានក្រសួងជំនាញ (ក្រសួងកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធកសិកម្ម)

  • ៣. ក្រសួងបំផុសចលនាឲ្យប្រជាកសិករបង្កើនការដាំដុះជាដើម។

លោក ចាវ ប៉េងណាំ បាន​បន្ថែមថា «យើង​ជំរុញ​ឲ្យ​មាន​ការ​ដាំដុះ ឬ​ពង្រឹងវិស័យកសិកម្ម​បាន​ នោះ​យើងបាន​កាត់បន្ថយ​ការ​ងារចំណាកស្រុក ដែលជំនាន់កូវីដ​១៩ ធ្វើឲ្យ​ពលករ​រត់មកស្រុកវិញ ដូច្នេះ​យើង​ចង់​ឲ្យ​ពួកគាត់​ងាកមកគិតគូពីការងារ​កសិកម្ម​ នៅផ្ទះ​របស់​គាត់»។

ស្រដៀងគ្នានេះដែរ លោក យ៉ង សាំងកុមារ ទីប្រឹក្សាអង្គការសេដាក បានលើកឡើងដែរថា ដើម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស គឹ

  • ១. គាំទ្រផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស

  • ២. ពង្រឹងប្រព័ន្ធពាណិជ្ជកម្មក្នុងស្រុក ហើយគួរតែមានកន្លែងស្ដុកទុកបន្លែឲ្យមានសុវត្ថិភាព កន្លែងស្ដុកមានសីតុណ្ហភាពត្រជាក់ អាចទុកបន្លែងបានយូរ ដែលអាចបង្កើតឡើងដោយវិស័យឯកជន ឬរដ្ឋ។

  • ៣. រឹតបន្ដឹងការនាំចូលចំណីអាហារ ពីក្រៅប្រទេស

លោកបណ្ឌិត យ៉ង សាំងកុមារ បានបន្ថែមថា នៅអំឡុងនៃការផ្ទុះជំងឺកូវីដ១៩នេះ ក៏អាចជាឱកាសនៃការផ្សព្វផ្សាយអំពីកសិកម្ម ប៉ុន្ដែត្រូវមានអ្នកបង្គោល រឹងមាំ ត្រួតពិនិត្យជាប្រចាំអំពីវិស័យកសិកម្ម ដោយធ្វើយ៉ាងណា ឲ្យកសិករដាំដុះបានគ្រប់រដូវ គ្រប់មុខ ដើម្បីផ្គត់ផ្គង់ទីផ្សារ។

តាមរបាយការណ៍ដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមក គឺប្រទេសកម្ពុជា បាននាំចូលបន្លែពីក្រៅប្រទេសប្រមាណជា ២០០-៤០០ តោន ក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ តួលេខនេះអាចនឹងមានការកើនឡើង ព្រោះប្រជាជនសព្វថ្ងៃកើនឡើង ដូច្នេះតម្រូវការក៏កើនឡើងដែរ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ និង សាច់ពីប្រទេសខាងក្រៅ ហើយងាកមកបង្កើនការដាំដុះ និងការចិញ្ចឹមនៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន ។

សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសបែបនេះស្របពេលដែលបច្ចុប្បន្ននេះ បន្លែ និងភោគផលមួយចំនួនរបស់កសិករខ្មែរកំពុងធ្លាក់តម្លៃ និងមួយចំនួនត្រូវបាននាំចូលពីបណ្ដាប្រទេសជិតខាងដូចជា វៀតណាម និងថៃជាដើម ។ «ចាប់ពីពេលនេះតទៅ នឹងត្រូវបំផុសឱ្យប្រជាពលរដ្ឋខ្មែរធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី និងត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅ ដែលបានប្រើប្រាស់គីមីច្រើន»៕

ឥឡូវ​នេះ​ប្រិយមិត្ត អាច​រក​ទិញ​ត្រី សាច់ បន្លែ និង​ផ្លែឈើ​សុទ្ធ​១០០% បាន​នៅ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅ​ជាន់​ផ្ទាល់​ដី នៃ​ផ្សារ​ទំនើប​អូឡាំ​ព្យា​ក្បែរ​ស្តុប​នាង​គង្ហីង ក្នុង​ខណ្ឌ​៧ មករា។ សម្រាប់​សេវាកម្ម​កុម្ម៉ង់ និង​ដឹកជញ្ជូន​កសិផល​ធម្មជាតិ​ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ អាច​ទាក់តាម​ទូរស័ព្ទ​លេខ៖ ០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់