- 2017-10-18 05:07:38
- ព័ត៌មាន
ឪពុកម្ដាយយកទៅទម្លាក់ចោលពីតូច ពេលពេញកម្លោះនៅតែតាមស្វែងរកចង់ជួបពួកគាត់
- 2017-10-18 05:07:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយយកទៅទម្លាក់ចោលពីតូច ពេលពេញកម្លោះនៅតែតាមស្វែងរកចង់ជួបពួកគាត់
ចន្លោះមិនឃើញ
មនុស្សភាគច្រើនពិតជាមានសំណាងគ្រប់គ្រាន់ដែលបានធំដឹងក្ដី និងរស់នៅជាមួយឪពុកម្ដាយបង្កើត ប៉ុន្តែបុរសខាងក្រោមនេះ ត្រូវបានឪពុកម្ដាយយកទៅទុកចោលនៅចំណតរថយន្តក្រុង ខណៈគេមានអាយុទើប ៩ឆ្នាំ។
លោក Mohamad Putera Zainuddin ឥឡូវមានអាយុ ២១ឆ្នាំ បានប្រាប់រឿងរ៉ាវរំជួលចិត្តលើបណ្ដាញសង្គម ធ្វើឲ្យមិត្តភ័ក្ដិ និងមនុស្សជាច្រើនអាណិតអាសូរជាខ្លាំង។ លោកបានភ្ជាប់រូបថតនៃក្រដាសកាសែតចាស់មួយដោយរៀបរាប់ថា ខ្លួនត្រូវបានឪពុកម្ដាយបោះបង់ចោលនៅខាងក្រោយចំណតរថយន្តតូចមួយនៅចំណុច Kampung Megat ទីក្រុង Kuantan រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៣ កញ្ញា ឆ្នាំ ១៩៩៦។
លោកបានបង្ហោះសារទាំងនេះ ដោយសង្ឃឹមថានឹងអាចស្វែងរកឪពុកម្ដាយបង្កើត ទោះពេលនេះមិនមានដំណឹងពីគាត់ក៏ដោយ ហើយលោកក៏មិនខឹងពួកគាត់ដែរ។ បច្ចុប្បន្ន កំលោះសង្ហារូបនេះ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនួយការឱសថ (Medical Assistant) ក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រនៅទីក្រុង Seremban ប្រទេសម៉ាឡេស៊ី។
លោកត្រូវបានគ្រួសារចិត្តធម៌មួយស្ម័គ្រយកទៅចិញ្ចឹមដែលកំពុងរស់នៅរដ្ឋ Johor តែលោកនៅតែចង់ជួបឪពុកម្ដាយបង្កើតដដែល។ ជាកូនទោលក្នុងគ្រួសារចិញ្ចឹមខាងលើបន្តថា "ខ្ញុំដឹងថា ខ្ញុំត្រូវគេយកចិញ្ចឹមតាំងពីក្មេង ខ្ញុំមានក្ដីស្រមៃមួយ ចង់ស្វែងរកឪពុកម្ដាយបង្កើតរបស់ខ្ញុំ"។
លោកបន្ថែមថា "ឪពុកម្ដាយបង្កើតរបស់ខ្ញុំបានទុកខ្ញុំចោលទាំងខ្ញុំសុខភាពល្អ ស្អាតបាត ស្លៀកពាក់ខោអាវថ្មីៗ រួមនឹងភួយមួយផងដែរ។ ខ្ញុំច្បាស់ថា ពួកគាត់ប្រាកដជាមានបញ្ហាណាមួយដែលខ្ញុំមិនដឹង បានជាបោះបង់ខ្ញុំចោលបែបនេះ"។
ទោះបីជាអ្នកដទៃជួយរកឪពុកម្ដាយគាត់មិនឃើញ តែពួកគេបាននាំនិស្សិតខាងលើទៅជួបបុរសម្នាក់ឈ្មោះ Hamid ដែលបានប្រទះឃើញកុមារនេះមុនគេនៅចំណតរថយន្ត។ បុរសរូបនេះ បានជួប Putera ពេលគាត់កំពុងទៅធ្វើការ ហើយឃើញ Putera ដើរតាមផ្លូវដូចជាវង្វេងផ្ទះ រួចគាត់ក៏បានហៅអ្នកនៅក្បែរនោះឲ្យជួយក្មេងតែម្ដងនៅម៉ោង ៥៖៣០នាទីល្ងាច។ មកទល់ពេលនេះ Putera មិនអាចរកឃើញឪពុកម្ដាយ ប៉ុន្តែគេនៅតែមិនអស់សង្ឃឹម និងតាមស្វែងរកបន្តទៀត៕
ចុចអាន៖