• 2017-12-25 09:05:02
  • សេដ្ឋកិច្ច

ទម្លាប់​ឡើងមកភ្នំពេញ​ ទិញ​ត្រីធ្វើ​ប្រហុក ដែល​ពលរដ្ឋខ្មែរ​មិន​បោះបង់ចោល​

  • 2017-12-25 09:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​បោះ​បង់​ចោល​ទម្លាប់​ក្នុង​ការ​ឡើងមក​កាន់ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រ​មូល​ទិញ​ត្រីល្អិតៗ​សម្រាប់​ធ្វើ​ត្រី​ប្រហុក​នោះ​ទេ​ បើ​ទោះបីសម័យ​កាល​មាន​ការ​វិវត្ត​យ៉ាង​ណា​ក៏​ដោយ។​

នៅ​តាម​បណ្តោយ​មាត់ទន្លេ​ម្តុំ​គីឡូ​ម៉ែត្រ​លេខ​ប្រាំ​៩ ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ប្រជាពល​រដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​បាន​រៀប​ចំកន្លែង​ស្នាក់​នៅ​ក្រោម​ដំបូល​តង់​ជាប់​នឹង​មាត់ទន្លេ​តែ​ម្តង។ នៅ​ជាប់​នឹង​មាត់ទន្លេ គឺ​ដោយ​សារ​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ពិនិត្យ​ និង​ទិញ​ត្រី​ដែល​ដឹក​តាម​ទូក​មក​ចត​នៅ​ក្បែរ​នោះ​។

(ស្ត្រីម្នាក់​កំពុង​ពិនិត្យ​មើល​ត្រី​ដែលទើប​ដឹក​តាមទូក​មក​ដល់ច្រាំង​ ដើម្បីទិញទុក​ធ្វើ​ប្រ​ហុក)

អ្នក​ស្រី ​ម៉ៅ ហ៊ាន វ័យ​ ៥៧​ឆ្នាំ​ មកពី​ខេត្ត​តាកែវឲ្យ​ដឹងថា​អ្នកស្រី​បាន​មក​ភ្នំពេញ​បានពីរថ្ងៃហើយ ដើម្បិ​រង់ចាំ​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រ​ហុក​។ បើ​និយាយពី​ការ​មក​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុកនេះ អ្នកស្រីថា អ្នកស្រីបាន​ធ្វើបែបបេះ​តាំងពី​អ្នក​ស្រី​មានអាយុ​១៦​ឆ្នាំ មក​ម្លេះ។ អ្នក​ស្រីបន្តថា​ថា ជា​រៀង​រាល់ឆ្នាំ​អ្នក​ស្រី​តែ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​ពេល​រដូវ​ត្រី​ត្រូវ​ម្តងៗ។

(អ្នកស្រី ម៉ៅ ហ៊ាន កំពុង​ឈរ​ជាមួយពល​រដ្ឋ​ផ្សេង​ទៀត ត្រៀម​ពិនិត្យ និងទិញ​ត្រីសម្រាប់ធ្វើប្រហុក)

កំពុង​តែ​ឈរ​ពិនិត្យ​មើ​លការ​លាងសម្អាត​ត្រី​ដោយ​ម៉ាស៊ីន ដែល អ្នកស្រី​ទើប​ទិញបាន អ្នកស្រី​រៀប​រាប់ទៀតថា​​ការ​ឡើង​មក​ទិញ​ត្រី​នេះ​ជាទម្លាប់​របស់​អ្នកស្រី និង​អ្នក​ភូមិទៅ​ហើយ ដោយថា​ពួកអ្នក​ស្រី​​មិនទម្លាប់ទិញ​ប្រ​ហុក​គេ​ទទួល​ទាន​នោះទេ ​ពោល​គឺ​មក​ទិញ​ត្រី និង​ផលិត​ខ្លួន​ឯង​ដើម្បី​ទុក​ទទួល​ទាន​ពេញ​មួយ​ឆ្នាំ ឬ​អាច​លក់​បាន​តិចតួច​ក៏មាន។

(អ្នក​ទទួលលាង​សម្អាត​ត្រី កំពុង​លើក​ត្រី​ចាក់ចូលម៉ាស៊ីន​ដើម្បី​លាង​សម្អាត)

ដើម្បី​ទិញ​ត្រីបាន​អ្នកស្រី ម៉ៅ ហ៊ាន ត្រូវ​ប្រ​ជ្រៀត​ជាមួយ​នឹង​អ្នក​ផ្សេងទៀត​ដើម្បី​បាន​ពិនិត្យ​​រក​ត្រី​ដែល​នៅ​ស្រស់ៗ ដោយ​ថា​ត្រី​ស្រស់​មិន​សូវ​ខាត​គីឡូ​ពេល​លាង​សម្អាត​ដោយ​ម៉ាស៊ីន​រួច។ យ៉ាងណា​មិញ​អ្នកស្រី​ត្អួញ​ត្អែ​រដែរថា ត្រី​ឆ្នាំនេះ​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន​ ដោយ​ថា​ឆ្នាំ​មុន​ត្រី​ស្រស់​មួយគីឡូ​ក្រាម​តម្លៃ​ពី​១ ៧០០​រៀល ទៅ​២ ០០០រៀល តែ​ថា​ឆ្នាំ​នេះ​មាន​តម្លៃ​ពី២ ០០០ ទៅ​២ ៥០០​រៀល។​

(បុរស​ម្នាក់​កំពុង​បាញ់​ទឹក​ចូល​ម៉ាស៊ីន​លា​ង​សម្អាត​ត្រី)

ចំណែក​លោក លោក សួន ស៊ង កំពុង​អង្គុយ​រើ​សត្រី​ដែល​ទើប​លាង​សម្អាត​រួច​មាន​ប្រ​សាសន៍ថា​​ត្រី​ឆ្នាំ​នេះ​ហាក់​ឡើង​ថ្លៃ​ជាងឆ្នាំមុន​បន្តិច ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​ប្រមូលទិញ​បាន​តិច។ លោក​បន្ថែមថា​រាល់​ឆ្នាំ លោកទិញ​ត្រី​បាន​ប្រហែលជា​៣០០​គីឡូ​ក្រាម​តែ​ឆ្នាំ​នេះ​លោក​ទំនង​ជា​ទិញ​បាន​​ប្រហែលជា​២០០គីឡូក្រាម​ប៉ុណ្ណោះ។

(ត្រីដែលលាង​សម្អាត​រួច​ហើយ​ត្រូវ​បូមបញ្ជូន​តាម​បំពង់​មួយមក​លើ​ច្រាំង)

បុរស​វ័យ​៧០​ឆ្នាំ​ មក​ពី​​ខេត្ត​តាកែវ​រូបនេះ​​បន្តថា​ លោក​មិន​យល់ទេ​ថា​ហេតុ​អ្វី​បាន​ជាត្រី​ឆ្នាំ​នេះ​ឡើង​ថ្លៃ​បែបនេះ។ លោក​រៀបរាប់ថាៈ «តម្លៃ​ស្រេចតែ​ឈ្មួញ នៅលើមាត់(គេ)»។

(លោក សួន ស៊ង កំពុង​រើសក្បាល​ត្រី ចេញពី​ត្រី​ដែល​ទើប​លាង​រួច)

ប្រ​ជា​ពល​រដ្ឋ​ផ្សេងទៀត​ដែល​កំពុងអង្គុយ​រើស​ត្រី​ដែល​សម្អាត​រួច​នៅ​ក្រោម​ដំបូល​តង់​ជាប់​មាត់​ទន្លេ​នោះ អះអាងថាពួកគាត់មិន​ហ៊ាន​ទទួលទាន​ប្រហុក​ទិញ​នៅ​ផ្សារ​នោះទេ ដោយថា​បារម្ភពី​សារាធាតុគីមី និងម្យ៉ាងទៀតថា​ប្រហុក​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ក៏មាន​តម្លៃ​ថ្លៃ​មិន​ទាបជាង​១ម៉ឺន​រៀល​ក្នុង​មួយគីឡូ​ក្រាម​នោះ​ដែរ​។​ អ្នក​ទាំងនោះ​លើក​ឡើង​ប្រហាក់​ប្រ​ហែលគ្នា​ថា​ ប្រ​ជា​ពល​រដ្ឋ​ទទួលទានប្រ​ហុក​ជាទម្លាប់ទៅ​ហើយ ដែល​ទម្លាប់នេះ​មិន​អាចបង់​បោះបានទេ ដោយ​ថាម្ហូប​អាហារ​ប្រ​ចាំ​ថ្ងៃ​ជាច្រើនមុខ​ត្រូវការ​ប្រហុក។

ប្រ​ជា​ពល​រដ្ឋ​ដែល​មក​ទិញ​ត្រី​បាន​អង្គុយ​រង់ចាំ​ទូក​ដឹក​ត្រីចូល​មក​គៀកច្រាំង ម្នាក់ៗ​ពិនិត្យ​ និង​ទទួលទិញ​ទៅតាម​លទ្ធភាព។ ប្រ​ជា​ពល​រដ្ឋទាំង​នោះ​មិន​លាង​សម្អាត និងកាត់​ក្បាល​ត្រី​ដោយ​ខ្លួន​ឯងនោះទេ ពោលគឺបន្ទាប់ពី​ទិញ​ហើយ ពួកគាត់​ជួល​ង​ម៉ាស៊ីន​ដែល​នៅ​ក្បែរនោះ​ដើម្បីលាង​សម្អាត ដោយ​១០០គីឡូក្រាម​ត្រីស្រស់ចំណាយថ្លៃ​ឈ្នួល​​ចន្លោះពី​២០ ០០០រៀល ទៅ​២៥ ០០០​រៀល​។​

(ប្រ​ជា​ពល​រដ្ឋ​ផ្សេងទៀត​កំពុង​រើស​ក្បាល​ត្រីដែល​សេសសល់​ ចេញពី​ត្រី​ដែល​លាង​រួច)

បើ​តាម​សេចក្តីជូន​ដំណឹង​​របស់​រដ្ឋបាលជល​ផល នៃ​ក្រ​សួង​កសិកម្ម កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​​ដឹង​ថាពី​ថ្ងៃទី​២២ដល់​២៧ ខែ​ធ្នូ ឆ្នាំ ២០១៧ និង​ពីថ្ងៃទី២១ ដល់​២៦ ខែ​មករា ឆ្នាំ​២០១៨ ជា​ពេល​ដែល​អាច​នេសាទត្រីបាន​ច្រើន​ បើ​សិនជាមេឃស្រឡះ​គ្មាន​ភ្លៀង។ សម្រាប់​រយៈពេលនេះ រដ្ឋបាលជលផលថា​ប្រ​ជាពល​រដ្ឋដែល​ចង់ធ្វើត្រីប្រហុក​អាច​ឡើង​មក​ទិញ​ទុក​ធ្វើប្រហុក ផ្អក​បាន៕​​​​​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់