- 2018-01-15 03:38:47
- ព័ត៌មាន
ចង់ទិញឃ្មុំបានក្បាលទឹកល្អ ត្រូវដឹងរឿងនេះ
- 2018-01-15 03:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញឃ្មុំបានក្បាលទឹកល្អ ត្រូវដឹងរឿងនេះ
ចន្លោះមិនឃើញ
របររកឃ្មុំក្លាយជាទម្លាប់មួយទៅហើយរបស់ប្រជាកសិករខ្មែរមួយចំនួន បន្ទាប់ពីពួកគាត់សម្រាកពីការធ្វើស្រែចម្ការ។ ជារៀងរាល់ព្រឹកនៅ ក្រោយរដូវចម្រូតនេះ កសិករប្រហែលជា២០ទៅ៣០នាក់ប្រដាប់ដោយកណ្តៀវនិងកន្ត្រកក្នុងដៃបានមកជួបជុំគ្នានៅតៀមកាហ្វេមួយកន្លែងក្បែរវត្តខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
មកតៀមការហ្វេទាំងព្រលឹមស្រាងៗបែបនេះគឺដោយសារពួកគាត់ប្រញាប់មកស្រស់ស្រូប អាហារពេលព្រឹមមុននឹងចេញដំណើរទៅរកឃ្មុំ។ ដំណើរទៅរកឃ្មុំនេះ មិនមែនរកតែក្នុងដែនដីខេត្តតាកែវនោះទេ តែក៏មានដែរទៅដល់ក្នុងទឹកដីខេត្តកំពត ដែលមានចម្ងាយមិនតិចជា៤០គីឡូម៉ែត្រពីផ្ទះរបស់ពួកគាត់នោះទេ។
សម្រាប់អ្នកចង់ទិញឃ្មុំវិញគួរទិញនៅថ្ងៃណាដែលអាកាសធាតុមិនអាប់អួទើបទទួលបានឃ្មុំដែលមានក្បាលទឹកល្អ និងមានទឹកច្រើន។ នេះបើតាមការអះអាងពីអ្នករកឃ្មុំ។
លោក ភេទ សឿន មានគ្នាបីនាក់ជាក្រុមអ្នករកឃ្មុំក្នុងចំណោមអ្នកផ្សេងទៀត។ ជាមួយនឹងដៃកាន់កន្រ្តក និងកណ្តៀវ ឯភ្នែកវិញរំពៃតាមព្រៃ និងដើមឈើខ្ពស់ៗមួយចំនួនដើម្បីរកមើលឃ្មុំ បុរសទាំងបីហាក់មានសំណាងដែលបានឃើញឃ្មុំជាបន្តបន្ទាប់។
បុរសវ័យ៣៥ឆ្នាំរូបនេះអះអាងថាការដើររកឃ្មុំមិនមានក្បួនសំគាល់ថាទីនេះ ឬទីនោះមានឬគ្មានឃ្មុំទេ តែលោកថាគឺជាការផ្សងសំណាងមួយ។ ទោះយ៉ាងណាលោកក៏ឲ្យដឹងថាថ្វីត្បិតតែគ្មានក្បួនសម្រាប់សម្គាល់ ក៏ថាក្រុមអ្នករកឃ្មុំអាចផ្សងសំណាងទៅតំបន់ព្រៃមួយចំនួនដែលគេជឿថានឹងមានឃ្មុំ។
កាលពីម្សិល អ្នកសារព័ត៌មាន Sabay បានរួមដំណើរជាមួយអ្នកទាំងបី ហើយឃើញថាម្សិលមិញនេះក៏មិនមែនជាថ្ងៃសយរបស់ពួកគាត់ដែរដោយអ្នកទាំងបីអាចរកឃ្មុំបានរហូត១៣ផ្លិត។
បើតាមលោក សឿន ឃ្មុំសំបូរទឹករកបានតែនៅរដូវប្រាំង ពោលគឺថ្ងៃដែលគ្មានភ្លៀងធ្លាក់ ឬមេឃរលឹមតែប៉ុណ្ណោះ និងម្យ៉ាងលោកថាបើរកបាននៅពេលមេឃអាប់អួ ឃ្មុំក៏មិនមានក្បាលទឹកល្អដែរ។
លោកពន្យល់ថាៈ « ប្រសិនបើអាកាសធាតុមិនល្អដូចជាមានខ្យល់ខ្លាំង ឬមេឃអាប់អួជាដើម...ពេលនោះឃ្មំប៊ឺតទឹកចេញពីផ្លិត(ក្បាលទឹក)អស់ហើយ...ដូច្នោះបើយើងយកបានក៏មានទឹកតិចតួចបំផុតផ្ទុយទៅវិញបើមេឃក្តៅ...ឃ្មុំសំបូរទឹកច្រើននៅក្នុងផ្លិត»។
ដោយឡែកបុរសវ័យកណ្តាលម្នាក់ទៀតឈ្មោះ បង បាយ មានទីលំនៅក្បែវត្តខ្នា ក្នុងឃុំលាយបូរ ប្រាប់ថាអ្នករកឃ្មុំភាគច្រើនចេញទៅរកឃ្មុំឆ្ងាយៗរហូតដល់ស្រុកឈូក ស្រុកជុំគីរី ជាដើមដោយថានៅទីនោះសំបូរព្រៃអាចប្រទះឃ្មុំធំៗល្អ។
ចំពោះរូបលោកវិញលោកថារកតែម្តុំព្រៃលើជិតៗរង្វង់ប្រហែល២០គីឡូម៉ែត្រពីផ្ទះប៉ុណ្ណោះ ព្រោះខ្វះមធ្យោបាយធ្វើដំណើរ។ទោះយ៉ាងណាលោកថាសព្វថ្ងៃអ្នកដើរប្រមាញ់ឃ្មុំមានចំនួនច្រើនដែលពិបាករកបានឃ្មុំនៅតំបន់ជិតៗផ្ទះណាស់។
សម្រាប់ឃ្មុំមួយផ្លិតអ្នកប្រមាញ់ឃ្មុំខាងលើឲ្យដឹងថាមានតម្លៃចន្លោះពី១ម៉ឺនរៀលទៅដល់៥ម៉ឺនរៀលទៅតាមទំហំតូចឬធំ និងមានក្បាលទឹកល្អប៉ុណ្ណា។ យ៉ាងណាមិញ កាលពីម្សិលមិញ អ្នកទាំងបីបានលក់ឃ្មុំដែលរកបាន និងបានប្រាក់ម្នាក់ៗប្រហែលជា៥ម៉ឺនរៀល។
គួរបញ្ជាក់ថាឃ្មុំមានច្រើនប្រភេទ មានដូចជាឃ្មុំផ្លិត មានសណ្ឋានស្រដៀងនឹងផ្លិតដៃ ឃ្មុំធំ មានសំបុកធំ និងឃ្មុំបូកគោ សំបុកមូលត្រមុល រាងមូលដូចបូកគោ ជាដើម។ នេះបើតាមការពន្យល់នៅក្នុងវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជូន ណាត៕