- 2018-01-26 03:41:57
- សេដ្ឋកិច្ច
ហួសចិត្ត ពេលឮកសិករដាំបន្លែធម្មជាតិពោលមួយឃ្លានេះ
- 2018-01-26 03:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត ពេលឮកសិករដាំបន្លែធម្មជាតិពោលមួយឃ្លានេះ
ចន្លោះមិនឃើញ
«ឃើញទិន្នផលបន្លែខ្ញុំល្អ...បែរជាអតិថិជនមួយចំនួនយល់ថាខ្ញុំប្រើថ្នាំប៉ូវឲ្យទទួលបានផលល្អទៅវិញ» នេះគឺជាការលើកឡើងរបស់កសិករដាំបន្លែធម្មជាតិម្នាក់នៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោក អ៊ុំ ហឿន បានប្រកបរបរដាំបន្លែជិត២០ឆ្នាំមកហើយ ក្នុងរយៈពេលនេះ លោកថាតម្លៃបន្លែប្រែប្រួលមិនទៀងទាត់ ជួនលក់បានថ្លៃ និងជួនលក់បានថោក។ ទោះយ៉ាងណាលោកថាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នកទទួលទានចាប់ផ្តើមបារម្ភពីបន្លែមានជាតិគីមី ទើបបន្លែរបស់លោកលក់បានតម្លៃល្អ ពោលគឺអាចលក់បាន៤ ០០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះលោកថាលើសបន្លែនាំចូលជាងពាក់កណ្តាល។
ទោះជាបច្ចុប្បន្ន បន្លែរបស់លោកហាក់មានទីផ្សារក៏ពិតមែន តែលោកថាមានតែអ្នកស្គាល់ និងដឹងពីប្រវត្តិដាំដុះរបស់លោកប៉ុណ្ណោះជាអ្នកទិញទុកលក់បន្ត ឬយកទៅទទួលទាន។ ចំណែកអ្នកដែលមិនសូវដឹងពីប្រវត្តិដាំដុះរបស់លោកគឺ មិនជឿថាបន្លែរបស់លោកមិនប្រើសាធាតុគីមីជំនួយនោះទេ តែបែរជាជឿថាបន្លែដែលមាសត្វល្អិតទិចបំផ្លាញ ជាបន្លែគ្មានគីមីទៅវិញ។
លោកបន្ថែមថាៈ « សួនបន្លែរបស់ខ្ញុំដាំប្រើប្រាស់សុទ្ធតែជីធម្មជាតិ ជីលាមកគោ លាយជីសរីរាង្គតិចតួច ប៉ុន្តែនៅពេលដែលឃើញទិន្នផលបន្លែខ្ញុំល្អ...បែរជាអតិថិជនមួយចំនួនយល់ថាខ្ញុំប្រើថ្នាំប៉ូវឲ្យទទួលបានផលល្អទៅវិញ»។
សម្រាប់ចំណុចនេះ អ្នកជំនាញខាងកសិកម្ម លោក យ៉ង សាំងកុមារ ថ្លែងថាការដាំដុះបន្លែតាមបែបធម្មជាតិក៏អាចធ្វើឲ្យផ្លែធំ ថ្លោស ល្អដូចបន្លែដែលដាំដោយប្រើថ្នាំគីមីដូចគ្នា។ លោកថាខុសគ្នាតែរយៈពេលប៉ុណ្ណោះ ដោយថាដាំបែបធម្មជាតិត្រូវប្រើពេលយូរជាងដាំដោយប្រើថ្នាំគីមី។
ចំពោះគំនិតដែលថាបន្លែមានសត្វល្អិតទិច ឬស៊ី ទើបជាបន្លែគ្មានជាតិគីមីនោះ លោកថាគ្រាន់តែជាចំណុចសម្គាល់តូចមួយប៉ុណ្ណោះ តែអ្វីដែលសំខាន់អ្នកទិញត្រូវស្វែងយល់បន្ថែមពីប្រភពបន្លែទាំងនោះ។
លោកបន្ថែមថាៈ «បន្លែដែលយើងដាំដោយជីធម្មជាតិវាលូតលាស់ល្អ ខៀវ ស្រងាត់ ទុកបានយូរជាង...បើគាត់យកស្ពៃដែលគេដាំតាមធម្មជាតិ ប្រៀបធៀបជាមួយ ស្ពៃប្រើប្រាស់ថ្នាំគីមី យើងអាចយកទៅទុកក្បែរគ្នាទៅ មួយណានៅបានស្រស់ជាង នៅបានយូរជាង...ជាទូទៅបន្លែដាំតាមបែបធម្មជាតិអាចនៅទុកបានយូរជាង»។
កសិករវ័យ៦០ឆ្នាំខាងលើឲ្យដឹងថាលោកដាំបន្លែដូចជាត្រប់ ម្រះ និងប៉េងប៉ោះជាដើមក្នុងដីប្រហែលកន្លះហិកតា។ លោក អ៊ុំ ហឿន បង្ហើបពីបច្ចេកទេសថែទាំ និងការពារបន្លែរបស់លោកថាៈ «កំចាត់សត្វល្អិតខ្ញុំប្រើកាវស្អិតៗយកមករុំលើដបទឹកសុទ្ធ...រួចយកភ្លើងពិលដាក់ខាងក្នុង...យប់ឡើងយកដបទៅដាក់ក្នុចម្ការ...កាលណាសត្វល្អិតឃើញភ្លើងភ្លឺៗ...វានាំគ្នាមកលើដបក៏ស្អិតកាវស្លាប់អស់តែម្តង»។
ចំណែកផ្លែត្រប់ ឬម្រះវិញ លោកថាបានឲ្យភរិយាដេរថង់ក្រណាត់តូចៗដើម្បីស្រោបពីលើ ក្នុងន័យការពារកុំឲ្យមានសត្វល្អិតទិចបំផ្លាញ។ បច្ចេកទេសទាំងនេះ លោកថាកើតចេញពីបទពិសោធន៍ដាំបន្លែរាប់ឆ្នាំរបស់លោកផ្ទាល់ផង និងតាមរយៈការតាមដាននាទីកសិកម្មតាមកញ្ចក់ទូរទស្សន៍ផង។
បើនិយាយពីចំណូលប្រចាំថ្ងៃពីការលក់បន្លែនេះវិញ លោកថាក្នុងមួយថ្ងៃលោកអាចបានប្រាក់ប្រហែល១០ម៉ឺនរៀល តែថាចំណូលនេះបានតែរដូវដែលអាចដាំបន្លែបានច្រើនប៉ុណ្ណោះ។ ដោយឡែកនៅរដូវប្រាំង ដោយមិនសូវសម្បូរទឹកផង លោកក៏មិនអាចដាំបន្លែបានច្រើនមុខដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯឧត្តម វេង សាខុន នៅដើមសប្តាហ៍នេះលើកឡើងក្នុងវេទិកាស្រូវអង្ករថាកម្ពុជាក្នុងមួយថ្ងៃៗបាននាំចូលបន្លែពីប្រទេសជិតខាងចន្លោះពី២០០ ទៅ៤០០តោន និងបានចំណាយថវិកាប្រហែលជា២០០លានដុល្លារទៅលើបន្លែនាំចូលទាំងនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានសំឡេងវៀតណាម ក្នុងឆ្នាំ ២០០៩ វៀតណាមនាំបន្លែស្រស់មកកម្ពុជាចំនួន២០០តោនក្នុងមួយថ្ងៃ ហើយការនាំចូលនេះបានហក់ឡើងដល់៣០០តោន នៅឆ្នាំ ២០១៦។
ដើម្បី ជួយកាត់បន្ថយការនាំចូលបន្លែពីបរទេសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថារដ្ឋាភិលបាលគ្រោងបោះចញ្ចប់ថវិកាចំនួន៣០លានដុល្លារដើម្បីជួយដល់កសិករផលិតបន្លែគ្មានជាតិគីមី ឲ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល៕