• 2018-02-09 00:04:00
  • ព័ត៌មាន

ចប់​ហើយ! គ្រឿង​សមុទ្រ​ឡើង​ថ្លៃ​ទ្វេដង ព្រោះ​ចិន​ក្រឡុក​ទីផ្សារ

  • 2018-02-09 00:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវករ​លក់​ដូរ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​លើ​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា គ្រឿង​សមុទ្រ​ដូចជា ក្ដាមសេះ បង្កង​ប៉ាក (បង្កង​ប៉ា​កាំង)​ និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​ឡើង​ថ្លៃ​ស្ទើរ​ទ្វេដង។​ ការ​ឡើង​ថ្លៃ​ដោយសារ​ជនជាតិ​ចិន​សម្រុក​ទៅ​ទិញ​ដល់​ផែ​ទំនប់​រលក​ ដោយ​ពួកគេ​ឲ្យ​តម្លៃ​ថ្លៃ​ជាង​ធម្មតា។

ចុចអាន៖ អាជ្ញាធរ​ត្រៀម​ចុះ​ពង្រឹង​ការប្រើប្រាស់​អក្សរ​ខ្មែរ​លើ​ផ្លាក​យីហោ​ នៅ​ខេត្ត​ព្រះសីហនុ

អ្នកស្រី គា អ្នក​លក់​គ្រឿង​សមុទ្រ និង​ទទួល​ធ្វើ​ម្ហូប​នៅ​ផ្សារ​លើ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ Sabay ថា ចាប់​តាំង​ពី​ចិន​សម្រុក​មក​ នៅ​អំឡុង​ខែ​ធ្នូ ២០១៧ មក​ដល់​ពេល​នេះ អ្វីៗ​ប្រែប្រួល។ ការប្រែប្រួល​សំដៅ​ដល់​ការ​ឡើង​ថ្លៃ​ នៃ​គ្រឿង​សមុទ្រ ដែល​អ្នក​ស្រី​បាន​ទិញ​ពី​ផែ​ថ្លៃ ដូច្នេះ ក៏​លក់​ចេញ​វិញ​ថ្លៃ​ដែរ។

តើ​ការ​ឡើង​ថ្លៃ​គ្រឿង​សមុទ្រ​ហុច​ផល​ចំណេញ​ដល់​អ្នក​លក់ ​ឬ​យ៉ាង​ណា? មិន​ចំណេញ​ប៉ុន្មាន​ទេ ផ្ទុយ​ទៅ​វិញ​បាត់​ចំណូល​កាន់​តែ​ខ្លាំង​ ព្រោះ​បាត់​បង់​ភ្ញៀវ​ខ្មែរ។ នេះ​ជា​ការ​លើក​ឡើង​អ្នក​ស្រី គា។

អ្នក​ស្រី បាន​បន្ថែម​ទៀត​ថា ឥលូវ​នេះ​ស្ងាត់​ភ្ញៀវ​ខ្មែរ​មក​លេង​ខេត្ត​ព្រះសីហនុ ស្ងាត់​ភ្ញៀវ​មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ផ្សារ ព្រោះតែ​តម្លៃ​គ្រឿង​សមុទ្រ ​បាន​ឡើង​ថ្លៃ​ខ្លាំង។ «មិន​ដឹង​ធ្វើ​ម៉េច​ទេ​ក្មួយ​អើយ! បើ​មីង​ទិញ​គ្រឿង​សមុទ្រ​មក​ពី​ផែ​ទំនប់​រលក​គេ​ឡើង​ថ្លៃ ហើយ​លក់​វិញ​ក៏​ថ្លៃ​ដែរ តែ​ភ្ញៀវ​ខ្មែរ​រអ៊ូ​រឿង​តម្លៃ ណាមួយ​ឥឡូវ​នៅ​កំពង់សោម​ហ្នឹង​គ្មាន​កន្លែង​ដេក​ទៀត​ ចិន​ជួល​ផ្ទះ​សឹង​អស់​ហើយ ដូច្នេះ​អត់​សូវ​មាន​ភ្ញៀវ​ខ្មែរ​ទេ។ ខ្ញុំ​បាត់​ចំណូល​សឹង ៦០-៧០% បើ​លក់​មិន​សូវ​ដាច់​ចឹង»។

អ្នក​លក់​ និង​ទទួល​ធ្វើ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​លើ​រូប​នេះ​បាន​និយាយ​ថា បច្ចុប្បន្ន​តម្លៃ​ក្ដាម​សេះ​ប្រភេទ​លេខ១ លក់ចេញ​ គឺ១គីឡូ ចន្លោះ​៧-៨ម៉ឺន​រៀល ដែល​ពី​មុន​ប្រហែល​៥ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​គ្រឿង​សមុទ្រ​ខ្លះ​ទៀត​ឡើង​ថ្លៃ​សឹង​ពាក់​កណ្ដាល​ ឯណោះ។

«មីង​ព្រួយ​ណាស់​ក្មួយ​អើយ! បើ​នៅ​តែ​ឡើង​ថ្លៃ​ចឹង ព្រួយ​បារម្ភ​រកស៊ី​មិន​បាន​ ចេះ​តែ​បាត់​ភ្ញៀវ។ ភ្ញៀវ​ខ្មែរ​មិន​សូវ​មក ឯ​ភ្ញៀវ​ចិន​គេ​ចូល​ទិញ​តែ​ចិន​គ្នា​គេ​ហ្នឹង!»។ អ្នកស្រី គា បន្ថែម។

ផ្ទុយ​ពី​​ការ​ព្រួយ​បារម្ភ​ខាង​លើ លោក ញឹម សុខន អ្នក​នេសាទ​គ្រឿង​សមុទ្រ ២០ឆ្នាំ នៅ​​ទំនប់​កោះ​ព្រាប​ (ទំនប់​រលក​ចាស់) បាន​សម្ដែង​ការ​រីករាយ​ព្រោះ​ថា តម្លៃ​គ្រឿង​សមុទ្រ​បាន​ឡើង​ថ្លៃ។ ការ​ឡើង​ថ្លៃ​នេះ​នៅ​គ្រា​ចិន​បាន​ចុះ​ទៅ​ទិញ​ដល់​ផែ​ទំនប់​រលក​ គេ​ដាក់​តម្លៃ​ឲ្យ​ថ្លៃ​ជាង​មុន។ «បើ​បាន​ថ្លៃ​ចឹង! ពួក​ខ្ញុំ​មាន​ទឹក​មាន​លេប​ខ្លះ ហើយ​រក​បាន​ប៉ុន្មាន​គេ​ទិញ​យក​អស់ៗ មិន​ដែល​ខ្វល់​អី​ទេ»។

ចំពោះ​តម្លៃ​ទិញ​ដល់​ផែ​តែ​ម្ដង គឺ​ក្ដាម​សេះ​​លេខ១ គឺ​ ១គីឡូ តម្លៃ ៦៥ ០០០ រៀល ដែល​​ពី​មុន​ត្រឹម ៥៥ ០០០រៀល។ ចំពោះ​បង្កង​ប៉ាក​ (បង្កង​ប៉ាកាំង) ១គីឡូ តម្លៃ​ ៦២ដុល្លារ ដែល​ពី​មុន​ត្រឹម​ ៣០​ដុល្លារ​ប៉ុណ្ណោះ និង​បង្កង​នាគ ១គីឡូ តម្លៃ​១២០​ដុល្លារ ដែល​តម្លៃ​នេះ​ឡើង​សឹង​ពាក់​កណ្ដាល។

«គ្រឿង​សមុទ្រ​ឥលូវ​មាន​ទីផ្សារ​ចំពោះ​ចិន​ គេ​ទិញ​យក​ទៅ​ប្រទេស​ចិន​ផង ហើយ​ក្រុម​ហ៊ុន​ ភោជនីយដ្ឋាន​ចិន មក​ទិញ​ដល់​ៗ​កន្លែង​ ជាពិសេស​ពួក​នៅ​កាស៊ីណូ ពួកគេ​ចូល​ចិត្ត​បង្កង​ប៉ាក និង​បង្កង​នាគ សុទ្ធតែ​របស់​ថ្លៃ​ៗ»។ លោក សខន បន្ថែម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក តាំង សុចិត្រ​គីស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ Sabay ដែរ​ថា មែនទែន​ទៅ​ការ​លក់ដូរ គឺជា​ទីផ្សារ​សេរី ហើយ​មួយ​រយៈ​នេះ​តម្រូវ​ការ​​​ខ្ពស់ ទើប​តម្លៃ​មួយ​ចំនួន​មាន​ការ​ឡើង​ថ្លៃ។ ប៉ុន្តែ​ប្រសិន​បើ​ការ​តម្លើងតម្លៃ​ណាមួយ​មិន​ប្រក្រតី​នោះ មន្ទីរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត នឹង​ចុះ​ត្រួតពិនិត្យ​ អំពី​បញ្ហា​នេះ ដើម្បី​ណែនាំ​ ឬ​មាន​វិធាន​ការ​ផ្សេងៗ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ វត្តមាន​ជនជាតិ​បាន​សម្រុក​ទៅ​ខេត្ត​ព្រះសីហនុ​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឲ្យ​តម្លៃ​ផ្សេង​ៗ មាន​ការ​កើន​ឡើង​ ក្រៅ​ពី​ម្ហូប​អាហារ និង ផ្ទះ​សំណាក់ សណ្ឋាគារ ជាដើម។

ចុចអាន៖ ត្រូវ​ប៉ាន់​អ្នក​ខេត្ត​ព្រះសីហនុ មិន​ទាន់​មក​ដល់​​ចូលឆ្នាំ​ចិន​ផង​​ ផ្ទះសំណាក់កក់​ពេញ​បាត់!

កាល​ពី​ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន បាន​មក​កម្សាន្ត​ ខេត្ត​ព្រះសីហនុ​សរុប​ ជាង ១២ម៉ឺន​នាក់ នៃ​អ្នក​ទៅ​កម្សាន្ត​​សរុប​ជិត​ ២លាន​នាក់។ តួលេខ​នេះ មិន​រាប់​បញ្ចូល​ចំនួន​អ្នក​រកស៊ី និង អ្នក​មក​ធ្វើ​ការ​របស់​ជនជាតិ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅឡើយ។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ។

កង្វះ​ខាត​ផ្ទះ​សំណាក់ និង​ការ​ឡើង​ថ្លៃ​សេវា​កម្ម​ម្ហូប​អាហារ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ព្រួយបារម្ភ​ពី​ការ​កាត់​បន្ថយ​​ភ្ញៀវ​ទេសចរ​ខ្មែរ​ ​ទៅ​ខេត្ត​ព្រះសីហនុ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​មក​កាន់​ Sabay ថា បញ្ហា​ផ្ទះ​សំណាក់​ក៏​ចិន​កក់​អស់ ឥលូវ​ម្ហូប​អាហារ​ជាពិសេស​គ្រឿង​សមុទ្រ​ក៏​ឡើង​ថ្លៃ​ទៀត ដូច្នេះ​មើល​ទៅ​ថ្ងៃ​ឈប់​សម្រាក ជាពិសេស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ប្រហែល​ជា​មិន​ចង់​ទៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ ព្រោះ​នឹង​ចំណាយ​ច្រើន​ ដោយ​ងាក​ទៅ​កម្សាន្ត​នៅ​ខេត្ត​ផ្សេងៗ​វិញ៕

ចុចអាន៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់