• 2018-02-15 07:12:17
  • សេដ្ឋកិច្ច

មក​ដឹង​ពី​តម្រូវការ​សាច់​មាន់​ និង​ជ្រូក​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន មាន​ប៉ុន្មាន​ដែរ?

  • 2018-02-15 07:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ាន់​ប្រមាណ​មួយ​បាន​ឱ្យ​ដឹង​ថា តម្រូវ​ការ​សាច់​មាន់ និង​សាច់​ជ្រូក​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀត​ណាម​នៅ​រាជធានី​ភ្នំពេញ​​អាច​អាច​មាន​និន្នាការ​​កើន​​ឡើង​​រង្វង់​ជាង ៣០%។ ការ​កើន​ឡើងនេះ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​សែស្រឡាយ​កាត់​ចិន​ត្រូវ​ចំអិន​ម្ហូប​អាហារ​សែន​ដូនតា​ ខណៈ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​មាន​ខ្ពស់ជាង​មុន​។

​លោក សេន សុវណ្ណ ​ប្រតិភូ​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​ទទួល​​បន្ទុក​ជា​អគ្គនាយក​​នៃ​​អគ្គនាយកដ្ឋាន​​សុខ​ភាព​​សត្វ ​និ​ង​​ផលិតកម្ម​សត្វ​​នៃ​​ក្រសួងកសិកម្ម​ ​រុក្ខា​ប្រមាញ់ និង​នេសាទ​​​បាន​ថ្លែងថា ថ្ងៃ​ធម្មតា​តម្រូវការ​ផ្គត់​ផ្គង់​មាន់​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ១០​ម៉ឺន​ក្បាល ជ្រូក​ចន្លោះ​ពី ១ ៨០០​ក្បាល​ ទៅ​ជាង ​​២ ០០០​ក្បាល។ ដូច្នេះ​តម្រូវការ​អាច​មាន​​កំណើន​​​រង្វង់​ជាង​ ៣០% ខណៈ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​​ភាគ​ច្រើន​នឹង​រៀបចំ​ពិធី​សែនចូល​ឆ្នាំ​ចិន។

«ខ្ញុំ​មិន​អាច​បញ្ជាក់​ឱ្យ​លំអិត​ជាង​នេះ​ទេ ដោយ​សារ​​យើង​អត់​បាន​ធ្វើ​សន្ទស្សន៍​​ពី​ឆ្នាំ​​ទៅ​ គ្រាន់តែ​ប៉ាន់ប្រមាណ​ថា​អាច​មាន​​ការ​កើ​ន​ឡើង​រង្វង់​ជាង​៣០% ព្រោះ​អ្នក​នៅ​ភ្នំពេញ​ភាគច្រើន​បាន​​រៀបចំ​ពិធីសែន​ចូល​ឆ្នាំ​ចិន​»។

លោកបានឱ្យ​​ដឹង​ថា ​ផលិត​កម្ម​សត្វ​ជ្រូក​នៅ​ក្នុង​ប្រទេស​សព្វថ្ងៃ​មិន​អាច​បំពេញ​តម្រូវការ​អ្នក​ទិញ​នោះទេ ដែល​នេះ​ទាមទារ ឱ្យ​មានការ​នាំចូល​ពីបណ្តាប្រទេស​ជិតខាង។ លើសពីនេះ​បើទោះបី​មានការនាំចូល ប៉ុន្តែ​ការ​ពិនិត្យ​លើ​គុណភាព​សាច់ គឺ​ត្រូវបានអនុវត្តយ៉ាង​ត្រឹមត្រូវ និង​ម៉ត់ចត់​តាមគោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​សុវត្ថិភាព​ជូនប្រជាពលរដ្ឋ។

របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វនាឆ្នាំ ២០១៧​ផលិតកម្ម​សាច់​ជ្រូក​មាន ជាង ៣លាន​ក្បាល ដោយក្នុងនោះដែរផលិតកម្មក្នុងស្រុកបានប្រមាណជាង២លានក្បាល។ តម្រូវ​ការ​សាច់​នៅ​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មា​ន​​ថា​ ​ប្រហែល​​៣​សែន​តោន ​ក្នុង​មួយ​ឆ្នាំ​នេះ​ រ​ហូត​ដល់ឆ្នាំ ២០២០​។ នេះ​បើ​តាម​លោក​ វេង សាខុន​ រដ្ឋមន្រ្តី​ក្រ​សួង​កសិកម្ម​រុក្ខា​ប្រមាញ់និ​ងនេសាទ​​បាន​ថ្លែង​នៅវេទិកាស្តី​ពីក​សិកម្មរុក្ខា​ប្រមាញ់​និង​នេសាទ​កាល​ពីពេល​ថ្មីៗ​នេះ។

ទោះ​យ៉ាងណាក៏ដោយ​ លោក​រដ្ឋមន្រ្តី​បានបន្ថែមថា ស្ថានភាព នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ តម្រូវ​ការ​សាច់សត្វ មានគុណ​ភាព​ខ្ពស់ បាន​និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ បែបផែន​ផលិត​កម្មសត្វ ពី​ការ​ចិញ្ចឹម​សម្រាប់​ម្ហូប​អាហារ​គ្រួសារ ទៅជា​ផលិត​កម្ម​សម្រាប់​ពាណិជ្ជកម្ម​តាម​តម្រូវ​ទីផ្សារ​វិញ។

ក្រសួង​​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ ​បានឱ្យ​ដឹង​ថា កំណើន​​ប្រាក់​​ចំណូល​​ប្រចាំ​​ឆ្នាំ​​ជា​​មធ្យម ​សម្រាប់​​ពលរដ្ឋ​​ម្នាក់​ក្នុ​ង​​ប្រទេស​​កម្ពុជា​កើន​ពី​ ៧៦០ដុ​ល្លា​​រ ក្នុងឆ្នាំ ២០០៨ ដល់ជាង ១ ៤០០ដុល្លារ អាមេរិកក្នុងឆ្នាំ ២០១៧ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​ឆ្លងផុត​ពី​ចំណាត់​ថ្នាក់​ជា​ប្រទេស​ចំណូល​ទាប​ក្លាយជា​ប្រទេស​មានចំណូល​មធ្យមកម្រិតទាប ហើយ​កំពុង​ខិតខំ​សម្រេច​ឲ្យបាននូវ ទស្សន​វិស័យធំៗ នៃ​ការអភិវឌ្ឍបន្តទៀត៕  

អត្ថបទ៖ សុផល

មតិយោបល់