• 2018-05-30 08:51:26
  • សេដ្ឋកិច្ច

បើចេះវិធីចែកលុយ៤កញ្ចប់នេះ សម្រាប់៣០ថ្ងៃ ទោះប្រាក់ខែតិចប៉ុណ្ណាក៏សល់ដែរ

  • 2018-05-30 08:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មាន​ប្រាក់​ខែ​ច្រើន​ទោះ​ចាយ​រៀង​ទូលាយ​បន្តិច​ក៏​មិន​សូវ​ព្រួយ​បារម្ភ​ រឿង​ដាច់​លុយ​ចុង​ខែ​ដែរ។ អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​មាន​ប្រាក់​ខែ​ល្មម​តែ​មួយ​ចាយ បើ​ហ៊ាន​បើក​ដៃ​តែ​តិច ច្បាស់​ជា​វេទនា​ចុង​ខែ​ហើយ។ ត​ទៅ​នេះ គឺ​ជា​វិធី​ចែក​លុយ​ចាយ​​ប្រចាំ​ខែ​ របស់​លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច សុខ ម៉េង​ហៀង បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯក​ជន​មួយ កាល​លោក​មាន​ប្រាក់​ខែ​ត្រឹម​តែ​ជាង ១០០​ដុល្លារ​ប៉ុណ្ណោះ។

១. លុយ​សម្រាប់​រយៈពេល​៥​ថ្ងៃ​ដំបូង

បើក​ប្រាក់​ខែ​ ត្រូវ​មាន​ការ​ចំណាយ​ចាំបាច់​នានា ដោយ​ជៀស​មិន​ផុត។ ដូច្នេះ​គួរ​ដក​លុយ​មួយ​កញ្ចប់​សម្រាប់​ការ​ចំណាយ​តែ​ចាំបាច់​ប៉ុណ្ណោះ កុំ​ទាន់​អាល​យក​ការ​ចំណាយ​ណា​ដែល​មិន​សូវ​ចាំបាច់​មក​លូកលាន់។ រយៈ​ពេល​៥​ថ្ងៃ​ដំបូង​គួរ​ជម្រះ​បញ្ជី​ឲ្យ​ហើយ ជាមួយ​ថ្លៃ​ទឹក-ភ្លើង ថ្លៃ​បន្ទប់​ស្នាក់ ថ្លៃ​សាលា ឲ្យ​ចប់​សព្វ​គ្រប់។ បើ​យក​ការ​ចំណាយ​អត់​បាន​ការ​ផ្សេង​ទៀត មក​ឡូកឡំ​នៅ​ដើម​ខែ ច្បាស់​ណាស់​ប្រាកដ​ជា​ចាយ​អត់​ដឹង​មុខ មិន​ដឹង​ថា​អស់​លើ​អ្វី​ឡើយ។

២. លុយ​សម្រាប់​រយៈពេល​១០​ក្រោយ

ក្រោយ​ជម្រះ​បញ្ជី​ទៅ​លើ​ការ​ចំណាយ​សំខាន់ៗ​ហើយ យើង​នឹង​ឃើញ​ចំនួន​ទឹក​ប្រាក់​ដែល​នៅ​សេស​សល់។ ទឹក​ប្រាក់​នេះ គឺ​សម្រាប់​ចិញ្ចឹម​ក្រពះ និង​ការ​ចំណាយ​ផ្សេងៗ​រាប់​ជំពូក​ទៀត។ ដូច​នេះ​ដើម្បី​ងាយ​ស្រួល គួរ​ដក​លុយ​ចេញ​ពី​កុង​ធនាគារ ហើយ​កំណត់​ថ្ងៃ​ចាយ​វិញ។ គួរ​ដក​លុយ​មួយ​កញ្ចប់ សម្រាប់​ការ​ចាយ​រយៈពេល​១០​ថ្ងៃ​បន្ទាប់​។ ទំហំលុយ និង​ថ្ងៃ​សម្រាប់​ការ​ចាយ គឺ​អាស្រ័យ​លើ​ប្រាក់​ខែ​យើង​ផ្ទាល់ លៃលក​យ៉ាង​ណា​ឲ្យ​សមរម្យ​តាម​លទ្ធភាព​ខ្លួន។ ត្រូវ​កំណត់​ខ្លួន​ឯង​ថា មួយ​ថ្ងៃ​ត្រូវ​ចាយ​ប៉ុន្មាន? ហើយ​ចាយ​លើ​អ្វី​ខ្លះ? ធ្វើ​យ៉ាង​ណា​ត្រូវ​ប្រើ​លុយ​នោះ​ឲ្យ​គ្រប់​១០​ថ្ងៃ។

៣. លុយ​សម្រាប់​១០​បន្ទាប់​ទៀត

រយៈ​ពេល​១៥​ថ្ងៃ​ផុត​ទៅ លុយ​ក៏​ចាប់​ផ្ដើម​ថមថយ​កាន់​តែ​ខ្លាំង។ ដូច្នេះ​រយៈ​ពេល​១០​ថ្ងៃ​នេះ ការ​ចាយ​លុយ​ក៏​កាន់​តែ​បន្ថយ​ថែម​ទៀត ព្រោះ​ពេល​នោះ​យើង​អាច​ស្មាន​ខ្លួន​ឯង​ហើយ​ថា ទំហំ​លុយ​ដែល​នៅ​សល់ និង​ថ្ងៃ​ដែល​ត្រូវ​ចំណាយ គួរ​ដក​ប៉ុន្មាន​ទើប​មិន​អស់​លុយ​នៅ​ចុង​ខែ។ លុយ​មួយ​កញ្ចប់​សម្រាប់​ពាក់​កណ្ដាល​ខែ​នេះ ត្រូវ​សម្រិត​សម្រាំង​ជាង​មុន អាហារ​ក្រៅ​ផ្ទះ​គួរ​កាត់​បន្ថយ ជួប​មិត្ត​ក៏​ត្រូវ​បន្ថយ កម្មវិធី​ណា​ដែល​ចោល​បាន​គួរ​តែ​ចោល និង​ការ​ចំណាយ​ផ្សេង​ទៀត ដែល​មិន​ចាំបាច់​ជាង​បាយ​ និង​ម្ហូប​ចោល​បាន​គួរ​តែ​ចោល។ បើ​ពាក់​កណ្ដាល​ខែ​ហើយ មិន​បង្អង់​ល្បឿន​ដក​លុយ​ទេ កុំ​ថា​ឡើយ​មាន​​ជាង​ពាន់​ដុល្លារ​ក៏​មិន​សល់​ដែរ។

៤. លុយ​សម្រាប់​៥​ថ្ងៃ​ចុង​ក្រោយ

រយៈ​ពេល​២៥​ថ្ងៃ​បាន​កន្លង​ផុត​ទៅ បើ​បាន​ចែក​លុយ​ចាយ​តាម​ថ្ងៃ​ដូច​វិធី​ខាង​លើ យើង​រំភើប​ត្រេកអរ​ព្រើត បើ​ទោះ​ជា​មិន​សល់​ទាំង​រយ​ដុល្លារ តែ​យ៉ាង​ណា​ក៏​មាន​លុយ​ចាយ​គ្រប់គ្រាន់​ ដើម្បី​រង់​ចាំ​ខែ​ថ្មី។ បើ​អ្នក​មាន​ប្រាក់​ខែ​ច្រើន ប្រាកដ​ជា​សល់​ទោះ​តិច ឬ​ច្រើន​ក្ដី។ ៥​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ជា​ពេល​ដែល​ត្រូវ​ធ្វើ​ចិត្ត​ដាច់ ចំពោះ​អ្វី​ដែល​យើង​ចង់​ចំណាយ មិន​ថា​សំលៀកបំពាក់ មើល​កុន ដើរ​លេង ត្រូវ​គ្រវាត់​ចោល។ អ្វី​ដែល​ត្រូវ​ចាយ​៥​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ថ្លៃ​ម្ហូប និង​ថ្លៃ​សាំង​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា វិធី​សាស្ត្រ​នេះ គឺ​អាស្រ័យ​លើ​ប្រាក់​ខែ​លោក​អ្នក​ផ្ទាល់ រយៈ​ពេល​៥​ដំបូង ២០​ថ្ងៃ​ក្រោយ និង​៥​ថ្ងៃ​ក្រោយ អាច​ដក​លុយ​ទំហំ​ប៉ុណ្ណា អាច​លៃ​លក​ទៅ​តាម​ទំហំ​នៃ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ។ ប្រសិន​បើ​មិន​បែង​ចែក​ថ្ងៃ​ចំណាយ​បែប​នេះ​ទេ ប្រាកដ​ជា​ចាយ​លុយ​មិន​ដឹង​មុខ ច្របូក​ច្របល់​គ្នា មិន​ងាយ​នឹង​សល់​លុយ​ឡើយ៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់