• 2018-06-30 09:56:16
  • ព័ត៌មាន

សំខាន់! ជា​ប្រទេស​ប្រើ​ប្លាស្ទិកច្រើន​បំផុត​មួយ​លើ​លោក កម្ពុជា អាច​នឹង​​​ហាម​ឃាត់​ប្រើ​ប្រាស់​ប្លាស្ទិក​នៅ​តំបន់​អង្គរ

  • 2018-06-30 09:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហាមឃាត់​នា​ពេល​អនាគត​លើ​សំណល់​ប្លាស្ទិក​​នៅ​តំបន់​អង្គរ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​របស់​កម្ពុជា ​នឹង​ត្រូវ​បាន​ពិចារណា​ដោយ​អាជ្ញាធរ​ ហើយ​នេះ ​គឺ​ជា​​ការ​​បោះ​ជំហាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កាក​សំណល់​ដ៏​ពិបាក​បំផុត។ នេះ​បើ​តាម​ Channel News Asia ចុះ​ផ្សាយ​ថ្ងៃ​នេះ។

សំណល់​ជាង​៣០​តោន ត្រូវ​បាន​ប្រមូល​ជា​រៀងរាល់​ថ្ងៃ​នៅ​​លើ​ផ្ទៃ​ដី​ ៤០០ គីឡូម៉ែត្រ​ការ៉េ​​នៅ​តំបន់​អង្គរ ឬប្រមាណ​៤០០​តោន​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម VGREEN ដែល​ជា​ក្រុមហ៊ុន​ប្រមូល​សម្រាម​នៅ​អង្គរ និង​ដកស្រង់​ដោយ​សារព័ត៌មាន​ដ៏​ល្បី​របស់​សិង្ហបុរី​ខាង​លើ។

កាកសំណល់ប្លាស្ទិចដែលនៅក្បែរតំបន់ព្រៃជុំវិញប្រាសាទ

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​​ប្លាស្ទិក​ច្រើន​បំផុត​មួយ​លើ​លោក។ បើ​យោង​តាម​សហភាព​អឺរ៉ុប ថង់​ប្លាស្ទិក​ ១០ លាន​តោន​ត្រូវ​បាន​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​នៅ​ភ្នំពេញ ហើយ ប្រជាជន​កម្ពុជា​ម្នាក់​ ប្រើ​ថង់​ប្លាស្ទិក​​គិត​ជា​មធ្យម ២,០០០ ថង់​ក្នុង​១​ឆ្នាំ។ ប្រភព​ខាង​លើ​បន្ត។

ទីលានចាក់សំរាមអន្លង់២គ្របដណ្តប់លើផ្ទៃដី ៨ ហិកតានៅក្នុងខេត្តសៀមរាប

នៅក្រុងសៀមរាប មាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន មាន​ន័យ​ថា​សម្រាម​មាន​កាន់​តែ​ច្រើនដែរ។ សំណល់​ដប​ ប្រអប់​បាយ សំបក​វេចខ្ចប់​ម្ហូប​ពី​ការ​លំហែ ​របស់​ប្រជាជន​កម្ពុជា បាន​បន្សល់​​សំណល់​ប្លាស្ទិក​ពាសពេញ​បរិវេណ​អង្គរ។

គំនិត​នៃ​ការ​ហាម​ឃាត់​ប្លាស្ទិក​ត្រូវ​បាន​គាំទ្រ​ជា​គោលការណ៍​ដោយ អាជ្ញាធរ​អប្សរា​ នាយកដ្ឋាន​បរិស្ថាន និងអង្គការ​មិនមែន​រដ្ឋាភិបាល។ ប្រភព​ខាង​លើ​បន្ថែម។

អង្គរវត្ត​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ TripAdvisor ជាប់​ចំណាត់​ថ្នាក់​លេខ​១​​ក្នុង​បញ្ជី​របស់​ពិភពលោក​ដែល​​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​​ប្រជាប្រិយភាព​​បំផុត​ឆ្នាំ​នេះ។ កាល​ពី​ឆ្នាំ​មុន​ ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង ២ លាន​នាក់ បាន​មក​ទស្សនា​តំបន់​នេះ ហើយ​៤​ខែ​ដើម​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​១១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់