
- 2018-07-09 13:48:35
- ព័ត៌មាន
មានការអំពាវនាវឲ្យមានការចាប់សត្វល្អិតមួយប្រភេទដែលអាចបង្ក"ជំងឺអេដស៍ប្រភេទថ្មី" នៅខេត្តចិនមួយ
- 2018-07-09 13:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានការអំពាវនាវឲ្យមានការចាប់សត្វល្អិតមួយប្រភេទដែលអាចបង្ក"ជំងឺអេដស៍ប្រភេទថ្មី" នៅខេត្តចិនមួយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងក្នុងខេត្ត Guangdong បានអំពាវនាវឲ្យពលរដ្ឋក្នុងខេត្តមួយនេះ ចាប់សត្វមួយប្រភេទដែលអាចបង្ក "ជំងឺអេដស៍ប្រភេទថ្មី"។
សត្វល្អិតមានឈ្មោះថា The Triatomine Bug ប៉ុន្តែច្រើនត្រូវបានគេស្គាល់ថាជា សត្វល្អិតពូកែថើប (The Kissing Bug) ដោយសារតែសត្វប្រភេទនេះភាគច្រើនខាំលើផ្ទៃមុខរបស់មនុស្ស។ សត្វល្អិតផ្ទុកជាតិ Trypanosoma Cruzi ដែលអាចបង្កជំងឺម្យ៉ាងឈ្មោះ ជំងឺ Chagas។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលខាងលើកាលពីម្សិលមិញ។
ក្នុងដំណាក់កាលធ្ងន់ធ្ងរ អ្នកឆ្លងជំងឺ Chagas មានអាការៈមួយចំនួនដូចជា ក្ដៅខ្លួន ល្ហិតល្ហៃ ឈឺខ្លួន ឈឺក្បាល និងកន្ទួលជាដើម។ ជំងឺនេះ នឹងបន្តរាប់ទសវត្សទៅមុខទៀត ហើយចុងក្រោយវាអាចបណ្ដាលអ្នកជំងឺមានបញ្ហាបេះដូង និងបញ្ហាពោះវៀនតូច។
មូលហេតុដែលនាំឲ្យអ្នកប្រាជ្ញមួយចំនួនហៅជំងឺ Chagas ថាជា "ជំងឺអេដស៍ប្រភេទថ្មី" គឺដោយសារជំងឺទាំងពីរមានអាយុយូរអង្វែង ហើយអាចឆ្លងតាមឈាម និងឆ្លងពីម្ដាយទៅទារកដូចគ្នា។
កាលពីថ្ងៃព្រហស្បតិ៍មុន មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងក្នុងខេត្ត Guangdong បានធ្វើការអំពាវនាវឲ្យពលរដ្ឋក្នុងខេត្តចិនមួយនេះ ចាប់សត្វល្អិត The Kissing Bug ហើយរាយការណ៍មកមជ្ឈមណ្ឌលជាបន្ទាន់។ នៅពេលដែលមជ្ឈមណ្ឌលអាចបញ្ជាក់ថា សត្វដែលពលរដ្ឋយកមកនោះ ពិតជា The Kissing Bug មែន ពួកគេនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៨ Yuan (១,២ ដុល្លារសហរដ្ឋអាមេរិក) ក្នុងសត្វល្អិតមួយក្បាល ហើយបានការប្រឹក្សាសុខភាពដោយឥតគិតថ្លៃ។
ការអំពាវនាវខាងលើ បានធ្វើឲ្យមានការភ័យខ្លាចជាច្រើនក្នុងខេត្ត Guangdong។ បើតាមការរាយការណ៍របស់កាសែត The Guangdong Daily កាលពីម្សិលមិញបានឲ្យដឹងថា មនុស្សជាច្រើនបានទូរស័ព្ទមកមជ្ឈមណ្ឌល។ មានពលរដ្ឋម្នាក់ ថែមទាំងបានស្នើមជ្ឈមណ្ឌលឲ្យចាត់មនុស្ស ដើម្បីទៅចាប់សត្វល្អិត The Kissing Bug ពីផ្ទះយាយរបស់គេនៅ Hong Kong។
យ៉ាងនេះក្ដី បើតាមមជ្ឈមណ្ឌលខាងលើ រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណា ថាមាន ករណីជំងឺ Chagas នៅខេត្ត Guangdong ឡើយ ហើយថែមទាំងបានលើកឡើងថា ការអំពាវនាវឲ្យចាប់សត្វល្អិត The Kissing Bug គឺដើម្បីយកសត្វមកពិនិត្យថា តើសត្វនេះមានផ្ទុកវីរុសឬអត់ប៉ុណ្ណោះ៕