- 2018-07-13 05:11:48
- ព័ត៌មាន
ទារកអភ័ព្វ! កើតមកកាយសម្បទាមិនគ្រប់គ្រាន់ហើយ ត្រូវម្តាយឪពុកបោះបង់ចោលទៀត
- 2018-07-13 05:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទារកអភ័ព្វ! កើតមកកាយសម្បទាមិនគ្រប់គ្រាន់ហើយ ត្រូវម្តាយឪពុកបោះបង់ចោលទៀត
ចន្លោះមិនឃើញ
ទារកម្នាក់កំពុងត្រូវបានក្រុមគ្រូពេទ្យមើលថែ និងមានសប្បុរសជនមួយចំនួនកំពុងរៃអង្គាសប្រាក់សម្រាប់ជួយឧបត្ថម្ភក្នុងការព្យាបាលកជំងឺ និងថែទាំសុខភាព ខណៈម្តាយឪពុកទារករូបនេះខកខានមិនបានមកមើលថែជាងមួយខែមកហើយ។
តារាចម្រៀង លោក ប៉ាវ ផ្លយ ដែលបានធ្វើវីដេអូLive ពីទារកនេះ បានប្រាប់Sabay ថាទារកខាងលើមានជំងឺសើស្បែក ភ្នែកទាំងសងខាងមិនអាចមើលឃើញ និងមានមាត់ឆែបទៀតផង។ លោកបន្តថាការLive វីដេអូនៅព្រឹកនេះគឺដើម្បីរៃអង្គាសថវិកាសម្រាប់ជួយទារកនោះ។
តារាចម្រៀង ម្ចាស់បទ «អតីត» រូបនេះបន្តថាតាមអ្វីដែលលោកបានដឹងពីក្រុមគ្រូពេទ្យទារកនេះមានអាយុប្រហែលបួនខែ ហើយម្តាយឪពុកបានយកមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិកាលពីពីរខែមុន។ លោកឲ្យដឹងទៀតថា ឪពុកម្តាយទារកខាងលើបានមើលថែទារកនេះតែប្រហែលមួយសប្តាហ៍ប៉ុណ្ណោះរួចក៏បាត់ដំណឹង។ លោកបន្ថែមថា៖ «បងអើយឃើញហើយខ្ញុំទប់ទឹកភ្នែកមិនបាន និយាយត្រង់ខ្ញុំយំ បន់ឲ្យតែឆាប់ភ្លឺនឹងបានទៅជួបទារកហ្នឹង»។
លោកបន្តថាជាងមួយខែចុងក្រោយនេះក្រុមគ្រូពេទ្យ និងអ្នកថែអ្នកជំងឺនៅក្បែរនោះជាអ្នកជួយមើលថែទារកនេះ។ លោកថា៖ «គ្រូពេទ្យបានប្រមូលលុយគ្នាទិញទឹកដោះគោ និងសម្ភារៈមួយចំនួនសម្រាប់ក្មេង...គ្រូពេទ្យជួលអ្នកមើលថែមួយយប់ពីរម៉ឺនរៀល...ឥឡូវខ្ញុំបានប្រមូលថវិកាបាន(ខ្លះ)...ប្រគល់ឲ្យទៅក្រុមគ្រូពេទ្យ ព្រោះអត់មានឪពុកម្តាយទទួល»។
មន្ទីរពេទ្យកុមារជាតិបានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួននៅព្រឹកនេះដែរថាទារកខាងលើត្រូវម្តាយឪពុកទុកចោលនៅមន្ទីរពេទ្យ ហើយពេលនេះកំពុងស្ថិតនៅក្រោមការមើលថែរបស់ក្រុមគ្រូពេទ្យ។ ខាងមន្ទីរពេទ្យឲ្យដឹងដែរថាក៏មានដែរសម្បុរជនបានជួយឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់ការព្យាបាល និងមើលថែទាំងទារកនេះ៕