- 2018-07-17 03:39:34
- ព័ត៌មាន
គ.ជ.ប ថាគណបក្សនយោបាយចំនួនប្រាំមួយ មិនបានដាក់ភ្នាក់ងារសង្កេតមើលការបោះឆ្នោត
- 2018-07-17 03:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប ថាគណបក្សនយោបាយចំនួនប្រាំមួយ មិនបានដាក់ភ្នាក់ងារសង្កេតមើលការបោះឆ្នោត
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ឲ្យដឹងថាគិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ចំនួនភ្នាក់ងារសង្កេតការបោះឆ្នោតរបស់គណបក្សនយោបាយជិត៨ម៉ឺននាន់ត្រូវបានអនុញ្ញាតចូលរួមសង្កេតមើលការបោះឆ្នោតនាចុងខែកក្កដា ខាងមុខនេះ ខណៈគណបក្សចំនួនប្រាំមួយមិនបានដាក់ភ្នាក់ងាររបស់ខ្លួននោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃនេះ គ.ជ.ប ឲ្យដឹងថាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យភ្នាក់ងារសង្កេតមើលការបោះឆ្នោតរបស់គណបក្សនយោបាយចំនួន៧៩ ៧៨១នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួនជាង៥ម៉ឺននាក់ និងភ្នាក់ងារសង្កេតការបំរុងមានជិត៣ម៉ឹននាក់ មកពីគណបក្សនយោបាយចំនួន១៤។
គណបក្សនយោបាយចំនួនប្រាំមួយ ដែលមិនបានដាក់ភ្នាក់ងារសង្កេតការរបស់ខ្លួនគឺ គណបក្សពន្លឺថ្មី គណបក្សខ្មែរក្រោក គណបក្សសាធារណរដ្ឋខ្មែរ គណបក្សខ្មែរឈប់ក្រ គណបក្សធម្មាធិតេយ្យ និងគណបក្សឆន្ទៈខ្មែរ។ នេះ បើតាម គ.ជ.ប ដដែល។
សម្រាប់គណបក្សខ្មែរឈប់ក្រ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ការណ៍មិនបានដាក់ភ្នាក់ងារគណបក្សសង្កេតមើលការបោះឆ្នោតនេះដោយសារគណបក្សមិនមានធនធានមនុស្សគ្រប់គ្រប់ បូករួមនឹងហេតុផលផ្សេងមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ។
គ.ជ.ប ក៏បានលើកឡើងដែរថាការណ៍ដាក់ភ្នាក់ងារ ឬមិនដាក់ភ្នាក់ងារសង្កេតមើលការបោះឆ្នោតរបស់គណបក្សនយោបាយគឺអាស្រ័យលើលទ្ធភាពរបស់គណបក្សនយាបាយនីមួយៗ។
អ្នកនាំពាក្យគ.ជ.ប លោក ឌឹម សុវណ្ណារុំ ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា៖ «ភ្នាក់ងារគណបក្សនយោបាយគឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅគ្រប់ការិយាល័យ»៕