• 2018-08-02 03:50:00
  • ព័ត៌មាន

ទឹកជំនន់ នៅស្ទឹងត្រែង ស្រកខ្លះហើយ ក្រោយដាក់ឧបករណ៍ ជំនួយ៣គ្រឿង

  • 2018-08-02 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិច ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​ស្ទឹងត្រែង​ បាន​ស្រក​ចុះ​បន្តិច បន្ទាប់​អាជ្ញាធរ​ បាន​ដាក់​ម៉ាស៊ីន​បូម​ទឹក​ ខ្នាត​មធ្យម​ចំនួន ៣គ្រឿង ដើម្បី​បូម​រំដោះ​ជំនន់​ទឹក​ភ្លៀង​ ចេញ​ពី​ក្រុង​ស្ទឹងត្រែង។

នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ នៅ​ព្រឹក​នេះ ពី​ទំព័រ​ហ្វេសប៊ុក​ ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង។

​អាជ្ញាធរ​ នៃ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ បាន​ចុះ​ផ្សាយ​ព័ត៌មាន​ថា ជំនន់​ទឹក​ភ្លៀង និង​ទឹក​ជំនន់​ទន្លេ​មេគង្គ​ នៅ​ខេត្ត​ស្ទឹងត្រែង បាន​កើន​ឡើង​ រហូត​លិច​ចូល​ភូមិ​ឋាន​ប្រជាពលរដ្ឋ​ ឃុំ​សាមឃួយ ស្រុក​សេសាន ដល់​កម្រិត​ប្រកាស​អាសន្ន​ កាល​ពី​ថ្ងៃ​ម្សិលមិញ។

​នៅ​ព្រឹក​នេះ​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ស្រក​ចុះ​មក​នៅ​ត្រឹម​កម្ពស់ ១០,៨០ ម៉ែត្រ ដែល កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន ១០,៧០ ម៉ែត្រ។ បើ​ប្រៀបធៀប​នឹង​កម្ពស់​ទឹក​ដែល​បាន​កើន​ឡើង​ដល់​កម្រិត​អតិបរមា​កាល​ពី​ថ្ងៃ​ម្សិលមិញ គឺ​បាន​ស្រក​ចុះ ០,១៣ ម៉ែត្រ។

ឯកឧត្ដម ម៉ុម សារឿន អភិបាល​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ដំឡើង​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​មធ្យម​ ចំនួន​៣​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍​បូម​រំដោះ​ជំនន់​ទឹក​ភ្លៀង​ចេញ​ពី​ក្រុង​ស្ទឹងត្រែង។

សូម​បញ្ជាក់​ថា ការ​បូម​ទឹក​ភ្លៀង​ចេញ​ពី​ក្រុង​ស្ទឹងត្រែង បាន​ធ្វើ​ឡើង​ នៅ​៣​ទីតាំង​ផ្សេង​ៗ​គ្នា ដោយ​ក្នុង​នោះ​រួមមាន ទីតាំងទី១ ស្ថិត​នៅ​ចំណុច​ភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ទីតាំងទី២ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ស្ទឹង​ត្រែង និង​ទីតាំង​ទី៣ ស្ថិត​នៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្ដម ម៉ុម សារឿន អភិបាល​ខេត្ត​ស្ទឹងត្រែង៕

ប្រភពរូប ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

អត្ថបទ៖ ពៅ រក្សា

មតិយោបល់