- 2018-09-01 04:55:55
- សេដ្ឋកិច្ច
ម្ចាស់អាជីវកម្មខ្លះថាផលិតសឹងមិនទាន់ ពេលបានកម្មវិធីមួយជួយផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន
- 2018-09-01 04:55:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់អាជីវកម្មខ្លះថាផលិតសឹងមិនទាន់ ពេលបានកម្មវិធីមួយជួយផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន
ចន្លោះមិនឃើញ
ម្ចាស់អាជីវកម្មខ្នាតតូចនៅ តាមខេត្តខ្លះលើកឡើកឡើងថាការជួយផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មានពិតជាមានសារៈសំខាន់ក្នុងការធ្វើឲ្យអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើន និងទទួលបានការគាំទ្រ។
អ្នកស្រី សូ សម្បតិ្ត ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម ក្នុងក្រុងសៀមរាប ប្រាប់ Sabay ក្នុងឱកាសអ្នកស្រីចូលរួមក្នុងកម្មវិធីបង្ហាញពីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកនេះថា គម្រោងផ្លូវទៅស្រុករបស់ក្រុមហ៊ុន Sabay បានជួយផ្សព្វផ្សាយពីផលិតផលរបស់អ្នកស្រី។
តាមរយៈការផ្សព្វផ្សាយទាំងអត្ថបទ និងវីដេអូ អ្នកស្រីថាផលិតផលរបស់អ្នកស្រីត្រូវបានអតិថិជនស្គាល់ច្រើនជាងមុន និងបានទទួលការបញ្ជាទិញកាន់តែច្រើន។
អ្នកស្រីថា៖ «ក្រោយមានការផ្សព្វផ្សាយមានការបញ្ជាទិញកើនឡើង ពីមុនមួយខែលក់ដាច់ខ្ទង់រយទេ តែឥឡូវដល់ខ្ទង់ពាន់...កាលមុនលក់នៅក្នុងខេត្ត និងនៅប្រទេសជប៉ុន តែក្រោយការផ្សាយមកខាងកូរ៉េខាងត្បូងបញ្ជាទិញច្រើន រហូតដល់បួនកុងទីន័រក៏មាន តែមីងផលិតអត់បាន ដោយអត់មានលុយទិញមស៊ីនសម្ងួតកំប្លោក អត់ហ៊ានខ្ចីលុយធនាគារ អ៊ីចឹងត្រូវផលិតតាមលទ្ធភាពសិន»។
ចំណែកអ្នកស្រី ហៃ ម៉ាលី អ្នកផលិតស្រា ស តាមបែបប្រពៃណីនៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងវិញមានប្រសាសន៍ថាកាលមុនពេលការចុះផ្សាយរបស់គម្រោងផ្លូវទៅស្រុក ស្រារបស់អ្នកស្រីកលក់តែនៅក្នុងភូមិ និងក្នុងខេត្ត តែប៉ុណ្ណោះ និងម្តងម្កាលលក់ទៅខេត្តផ្សេងដែរ តែថាក្រោយមានការជួយផ្សព្វផ្សាយ ក៏បានទទួលការគាំទ្រច្រើនពីអ្នកនៅខេត្តផ្សេង រហូតមកដល់កំពង់ចាម បន្ទាយមានជ័យ និងភ្នំពេញជាដើម។
អ្នកស្រី ហៃ ម៉ាលី ផលិតស្រាស ស្រាខ្មៅ និងស្រាដំណើបផ្អែម ព្រមជាមួយចេកឆាប និងដំណាប់ដូងជាដើម ដែលជំនាញនេះថាអ្នកស្រីចេះតពីដូនតាមក។
លោក វ៉េង រចនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុនសប្បាយឌីជីថលផ្លាស់ លើកឡើងក្នុងកម្មវិធីបង្ហាញពីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជានេះដែរថា កម្មវិធីផ្លូវទៅស្រុក បានផ្សព្វផ្សាយពីអាជីវកម្មបែបប្រពៃណី និងប្រភេទអាជីវកម្មផ្សេងទៀតសរុបចំនួន៥០ ដែលមានទីតាំងនៅស្ទើរគ្រប់រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវទៅស្រុកនេះ លោកថាបានផ្សព្វផ្សាយអាជីវម្មប្រទាំងអត្ថបទ និងវីដេអូ ដែលលោកថាវីដេអូខ្លះមានអ្នកចូលទស្សនាជាង៦០ម៉ឺនដង។ លោកបញ្ជាក់ថាចំនួនអ្នកចូលមើលវិដេអូទាំងអស់មានចំនួនជាង៦លានដង និងចំនួនអ្នកចូលអានអត្ថបទវិញមិនតិចជាង១២ម៉ឺនដងផងដែរ។
ទាក់ទងនឹងអាជីវកម្មខ្នាតតូច នឹងមធ្យមនេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មអះអាងថាបានចូលរូមចំណែកក្នុងGDPកម្ពុជាជាង៣០ភាគរយ ហើយថាសព្វថ្ងៃសហគ្រាសនៅកម្ពុជាមានជាង៥២ម៉ឺនសហគ្រាស ក្នុងនោះមាន៩៩,៨ភាគរយជាសហគ្រាសខ្នាតតូច និងមធ្យម។
ឯកឧត្តមបន្តថាដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមនេះ រដ្ឋាភិបាលនឹងបង្កើតធនគារ SME មួយនៅឆ្នាំ២០១៩ ដោយមានដើមទុនដំបូង១០០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងពេលចាប់ផ្តើមអាជីវកម្មឆ្នាំទី១ទៅទី៣ ជាឆ្នាំដំបូង និងពីឆ្នាំទី៣ ទៅឆ្នាំទី៥នៅរយៈពេលបន្ទាប់៕