- 2018-09-15 03:21:06
- ព័ត៌មាន
ក្បួនត្រៀមទប់ទល់កំពូលព្យុះរបស់ចិនមិនធម្មតា ដូចត្រៀមប្រយុទ្ធនឹងសត្រូវធំ
- 2018-09-15 03:21:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនត្រៀមទប់ទល់កំពូលព្យុះរបស់ចិនមិនធម្មតា ដូចត្រៀមប្រយុទ្ធនឹងសត្រូវធំ
ចន្លោះមិនឃើញ
បុគ្គលិកពន្លត់អគ្គិភ័យ ២ ម៉ឺននាក់ ទូកត្រៀមសង្គ្រោះ ៦០០ គ្រឿងបណ្តែតពេញផ្ទៃទឹក និង យន្តហោះដ្រូន ១១៣ គ្រឿង បានដាក់ពង្រាយនៅខេត្តក្វាងទុង និង ហៃណាន ប្រទេសចិន ដើម្បីត្រៀមសង្រ្គោះនៅពេលមានព្យុះនៅថ្ងៃស្អែក។ នេះបើតាម The South China Morning Post ចុះផ្សាយនៅល្ងាចថ្ងៃសុក្រ។
ព្យុះទីហ្វុងម៉ាងឃុត នឹងបោកបក់មកលើខេត្តក្វាងទុង និង ហៃណានចាប់ពីល្ងាចថ្ងៃអាទិត្យ ដល់ ព្រឹកថ្ងៃចន្ទ។ កំពូលព្យុះទីហ្វុងនេះ មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៤៦មក ដែលមានល្បឿនរហូតដល់ ២៤០ គីឡូម៉ែត្រក្នុង១ម៉ោង។
អាជ្ញាធរខេត្តខាងលើក៏បានបញ្ជាឲ្យបើកអាងស្តុកទឹកដើម្បីកាត់បន្ថយការគម្រាមកំហែងនៃជំនន់ទឹកភ្លៀងដែលបណ្តាលមកពីព្យុះយក្សម៉ាងឃុត។
រដ្ឋបាលឧតុនិយមចិនបាននិយាយថា ព្យុះនេះនឹងបោកបក់២ដង ដោយម្តងស្ថិតក្នុងល្បឿនពណ៌លឿង ជាកម្រិតមិនសូវខ្លាំង និង ម្តងទៀតបោកបក់ក្នុងល្បឿនពណ៌ទឹកក្រូចជាល្បឿនខ្លាំងក្លាបំផុត។
រដ្ឋាភិបាលចិនបានត្រៀមបន្លែជាង ១ ៣០០ តោនដើម្បីទុកផ្គត់ផ្គង់រយៈពេល៣ថ្ងៃអំឡុងពេលនិងក្រោយព្យុះកំណាចនេះកើតមាន។
ព្យុះទីហ្វុងម៉ាងឃុត នឹងបោកបក់ទៅលើប្រទេសហ្វីលីពីន និង តៃវ៉ាន់នៅថ្ងៃសៅរ៍នេះ បន្តទៅហុងកុង និង កោះហៃណាន និង ខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន មុននឹងទៅអស់ឥទ្ធិពលក្នុងសមុទ្រចិនខាងត្បូង៕