• 2018-09-20 09:17:11
  • ព័ត៌មាន

មន្ត្រី​ជំនាញ​ថា​បើ​ពលរដ្ឋ​មិន​កែ​ទម្លាប់​ចោល​សំរាម​ផ្ដេសផ្ដាស ត្រូវ​តែ​ចាប់​ផ្ដើម​ពិន័យ (មានវីដេអូ)

  • 2018-09-20 09:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពិត​ទៅ​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​កាក​សំណល់​បាន​ចេញ​រួច​មក​ហើយ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​ការ​អនុវត្ត​ហាក់​ដូច​ជា​នៅ​ស្ងាត់​ឈឹង​។ ដូច្នេះ​ហើយ​សំរាម​នៅ​តាម​ទី​សាធារណៈ ទាំង​សំរាម​ដុំ និង​សំរាម​រាយ​នៅ​តែ​ជា​បញ្ហា​ចោទ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សោភណភាព​ទីប្រជុំជន និង​សុខភាព​ប្រជាជន​។

បន្ទាប់​ពី​ទិវា​សម្អាត​ពិភពលោក​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោក​ គាត រង្សី ​ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​សម្ដែង​ពី​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​ច្បាប់ ដោយ​ដាក់​ពិន័យ​ចំពោះ​ពលរដ្ឋ​ណា​ដែល​នៅ​តែ​ល្មើស​មិន​ព្រម​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែ​នាំ​។ លោក​ថា កាល​ពី​ពេល​កន្លង​មក មន្ទីរ​បរិស្ថាន​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​នៅ​តាម​ខណ្ឌ និង​សង្កាត់​នីមួយៗ ធ្វើ​ការ​ណែ​នាំ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ឲ្យ​ទុក​ដាក់​សំរាម​ដោយ​សណ្ដាប់ធ្នាប់ ចំណែក​នៅ​តាម​សួន ឬ​ទី​សាធារណៈ​​នានា ក៏​ដាក់​ឲ្យ​មាន​ធុង​សំរាម​គ្រប់​គ្រាន់​ដែរ​។

**ចុចអាន៖ ប៉ុន្មានសន្លឹកពីទិវាសម្អាតពិភពលោកដំបូងបង្អស់នៅកម្ពុជាឃើញហើយអាចរំជួលចិត្ត

ដោយ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ខ្វល់​ខ្វាយ​រឿង​សណ្ដាប់ធ្នាប់​សំរាម​នេះ​នៅ​ឡើយ ខណៈ​ពលរដ្ឋ​ផ្សេង​ទៀត​ប្រតិបត្តិ​បាន​យ៉ាង​ល្អ​។

ទាក់​ទឹង​នឹង​ការ​គ្រប់គ្រង​សំរាម លោក​គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ថា បាន​បញ្ជាក់​ថា «ពាក់ព័ន្ធ​នឹង​ការងារ​ទុក​ដាក់​សំរាម យើង​ផ្ដោត​សំខាន់​លើ​ការងារ​បី​ជា​សំខាន់​។ ទី​មួយ​គឺ​ការ​អប់រំ​ គឺ​អប់រំ​នៅ​តាម​សាលារៀន និង​តាម​បណ្ដា​ខ្នង​ផ្ទះ ហើយ​យើង​បាន​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​សប្ដាហ៍​ទៅ​លើ​ការ​អប់រំ​នេះ... ទី​ពីរ​គឺ​យុទ្ធនាការ​ផ្សព្វផ្សាយ ដូច​ជា​យុទ្ធនាការ​ថ្ងៃ​នេះ (​ទិវា​សម្អាត​ពិភពលោក​ថ្ងៃ​សៅរ៍​ទី​១៥​កញ្ញា​)​។ ទី​បី យើង​នឹង​ឈាន​ដល់​វិធានការ​អនុវត្ត​ច្បាប់​... មន្ទីរ​បរិស្ថាន​(​រាជធានី​)​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផាក​ពិន័យ ហើយ​យើង​គិត​ថា វេលា​នេះ​គឺ​ពេល​ដែល​យើង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់ ទៅ​លើ​បុគ្គល​ដែល​គ្រាន់​តែ​ចាប់​ថង់​មួយ ឬ​សំរាម​តិច​តួច ទៅ​បោះ​ចោល ​(​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​)​ក៏​ត្រូវ​ការ​អនុវត្ត​វិធានការ​ច្បាប់​ដែរ​។ មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ហើយ​ ដែល​គាត់​យល់ ខ្ញុំ​សូម​កោត​សរសើរ​មែន​ទែន ប៉ុន្តែ​យើង​ក៏​នៅ​សល់​មួយ​ចំនួន​ទៀត​ដែល​គាត់​មិន​យល់​... ពួក​គាត់​មិន​មែន​មិន​ដឹង​ទេ តែ​គាត់​(​មាន​ចេតនា​)​មិន​ព្រម​អនុវត្ត​តែ​ម្ដង អ៊ីចឹង​បាន​យើង​ចង់​អនុវត្ត​វិធានការ​ផាក​ពិន័យ​នេះ ដើម្បី​ឲ្យ​ពួក​គាត់​ចូល​រួម​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​»​។

សូមទស្សនា​វីដេអូ​៖

បើ​និយាយ​ពី​ការ​ពិន័យ ដែល​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ ស្ដី​ពី ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន ចាប់​ពី​មាត្រា​៣៩​មក គឺ​មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ដូច​ជា៖ បើ​មិន​បាន​ញែក​សំរាម​សំណល់​រឹង ដែល​អាច​កែ​ច្នៃ​ប្រើ​ឡើង​វិញ​បាន ចេញ​ពី​សំរាម​ដែល​ត្រូវ​បោះ​ចោល និង​ត្រូវ​ពិន័យ ១០ ០០០រៀល សម្រាប់​១​ខ្នង​ផ្ទះ​។ ១០ម៉ឺនរៀល សម្រាប់​ទី​តាំង​អាជីវកម្ម សេវាកម្ម​សិប្បកម្ម បុរី ខុនដូ និង​អាប៉ាតឺមែន។ ២សែនរៀល សម្រាប់​ក្រុមហ៊ុន រោងចក្រ សហគ្រាស។

មាត្រា​៤០ បុគ្គល​យក​សំរាម​ទៅ​ដាក់​ចោល​នៅ​ទី​សាធារណៈ ខុស​ម៉ោង​អនុញ្ញាត​ឲ្យ​បញ្ចេញ ត្រូវ​ពិន័យ ២០ ០០០រៀល សម្រាប់​១​ខ្នង​ផ្ទះ​។ ១សែន ៥ម៉ឺនរៀល សម្រាប់​ទី​តាំង​អាជីវកម្ម សេវាកម្ម សិប្បកម្ម បុរី ខុនដូ និង​អាប៉ាតឺមែន​។ ៤សែនរៀល សម្រាប់​ក្រុមហ៊ុន រោងចក្រ សហគ្រាស។

បើ​តាម​មាត្រា ៤២ ចែង​ថា អ្នកដំណើរ អ្នកទេសចរ ដែល​បោះ​សំរាម​ចោល​នៅ​ទី​សាធារណៈ និង​កន្លែង​ហាម​ឃាត់ ត្រូវ​ពិន័យ​ជា​ប្រាក់ ២០ ០០០ រៀល និង​ត្រូវ​សម្អាត​សំរាម​នោះ ដោយ​យក​ទៅ​ដាក់​ធុង​សំរាម​សាធារណៈ​។

**ចុចអាន៖ Wing ធ្វើ​រឿង​មួយ​គួរ​ឲ្យ​សរសើរ ក្នុង​ថ្ងៃ​ដើរ​រើស​សំរាម​សម្អាត​ទីក្រុង ចុង​សប្ដាហ៍​មុនត

លោក​ជំទាវ ងិន លីណា​ប្រធាន​នាយកដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌មាន​នៃ​ក្រសួង​បរិស្ថាន​ថា​បច្ចុប្បន្ន​នេះ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​តាម​ទីប្រជុំជន​ពី​ការ​ទុក​ដាក់​សំរាម ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ក៏​ប៉ុន្តែ​នៅ​មាន​កម្រិត​នៅ​ឡើយ​។ រីឯ​ការ​ចូល​រួម​ក៏​មិន​ទាន់​ទូលំទូលាយ បាន​គ្រប់​គ្នា​ ទាម​ទារ​ឲ្យ​មាន​ការ​អប់រំ​បន្ថែម​ទៀត​។

‍«យើង​មើល​ឃើញ​ថា​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​យើង​នៅ​មាន​កម្រិត​។ តែ​យ៉ាង​ណា​ក៏​ដោយ​យើង​នៅ​តែ​បន្ត​ធ្វើ​ការ​អប់រំ​បន្ថែម​ទៀត​(​បន្ថែម​)​ការ​យល់​ដឹង អត្តចរិត​ប្រជាពលរដ្ឋ​យើង​។ យើង​ត្រូវ​ដឹង​ថា អ្វី​ទាំង​អស់​កើត​ចេញ​ឡើង​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំង​អស់​គ្នា​។ យើង​ត្រូវ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ខ្លួនឯង ដឹក​នាំ​គ្រួសារ និង​សហគមន៍ ប្រទេស​ជាតិ​យើង​នឹង​បាន​ប្រសើរ​ជាង​នេះ​»។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់