• 2018-09-21 02:56:51
  • ព័ត៌មាន

ឧបករណ៍​ធ្វើពីឫស្សី ជួយ​កសិករ​ចាប់អន្ទង់​លក់​បាន​ខ្ទង់ម៉ឺនៗ​រាល់ថ្ងៃ​

  • 2018-09-21 02:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លាន់​ជា​ឧបករណ៍​នេសាទ​បែបបុ​រាណ​មួយ​ប្រភេទ​ដែល​កសិករ​តាម​ជនបទ​ប្រើប្រាស់​សម្រាប់​ចាប់​អន្ទង់​​ជំនួសឲ្យ​​ការ​ដើរជីក​រន្ធ​នៅ​តាម​វាល​ស្រែ​ឬតាម​ត្លុក​ត្រពាំង​នានា។

(កសិករ​ម្នាក់​កំពុង​រៀបចំ​ដាក់​លាន់​របស់​ខ្លួន​​ចាប់អន្ទង់តាមអូរមួយកន្លែង​)

​ឧបករណ៍​បែប​សាមញ្ញ​នេះ​ផលិត​ឡើង​ពី​បំពង​ឫស្សី​ប្រវែង១,២ម៉ែត្រ​ទៅ១,៤ម៉ែត្រ​ដោយ​មាន​មាត់​ប្រើស​នៅ​ចុង​ម្ខាង​សម្រាប់​បញ្ឆោត​ឲ្យ​អន្ទង់​ចូល​ស៊ីចំណី​។

កំពុង​តែ​អូស​ទូក​បណ្តើរ​សំឡឹង​រក​ទីតាំង​ដាក់​លាន់​បណ្តើរ​កសិករ​វ័យ​ក្មេង​ម្នាក់​គឺ​លោក អ៊ឺង​ ហៃ មាន​ទីលំ​នៅក្បែរ​មាត់​អូរ​មួយក​ន្លែង​ក្នុង​ឃុំគោក​ពោធិ ស្រុកបូរីជលសារ ខេត្ត​តាកែវ បាន​ប្រាប់​ Sabay​ ថា​ឧបករណ៍​នេះ​ងាយ​ធ្វើ​និង​ស្រួល​ប្រើ​បំផុត​ដោយថា​គ្រាន់​តែ​ប្រើ​នុយ​ក្តាម​បុក​លាយ​ជា​មួយ​ដីដំបូក​ឲ្យ​ម៉ត់​រួច​ច្រក​ចូល​តាម​មាត់​លន់​ទៅ​ក្នុង​ និង​បន្ទាប់​មក​យក​​ទៅ​ដាក់​នៅ​តាម​ទីតាំង​ដែល​ជម្រៅទឹក​ពីកន្លះម៉ែត្រទៅ​មួយម៉ែត្រ។

កសិករ​វ័យ២៣ឆ្នាំ​រូប​នេះរៀបរាប់​ថាដោយ​សារ​តែ​លោក​ដាក់​ពាក្យ​ប្រលង​ទៅ​ធ្វើការ​នៅប្រទេស​កូរ៉េ​មិន​ជាប់លោក​ក៏​សម្រេច​ចិត្ត​ធ្វើការងារ​ស្រែចម្ការ​រួមទាំង​របរនេសាទ​ដាក់​លាន់​យកអន្ទង់​លក់​ដើម្បី​បាន​កម្រៃសម្រួល​ជីវភាព​គ្រួសារ​វិញ​។

ដោយ​ប្រើប្រាស់លាន់​ប្រមាណ​ជា៣០​កសិករ​រូប​នេះ​ប្រាប់​ថាលោក​នេសាទអន្ទង់​បាន​ប្រមាណ​ជាង២គីឡូក្រាម​ក្នុងមួយ​យប់​និងអាចលក់​បាន​ប្រាក់ពី​៤ទៅ៥ម៉ឺនរៀល។ លោកបន្តថា៖«អន្ទង់​ឆ្នាំនេះ​សម្បូរហើយ​ធំជាង​ឆ្នាំមុនៗ​ព្រោះទឹក​ឡើងធំ​ ដូច្នេះ ​សង្ឃឹម​ថាផលនេសាទ​នឹង​បាន​កើន​ជាងឆ្នាំមុនៗដែរ​»។

អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​បាន​ប្រ​កប​របរ​មួយនេះ​ដែរ​សូម្បី​សិស្ស​សាលា ពេល​ទំនេរ​ឆ្លៀត​ដាក់​លាន់យក​អន្ទង់​លក់​សម្រាប់​ចំណាយ​ថ្លៃ​សិក្សា​។ នៅ​តំបន់​ខាង​លើ​នេះ​មាន​​ទឹក​ជន​ឡើង​ធំ​​ដែល​នាំ​ឲ្យ​កសិករ​ឆ្លៀត​ពេល​ទឹកជន់​នេះ​ដើម្បី​នេសាទ​អន្ទង់​រកចំណូល​សម្រាប់​គ្រួសារ៕

អត្ថបទដោយ៖ ជិន វេន

មតិយោបល់