
- 2018-10-03 07:04:26
- ព័ត៌មាន
ដើម្បីពង្រឹងជំនាញ STEM គ្រូបង្រៀន ២០០នាក់ត្រូវ ឃីដ ស៊ីធី អញ្ចើញចូលរួមសិក្ខាសាលាដ៏ពិសេសមួយ
- 2018-10-03 07:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីពង្រឹងជំនាញ STEM គ្រូបង្រៀន ២០០នាក់ត្រូវ ឃីដ ស៊ីធី អញ្ចើញចូលរួមសិក្ខាសាលាដ៏ពិសេសមួយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៧ កញ្ញា ២០១៨ មជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី បានរៀបចំសិក្ខាសាលា ស្ដីពីការអប់រំ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងការសហការឧបត្ថម្ភពីក្រុមហ៊ុន SMART Axiata នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ហើយក៏មានបញ្ចូលទាំងការទស្សនកិច្ចសិក្សាសាលវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី ផងដែរ។
សិក្ខាសាលានេះធ្វើឡើងដើម្បីបញ្រ្ជាបចំណេះដឹងបន្ថែមអំពីសារៈសំខាន់នៃ STEM ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ដល់មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចំនួន ២០០នាក់ ដែលមកពី១២ខណ្ឌ និងមន្រ្តីពាក់ព័ន្ធ ចំនួន ២០នាក់ មកពីមន្ទីរនិងក្រសួងអប់រំ យុវជន និងកីឡា។
នេះជាកិច្ចខិតខំ ប្រឹងប្រែង និងការសហការល្អរបស់ក្រសួងអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និង ឃីដ ស៊ីធី ក្នុងការពង្រីក វិស័យអប់រំ STEM ដល់លោកគ្រូ-អ្នកគ្រូនៃគ្រឹះស្ថានអប់រំ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងបង្ហាត់បង្រៀន ដល់សិស្ស និសិ្សត យុវជន ឱ្យកាន់តែ មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើការសិក្សា បណ្ដុះបណ្ដាល ស្រាវជ្រាវ និងអនុវត្តផ្ទាល់លើមុខវិជ្ជា STEM ឲ្យកាន់តែប្រសើរឡើង។
លោក ម៉េង ហៀង អគ្គនាយក នៃមជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី បានឱ្យដឹងថា៖ «ឃីដ ស៊ីធី មានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តកិច្ចសហការ និងធ្វើការវិនិយោគលើគម្រោងអប់រំ ថ្មីៗ។ ២០១៩ខាងមុខនេះ ឃីដ ស៊ីធី មានគម្រោងធ្វើសាលរោងជាង STEM ដែលមានសកម្មភាពជាង ៣០សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២។ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងដោយពាក់ព័ន្ធ បញ្ហាប្រឈមទៅនឹងការរស់នៅប្រចាំថ្ងៃរបស់យើង និងតម្រូវការការងារនាពេលបច្ចុប្បន្ននៅកម្ពុជា»។
ក្នុងថ្ងៃនោះផងដែរ ក៏មានសកម្មភាពពិសេសៗជាច្រើនដូចជា៖
ពិព័រណ៍សកម្មភាព STEM ដោយសិស្សានុសិស្សមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ និងក្រុមហ៊ុនបោះពុម្ព Lanaka
ពិព័រណ៍សកម្មភាព STEM ដោយសិស្សានុសិស្សមកពីវិទ្យាល័យចំនួន១ និងអនុវិទ្យាល័យចំនួន៤ ដូចជា៖ វិទ្យាល័យទឹកល្អក់ អនុវិទ្យាល័យបាក់ខែង អនុវិទ្យាល័យត្រពាំងសាលា អនុវិទ្យាល័យដង្កោ និងអនុវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង។
កម្មវិធីប្រកួត STEM សម្រាប់លោកគ្រូ-អ្នកគ្រូដែលបានចូលរួម ដោយមានការសម្របសម្រួលពី លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ដោយមានការសហការល្អពីដៃគូ ឃីដ ស៊ីធី បន្តការផ្តល់ឱកាសដល់សិស្សានុសិស្សមកសិក្សា និងកម្សាន្តនៅ សាលវិទ្យាសាស្រ្តគ្រប់ៗគ្នាព្រោះមានការសហការ និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយ ក្រុមហ៊ុន SMART។
ឃីដ ស៊ីធី សង្ឃឹមថា ការចូលរួមលើកកម្ពស់ និងជំរុញការអប់រំ STEM ដល់សិស្សានុសិស្សឲ្យស្វែងយល់ និងចាប់អារម្មណ៍លើអាជីពផ្នែក STEM វាជាកត្តាដ៏សំខាន់ក្នុងការចូលរួមជួយបណ្ដុះបណ្តាលធនធានមនុស្សឲ្យចេះ ដោះស្រាយបញ្ហាកំពុងប្រឈមនៅប្រទេសយើងនាពេលបច្ចុប្បន្ន។
កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កញ្ញា អេង ភារិទ្ធ Talent Acquisition Specialist តំណាងក្រុមហ៊ុន SMART Axiata លោក Cashel Glesson អនុប្រធានបេសកកម្មស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ លោក ម៉េង ហៀង អគ្គនាយក មជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី ព្រមទាំងការចូលរួមពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងលោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវ វិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា៕