• 2018-10-16 03:26:11
  • ព័ត៌មាន

នឹកស្មានមិនដល់! បុរសក្រីក្រគ្មានគោលដៅ ក្លាយជាអ្នកមាន ក្រោយចិញ្ចឹមឆ្កែមួយក្បាល

  • 2018-10-16 03:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន វ័យ​៣១ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Zhou Tianxiao បាន​រស់​នៅ​ជាមួយ​ជីដូន កាល​ពី​៤ឆ្នាំ​មុន និង​គ្មាន​ការងារ​ធ្វើ​ឡើយ។ ផ្ទុយទៅវិញ លោក Zhou អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្រោយ​ចិញ្ចឹម​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ Sylar។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ លោក Zhou បាន​បង្ហាញ​ឲ្យ​ដឹង​ថា គ្រួសារ​របស់​លោក​បាន​លែងលះ​គ្នា តាំង​ពី​ពេល​លោក​នៅ​ក្មេង​ម្ល៉េះ។ ក្រោយមក លោក​បាន​ក្លាយ​ជា​ក្មេង​មិន​ស្ដាប់​បង្គាប់ ហើយ​ចំណាយ​ពេល​លេង​ហ្គេម ផឹកស៊ី និង វាយ​តប់​គ្នា​ប៉ុណ្ណោះ អស់​រយៈពេល​ជាង ១០ឆ្នាំ។ នៅ​ពេល​ដែល លោក Zhou មិន​អាច​រក​សុភមង្គល​នៅ​ក្នុង​ហ្គេម​បាន លោក​ក៏​ងាក​មក​រក​មិត្ត​ស្មោះស្ម័គ្រ​វិញ​តែម្ដង។

លោក Zhou បាន​និយាយ​ថា «ខ្ញុំ​ឮ​ថា​សត្វ​ឆ្កែ​គឺ​ស្មោះ​ត្រង់​ណាស់ បើ​ទោះ​បី​ជា​ម្ចាស់​វា​ក្រ ក៏​វា​មិន​ទៅ​ណា​ចោល​ដែរ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ចិញ្ចឹម​សត្វ​ឆ្កែ»។ នៅ​ពេល​នោះ លោក​ចាប់ផ្ដើម​ទទួល​បាន​សេចក្ដី​ស្រលាញ់ ដែល​ខ្លួន​បាន​បាត់បង់​កាល​ពី​កុមារភាព បន្ទាប់​ពី​បាន​ចិញ្ចឹម Sylar។ លោក Zhou ចាត់​ទុក​វា​ដូច​ជា​សមាជិក​គ្រួសារ ជា​ជាង​សត្វ​ចិញ្ចឹម។

ក្រោយមក បុរស​រូប​នេះ​បាន​បង្ហាត់​បង្រៀន Sylar ដោយ​មើល​តាម​វីដេអូ YouTube របស់​អ្នក​បង្វឹក​សត្វ​ឆ្កែ​អាជីព។ លោក Zhou អាច​បង្រៀន Sylar ឲ្យ​ចេះ​ពី​កាយវិការ​មួយ​ចំនួន ដូចជា ទះដៃ (high-five) , ធ្វើ​ពុត​ជា​ងាប់ , ដើរ​ដូច​មនុស្ស និង លោត​រំលង​តុ ជាដើម។

លោក Zhou ក៏​បាន​បែក​គំនិត​ថត​វីដេអូ​របស់ Sylar រួច​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត។ មិនយូរប៉ុន្មាន វីដេអូ​របស់ Sylar បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​វា​ក៏​បាន​ក្លាយ​ជា​តារា​អនឡាញ ដោយ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ និង​ទទួល​បាន​ការ​ចូល​មើល​រាប់​លាន​ដង​ទៀត​ផង នៅ​លើ​បណ្តាញ​សង្គម។

កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​របស់ Sylar បាន​ជំរុញ​ឲ្យ​លោក Zhou បើក​ហាង​លក់​ចំណី​ឆ្កែ និង ហាង​លក់​ប្រដាប់​ក្មេង​លេង នៅ​លើ​គេហទំព័រ​លក់​ទំនិញ Taobao ដ៏​ល្បី​របស់​ប្រទេស​ចិន។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ឥឡូវនេះ លោក Zhou បាន​ចំណាយ​លុយ​រហូត​ដល់​ទៅ ៥សែន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ​វិឡា​ដ៏​ធំ​ស្កឹមស្កៃ​ឲ្យ Sylar៕

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់