• 2018-10-31 23:30:00
  • ព័ត៌មាន

និស្សិត​ខ្មែរ​មួយ​រូប​​​បង្ហើប​ខ្ទង់​ចំណាយ​ដ៏​ខ្ពស់​​​លើ​ការ​រៀន​បើកបរ​យន្តហោះ​

  • 2018-10-31 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​យុវជន​ខ្មែរ​មិន​ច្រើន​​ឡើយ​ ដែល​អាច​មាន​ឱកាស​​ បន្ត​ការ​សិក្សា​លើ​ជំនាញ​បើកបរ​យន្ត​ហោះ ​(Pilot) ដោយសារ​មុខជំនាញ​នេះ​មិន​ចំពោះ​​អ្នក​មាន​​សមត្ថភាព​មួយ​មុខ​ទេ​ តែ​ក៏​ទាមទារ​នូវ​ខ្ទង់​ចំណាយ​រាប់​ម៉ឺន​ដុល្លារ​​ទៅ​​លើ​ការសិក្សា​ដែរ។ ក្នុង​វ័យ​២៥ ឆ្នាំ​ ពេញ ញ៉ាវន្ត ​គឺជា​និស្សិត​​ខ្មែរ​មួយ​រូប ក្នុង​ចំណោម​គ្នា​៤ នាក់​ កំពុង​បន្ត​ការ​សិក្សា​នៅ​សាលា​​ FAST Aviation Academy​ ដែល​ត្រូវ​​គេ​ដឹង​ថា​ជា​សាលា​ហ្វឹកហ្វឺន​ផ្នែក​ហោះ​ហើរ​ មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វីលីពីន​។

លោក ពេញ ញ៉ាវន្ត

ញ៉ាវន្ត ​ទើប​ចាកចេញ​ពី​កម្ពុជា​​កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ត្រូវ​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន​យ៉ាង​តិច​ ១៨ខែ​ ដោយ​ផ្ដោត​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្ត​ជាក់​ស្ដែង។ ការសិក្សា​លើ​ទ្រឹស្ដី​ត្រូវ​ចំណាយ​ពេល​ ១១១​ម៉ោង ការ​អនុវត្ត​ហោះហើរ​ ១២០​ម៉ោង​ ហើយ​​ចុងក្រោយ​ គឺ​ប្រលង​​យក​វិញ្ញាបនបត្រ​។

មាន​ទីកន្លែង​កំណើត​នៅ​រាជធានី​ភ្នំពេញ និង​ជា​កូនច្បង​នៅ​ក្នុង​ក្រុម​គ្រួសារ​ចំណោម​បង​ប្អូន​ពីរ​នាក់​​ ញ៉ាវន្ត​ ឱ្យ​ដឹង​ថា​ ការសម្រេចចិត្ត​​រៀន​ជំនាញ​បើកបរ​យន្ត​ ព្រោះ​ជា​ចំណង់​ចំណូល​ចិត្ត​តាំង​ពី​កុមារភាព និង​ស្រប​ពេល​​វិស័យ​អាកាសចរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​ការ​រីក​ចម្រើន​​។ ​

មែនទែន​​ទៅ ​ លោក​ឪពុក​ ញ៉ាវន្ត ក៏​ជា​អ្នក​បើកបរ​យន្ត​ហោះ​ នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ដែរ។ ញ៉ាវន្ត បាន​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ(បាក់ឌុប​) នៅ​ឆ្នាំ​២០១១ និង​បាន​ចូលរៀន​​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ព្រមទាំង​​​បាន​ចូល​បម្រើ​ការងារ​ នៅ​អគ្គិសនី​កម្ពុជា។ ​បន្ទាប់​ពី​បាន​ចូល​បម្រើ​ការងារ​នៅ​អគ្គិសនី​កម្ពុជា​បាន​ពីរ​ឆ្នាំ ​ឪពុក​ ​ ញ៉ាវន្ត​​​ បាន​សាកសួរ​ជាថ្មី ពី​ការ​សិក្សា​ផ្នែក​បើកបរ​ហោះ​ហើរ ​នៅ​ប្រទេស​ហ្វីលីពីន​។​

ពីមុន​ប៉ា​គាត់​ចង់​ឱ្យ​ទៅ​រៀន​ដែរ ប៉ុន្តែ​កាល​ហ្នុង​ ដោយ​សារ​វិស័យ​អាកាស​ចរ​នៅ​មិន​ទាន់​រីកចម្រើន​ច្រើន​ ។ ម្យ៉ាង​ខ្ញុំ​នៅ​ក្មេង ភាសា​ក៏​មិនទាន់​ល្អ ចង់​ធ្វើ​ការងារ​យក​បទ​ពិសោធន៍​សិន។ តែ​បច្ចុប្បន្ន​នៅ​ខ្មែ​រ​មាន​ក្រុមហ៊ុន Airline បើក​ច្រើន​​ក៏​គាត់​សម្រេចចិត្ត​ឱ្យ​ចូល​រៀន​តែ​ម្ដង​ ដោយ​មាន​​គ្នា​បួន​នាក់​ជា​កូន​មិត្តភ័ក្ដិ​គាត់​”។ ញ៉ាវន្ត និយាយ។ ​

មុននឹង​អាច​ចូលរៀន​វគ្គ​បើកបរ​យន្តហោះ​ ញ៉ាវន្ត​​ ត្រូវ​ធ្វើ​តេស្ត​សុខភាព ភាសា​អង់គ្លេស និង​ការ​សម្ភាស​ផ្ទាល់​ជាមុន​។ បន្ទាប់​មក​ត្រូវ​បង់​ថវិកា​ជា​បី​ដំណាក់​កាល​ សរុប​អស់​ចំនួន​​ ៦​ម៉ឺន​ដុល្លារ ដោយ​មិន​គិត​ទៅ​លើ​ថ្លៃ​ហូប​ចុ​ក និង​ស្នាក់​នៅ​ទេ។ “អញ្ចឹង​ដំបូង​ ដើម្បី​បាន​ចូល​រៀន​ខ្ញុំ​ត្រូវ​បង់ ​២​ម៉ឺន​ដុល្លារ បី​ខែ​បន្ទាប់​ដល់​វគ្គ​ហ្វឹកហ្វឺន​ហោះ​ហើរ​យើង​ត្រូវ​បង់ ​​២ម៉ឺនដុល្លារ​ និង​ចុង​ក្រោយ​គឺ​ ២​ម៉ឺន​ទៀត”។

ញ៉ាវន្ត​​ បាន​​បន្ថែម​​ថា រយៈពេល​១៨ខែ​ សិក្សា​នៅ​សាលា​​ FAST Aviation Academy​ ប្រទេស​ហ្វីលីពីន និស្សិត​មាន​ឈ្មោះ​ត្រឹម​ជា​អ្នក​បើកបរ​ឬ (Pilot)​ មិនទាន់​មាន​សិទ្ធិ​អាច​បើក​យន្ត​ហោះ​ធន់ Boeing​ ឡើយ​ ពោល​គឺអាច​បើកបរ​ត្រឹម​យន្ត​ហោះ​ខ្នាត​តូច (C-152) ប៉ុណ្ណោះ។ លុះត្រា​ទៅ​បន្ត​ការ​សិក្សា​ រយៈពេល​បី​ខែ​បន្ថែម ទើប​អាច​បើកបរ​យន្ត​ហោះ​ខ្នាតធំ​បាន។

អញ្ចឹង​ប៉ា​ប្រហែល​គាត់​ចង់​ឱ្យ​ទៅ​រៀន​នៅ​កូរ៉េខាងត្បូង ដោយ​ត្រូវ​ចំណាយ​ប្រហែល ៣​ម៉ឺន​ដុល្លារ​ទៀត​។ បីខែ​ហ្នឹង​គេ​ហៅថា វគ្គ Type Rating ដោយ​ធ្វើ​ការ​រើស​ប្រភេទ​យន្តហោះ​​ដូច​ជា Airbus ,Boeing ហើយ​ភាគច្រើន​នៅ​ខ្មែរ​យើង គេ​ហោះ​ Airbus 320។ អញ្ចឹង​ខ្ញុំ​​យក​សញ្ញាបត្រ​ខ្ញុំ​រៀន​នៅ​ហ្វីលីពីន​ ទៅ Applies ដាក់​ទៅ​រៀន​នៅ​​កូរ៉េ​ខាងត្បូង​បន្ត​ទៀត ហើយ​ទាល់តែ​​រៀនចប់ និង​មាន​ការ​ទទួលស្គាល់​ ទើប​អាច​ដាក់​ពាក្យ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បាន​”។

បើ​ទោះ​ជា​យូរ​ម្តង​គេ​តែង​លេចលឺ​ព័ត៌មាន​ស្តីពី​ការ​ធ្លាក់​យន្តហោះ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ក្តី ប៉ុន្តែ​ហេតុ​ការណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​ ញ៉ាវន្ត ដែល​នឹង​ប្រឡូក​ក្នុង​ការងារ​នេះ​នា​ពេល​អនាគត​​មាន​ការ​តក់ស្លុត​នោះ​ឡើយ​ ព្រោះ​ថា នេះ​គឺជា​អាជីព​មួយ​ ស្រលាញ់​ពេញ​តាំង​ពី​តូចមក​។

ប៉ា​ម៉ាក់​ខ្ញុំ​ ​គាត់​តែង​លើក​ទឹកចិត្ត​ និង​ថា​បើ​ស្រលាញ់​ចូល​ចិត្ត​​ធ្វើ​ទៅ​។ ដូច្នេះ​ខ្ញុំ​ដាក់​ចិត្ត​ស្រលាញ់​ហើយ ​គឺ​ខ្ញុំ​មិន​គិត​អញ្ចឹង​ទេ។ រឿង​គ្រោះ​ធម្មជាតិ​យើង​មើល​មិន​ឃើញ​ទេ ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ ពេល​ខ្ញុំ​កំពុង​រៀន​ គ្រូ​ខ្ញុំ​ក៏​បាន​ប្រាប់​ពី​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ឥណ្ឌូនេស៊ី ខ្ញុំ​អត់មាន​ការ​ភ័យ​ខ្លាច​ទេ។ ស្រុក​យើង​ខ្ញុំ​គិតថា ​អាកាសធាតុ​ល្អ ​កម្រ​នឹង​កើត​មាន​ហេតុ​ការណ៍​អញ្ចឹងទេ​​”។

យុវជន ញ៉ាវន្ត ឱ្យ​ដឹង​ទៀត​ថា​ កម្ពុជា​​គួរតែ​មាន​ក្រុមហ៊ុន​ទីភ្នាក់ងារ​​​ផ្ដល់​ការ​ប្រឹក្សា​យោបល់​សម្រាប់​អ្នក​មាន​ធនធាន និង​បំណង​ចង់​រៀន​ជំនាញ​នេះ ខណៈ​បច្ចុប្បន្ន​ហាក់​មិន​ទាន់​មាន​ក្រុមហ៊ុន​ប្រភេទ​នេះ​នៅ​ឡើយ​​។ ញ៉ាវន្ត ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​ច្រើន​នាក់​បន្ថែម មាន​សមត្ថភាព​​អាច​បើកបរ​យន្តហោះ​​​នៅ​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ធំៗ ព្រោះថា បច្ចុប្បន្ន​មាន​ខ្មែរ តិច​តួច​បំផុត​បម្រើ​ការងារ​​លើ​​ផ្នែក​នេះ​។

ខ្ញុំ​ទៅ​ហ្វីលីពីន និង​ថៃ​ឃើញ​អ្នក​បើកបរ​យន្តហោះ​ស្ទើរតែ​៧០% ទៅ​៨០% ជា​ជនជាតិ​គេ​ប៉ុន្តែ​នៅ​ខ្មែរ​យើង​ភាគច្រើន​បំផុត​ជា​ជន​បរទេស​។ អញ្ចឹង​ត្រលប់​មក​វិញ​នៅ​ខ្មែរ​បើ​មាន​សេវាកម្ម​ដូច​នៅ​ហ្វីលីពីន​ថា បើ​យើង​ចង់​រៀន​សាលា​ណា​មួយ​​គេ​ពន្យល់​ណែ​នាំ​និង​ផ្ដល់​ជម្រើស និង​​រត់​ការ​ឱ្យ​យើង​ទាំងអស់​។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​នៅ​ខ្មែរ​បើ​មាន​ក្រុមហ៊ុន​ណាមួយ​ធ្វើ​សេវាកម្ម​ហ្នឹង​​ខ្ញុំ​ជឿ​ថា មាន​កូនខ្មែរ​ជាច្រើន​ទៀត​ចង់​រៀន​ច្រើន​ និង​​ឈាន​ទៅ​បង្កើន​អ្នក​បើកបរ​យន្ត​ហោះ​​នៅ​កម្ពុជា​​កាន់​តែ​មាន​ការ​កើន​ឡើង”៕

ចុចអាន៖ មកស្គាល់អ្នកបើកយន្តហោះវ័យក្មេងបំផុត ២រូបរបស់កម្ពុជា បញ្ចប់ការហ្វឹកហាត់ត្រឹមវ័យ២០ឆ្នាំ

អត្ថបទ៖ សុផល

មតិយោបល់