• 2018-11-01 08:13:43
  • ព័ត៌មាន

ចូលរួមទាំងអស់គ្នា! យុទ្ធនាការភ្នំពេញស្អាតឆ្នាំទី២ ចាប់ផ្ដើមពីថ្ងៃនេះហើយ

  • 2018-11-01 08:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​ភ្នំពេញ​ស្អាត បាន​ចាប់​កំណើត​ឡើង​កាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពេល​នេះ​បាន​វិល​ត្រឡប់​មក​ជាថ្មី​ម្ដង​ទៀត សម្រាប់​ឆ្នាំ​ទី២ ក្នុង​ឆ្នាំ​២០១៨។ ពិធីបើក​យុទ្ធនាការ​នេះ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​គគ្រឹកគគ្រេង នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​គណៈ​អធិបតី​សំខាន់ៗ និង​សហ​ស្ថាបនិក​គម្រោង ក៏​ដូចជា​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត។

យុទ្ធនាការ​ភ្នំពេញ​ស្អាត ​បាន​ធ្វើ​នៅ​រៀងរាល់​ឆ្នាំ​ ក្នុង​អំឡុង​ខែ​វិច្ឆិកា ដែល​យុទ្ធនាការ​នេះ បាន​ប្រសិទ្ធ​នាម​ថា «ខែស្អាត»។ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ទី​២​ហើយ នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្តិ​ឡើង​ពេញ​មួយ​ខែ​វិច្ឆិកា​តែ​ម្ដង ត្រូវ​បាន​អនុវត្ត​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​មាន​ការ​ចូលរួម​ពី «យុវជន​សុឆន្ទៈ​ស្អាត» ចំនួន​២០០​នាក់។

អ្នក​ទាំង​២០០​នាក់​នោះ គឺ​ជា​អ្នក​នាំសារ​របស់​យុទ្ធនាការ និង​បំពេញ​ការបារ​ស្ម័គ្រ​ចិត្ត ដោយ​យោង​ទៅ​តាម​ផែន​ការ​សកម្មភាព ៩​ធំៗ​រួម​មាន៖ ការ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ទាំង និង​ឯកជន​ចំនួន ៣៤​កន្លែង, វេទិកា​វោហារ​សព្ទ​ជា​សាធារណៈ, ការ​បំផុស​យុទ្ធនាការ​តាម​រយៈ Social media Challenge «ផ្ទះ​ខ្ញុំ​ស្អាត ភ្នំពេញ​ស្អាត», ការ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​វីដេអូអប់រំ​​ខ្លី, ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បិទ​ស្ទីគ័រ​ «ស្អាត» និង​ជំរុញ​ការទទួល​យក​ទស្សមាទាន »ស្អាត» ឲ្យ​បាន​ទូលំទូលាយ, បន្ត​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ភ្នំពេញ​ស្អាត និង​ឃ្លីប​វីដេអូ​តុក្កតា​ខ្លី​អប់រំ​ពីការ​ថែ​រក្សា​អនាម័យ​ទីក្រុង តាម​រយៈ​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​បណ្ដាញ​សារព័ត៌មាន​។ល។

គោល​បំណង​ដ៏​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​សំរាម​មិនមែន​ជា​របស់​នរណាម្នាក់ ពោល​គឺ​វា​កើត​ចេញ​ពី​យើង​ទាំង​អស់​គ្នា ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ទទួល​ខុសត្រូវ​រួម​គ្នា ក្នុង​ទិសដៅ​រួមគ្នា គឺ​ «ស្អាត» បាន​ន័យ​ថា គ្មាន​សំរាម​ពាសវាស​ពាសកាល។ យុទ្ធនាការ​ភ្នំពេញ​ស្អាត នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ប្ដូរ​ឥរិយាបថ របស់​ប្រជាពលរដ្ឋ ឲ្យ​ចេះ​គ្រប់គ្រង​កាក​សំណល់ ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​គឺ​ រាជធានី​ភ្នំពេញ ក្រោម​ពាក្យ​ស្លោក៖ «សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ»។

នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ដ៏​ធំ​សម្បើម​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​គណៈអធិបតី ឯកឧត្ដម ហ៊ុន ម៉ានី សមាជិក​នៃ​រដ្ឋសភា និង​ជា​សហស្ថាបនិក «គម្រោងស្អាត»ឯកឧត្ដម George EDGAR ឯក​អគ្គ​រាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រជាណាចក្រ​កម្ពុជា ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ព្រម​ទាំង​ឯកឧត្ដម ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ ។ ក្នុង​នោះ ក៏​មាន​ការ​ចូលរួម​ពី​បណ្ដា​ដៃគូ​ពាក់ព័ន្ធ និង​ម្ចាស់​ឧបត្ថម្ភ​នៃ​គម្រោង​ភ្នំពេញ​ស្អាត ព្រម​ទាំង​សមាជិក សមាជិកា នៃ​ក្រុម​ការងារ​ប្រតិបត្តិ​គម្រោង​ស្អាត យុវជន​សុឆន្ទៈ​ស្អាត សិល្បករ សិល្បការិនី ​ដែល​ទាំង​អស់​មាន​ចំនួន​សរុប ១៥០​នាក់។

 «គម្រោងស្អាត» ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សហស្ថាបនិក​ចំនួន​៦​រូប ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ រួម​មាន១៖ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទី២៖ លោក ជី សីលា អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ទី៣៖ លោកស្រី ជា ផល្លា អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Emerald Plus ទី​៤៖ លោក​ស្រី ហេង​ធីតា អគ្គនាយិកា​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​នៃ​ធនាគារ CIMB Cambodia PLC ទី៥៖ លោក ហៃ ភិរម្យ អគ្គនាយក​ក្រុមហ៊ុន Bosch នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទី​៦៖ លោក​ស្រី ទេព កូលាប សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU)។

គម្រោង​ភ្នំពេញ​ស្អាត មាន​ការ​ចូលរួម​គាំទ្រ​ដោយ ក្រសួង​អប់រំ​យុវជន និង​កីឡា, ក្រសួង​បរិស្ថាន, ក្រសួង​ទេសចរណ៍, គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត, សាលារាជធានី​ភ្នំពេញ,  សភា​ពាណិជ្ជកម្ម​កម្ពុជា, សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា, សមាគម​ភោជនីយដ្ឋាន​កម្ពុជា, សភា​ពាណិជ្ជកម្ម​អឺរ៉ុប, សមាគម​សហគ្រិន​វ័យ​ក្មេង និង​សមាគម​និស្សិត​វិទ្យាសាស្ត្រ​​សេដ្ឋកិច្ច និង​ពាណិជ្ជសាស្ត្រ​ជាតិ​នៅ​កម្ពុជា (AIESEC) និង​ស្ថាប័ន​ផ្សេងៗ​ទៀត៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់