• 2019-01-18 07:35:48
  • ព័ត៌មាន

ផ្ទុះការរិះគន់ខ្លាំង រឿងគ្រូកាត់សក់សិស្សស្រីសល់ត្រឹមស្មា គ្មានញញើតដៃ (មានវីដេអូ)

  • 2019-01-18 07:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា Kanchananukroh School ក្នុង​ទីក្រុង Kanchanaburi នៃ​ប្រទេស​ថៃ បាន​ទទួលរង​ការ​រិះគន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​កាត់​សក់​សិស្ស​ស្រី​ម្នាក់​សល់​ត្រឹម​ស្មា។

វីដេអូ​ឃ្លិប​បង្ហាញ​ពី​សកម្មភាព​គ្រូបង្រៀន​កាត់​សក់​សិស្ស​ស្រី​នោះ ត្រូវ​បាន​ថត និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​អ្នក​ចូល​មើល​ជិត ១លានដង និង​ចែករំលែក​ជាង ៣ពាន់​ដង​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា អ្នក​គ្រប់គ្រង​ម្នាក់​ឈ្មោះ Phawadee Jittamai បាន​និយាយ​ថា «គ្រូ​បង្រៀន​បាន​ព្រមាន​នាង​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​នាង​មិន​បាន​កាត់​សក់​របស់​នាង​តាម​ច្បាប់​ទេ។ យើង​កាត់​សក់​របស់​នាង​តាម​ច្បាប់​របស់​សាលា​ប៉ុណ្ណោះ»។

លោក Phawadee បាន​បន្ថែម​ទៀត​ថា ការ​កាត់​សក់​របស់​សិស្ស​ស្រី​រៀន​ថ្នាក់​ទី១០នោះ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០១៩ មក​ម្ល៉េះ ហើយ​សិស្ស​ដែល​ថត និង​បង្ហោះ​វីដេអូ​នេះ​លើ​អ៊ីនធឺណិត ក៏​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​សាលា​ដែរ ដូច្នេះ​នឹង​ត្រូវ​កាត់​ពិន្ទុ​របស់​គេ។

យ៉ាងណាមិញ អតីត​ក្រុមប្រឹក្សា​និស្សិត​នៃ​សាកលវិទ្យាល័យ Chulalongkorn University មាន​ឈ្មោះ​ថា Tanawat Wongchai អាយុ​២០ឆ្នាំ បាន​បញ្ចេញ​មតិ​ថា «សាលា​គួរ​តែ​បញ្ឈប់​ការ​អនុវត្ត​បែប​នេះ»។ លោក Tanawat បាន​និយាយ​ថា «យើង​ត្រូវតែ​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ម៉ូដ​សក់​ផ្ទាល់​ខ្លួន ដែល​វា​នឹង​លុប​បំបាត់​បញ្ហា​នេះ។ ទោះ​បី​ជា​សិស្ស​អាច​ល្មើស​វិន័យ​ក៏​ដោយ ប៉ុន្តែ​គ្រូបង្រៀន​មិន​គួរ​ប្រើ​អំពើ​ហិង្សា និង​បំពាន​សិទ្ធិ​របស់​សិស្ស​នោះ​ទេ»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់