• 2019-01-26 00:00:00
  • ព័ត៌មាន

វេណេហ្សូអេឡា ប្រ​ទេសមួយ​មាន​ក្បាល​ដឹកនាំពីរ?

  • 2019-01-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេណែហ្សូអេឡា ក្រោមការ​ដឹក​នាំ​របស់​លោក ម៉ាឌូរ៉ូ គិត​ចាប់ពី​ឆ្នាំ​២០១៣ មក​ត្រូវ​គេ​មើល​ឃើញ​​បាន​រិបត្តិ​​បន្តិចម្ដងៗលើ​វិស័យ​សេដ្ឋកិច្ចនិង​នយោបាយរហូត​ធ្វើ​ឲ្យ​ប្រ​ទេស​នេះ​មាន​បុគ្គល​ពីររូប​ប្រ​កាស​ខ្លូន​ជា​មេដឹកនាំប្រទេស។​

នៅ​ពេល​ថ្មីនេះ​ប្រ​ទេស​មួយ​នេះ​កំពុ​ង​ត្រូវ​បានពុះ​ចែក​ជា​ពីរ ដោយ​មាន​ក្រុម​មកពី​បក្ស​ប្រ​ឆាំង និង​ក្រុម​គាំទ្រ​ប្រ​ធានាធិបតី​ម៉ាឌូរ៉ូ​កំពុង​កាន់​អំណាច ដែល​សហរដ្ឋអាមេរិក​ និង​ប្រ​ទេសជាមិត្ត​ហៅថា​​​របប​ខុស​ច្បាប់​។

កាលពី​​ថ្ងៃទី២៤ ខែកមរា ឆ្នាំ២០១៩ ​កន្លង​ទៅ​នេះ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​មិន​ទទួល​ស្គាល់​លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​របស់​ប្រ​ទេស​វេណេហ្សូអេឡានោះទេ។ ផ្ទុយទៅវីញ​អាមេរិ​ក​បាន​ប្រ​កាស​គាំទ្រ​ប្រ​ធាន​សភា​វេណេហ្សូ​អេឡា មកពី​ក្រុម​ប្រ​ឆាំង លោក Juan Guaido ជា​ប្រ​ធានាធិបតី​បណ្ដោះអាសន្ន​ទៅ​វិញ​។

លោក ប្រ​ធានា​ធិបតី​អាមរិក ដូណាល់​ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​Twitter កាលពី​​ថ្ងៃទី​២៤ ខែ​មករា ថា​ប្រ​ជា​ជន​វេណេហ្សូអេឡា បាន​រង​ទុក្ខ​យូរ​ណាស់​មក​ហើយ​នៅ​ក្រោម​ការដឹក​នាំ​របស់​របប​មិន​ស្រប​ច្បាប់​របស់​លោក ម៉ាឌូរ៉ូ។ «ថ្ងៃនេះ​ខ្ញុំ​បាន​ទទួលស្គាល់ជា​ផ្លូវ​ការ​ប្រធាន​សភាជាតិ​វេណេ​ហ្សូ​អេឡា​ លោក Juan Guaido ជា​ប្រ​ធានាធិបតី​បណ្ដោះអាសន្ន​របស់​ប្រ​ទេស​វេណេ​ហ្សូ​អេឡា»។ លោក​ត្រាំ​បញ្ជាក់។​

ក្រោយពី​មាន​ការ​ប្រ​កាស​​នេះ​ប្រ​ទេស​ជាមិត្ត​របស់​អាមេរិក​មួយ​ចំនួន​ដូចជា​ប្រេស៊ីល អាហ្សង់ទីន កាណាដា កូឡំប៊ី ប៉ាណាម៉ា ឈីលី ប៉េរ៉ូ ជាដើម បាន​ធ្វើ​តាម​សហរដ្ឋអាមេរិក​ភ្លាមៗ​ដែរ។ នេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberge និង​aljazeera កាលពី​ថ្ងៃទី​២៤ ខែមករា នេះ។​

ដោយ​ឡែក​ប្រ​ទេស​ ចិន ​ រូស្សី និង​តួគី បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​នៅ​តែ​គាំទ្រ​លោក ម៉ាឌូរ៉ូ​ជា​ប្រ​ធានា​ធិបតី​របស់​​ប្រទេស​មួយ​នេះ​ ហើយ​ចិន​បាន​និយាយ​ថា​ខ្លួន​ប្រ​ឆាំង​នឹង​អ្នក​ខាងក្រៅជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​វេណេហ្សូអេឡា និង​បាន​គាំទ្រ​ការ​ពារ​ឯករាជ្យភាព និង​ស្ថេរភាព​ប្រ​ទេសនេះ។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​Reuters កាល​ពី​ថ្ងៃទី​២៤ ដូច​គ្នា។

​​​​មាន​អ្វី​កើត​ឡើង​ខ្លះ​នៅ​ក្នុង​ប្រ​ទេស​មួយ​នេះ?

ប្រ​ទេស​វេណេហ្សូអេឡា បាន​ធ្លាក់​ខ្លួន​បន្តិច​ម្ដងៗ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​តាំងពី​លោក​ម៉ាឌូរ៉ូ​ឡើង​កាន់​តំណែង​មក​ម្លេះ។

នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ លោក​ម៉ាឌូរ៉ូ បានជាប់​ឆ្នោត​ជា​ប្រ​ធានាធិបតី​ម្តដង​ទៀត​ និង​បាន​ស្បថចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ២០១៩​ តែ​មិនត្រូវ​បាន ទទួល​ស្គាល់​ដោយ​ក្រុម​បក្ស​ប្រ​ឆាំង​ដែល​ជាអ្នក​ដឹក​នាំ​សភា ដែល​បាន​​ពហិការ​ចំពោះ​ការ​បោះឆ្នោត​នោះទេ​។ ពិហិការ​នេះ​ធ្វើ​ឡើង​ដោយ​ទំនង​ថា​មន្ត្រី​បក្ស​ប្រ​ឆាំង​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន ខ្លះទៀត​ត្រូវ​បាន​រារាំង​​រឿង​នយោបាយ និង​ខ្លះទៀត​បាន​រត់គេច​ខ្លួន និងថា​ការ​បោះ​ឆ្នោត​មិនមាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ BBC កាលពី​ថ្ងៃទី២៤ ខែមករា។

ការណ៍នេះរដ្ឋធម្មនុញ្ញ​វេណេហ្សួអេឡា មាត្រា ២៣៣ និង​៣៣៣ ចែងថា​ករណីបែប​នេះ​ប្រ​ធាន​រដ្ឋសភា ត្រូវ​ធ្វើជា​ប្រ​ធានាធិបតី​បណ្ដោះ​អាសន្ន ដែល​ហេតុនេះ​បានជា​លោក Guaido ប្រកាស​ខ្លូន​ជា​ប្រ​ធានាធិបតី​បណ្ដោះអាសន្ន​នាថ្ងៃ​ទី២៣ ខែមករា កន្លងទៅនេះ។ នេះបើ​តាម​ប្រ​ភពដដែល។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ ប្រ​ទេស​នេះ​បានជួប​វិបត្ត​ខ្វះ​ម្ហូបអាហារ កង្វះអាហារូបត្ថម្ភ មរណភាពមាតា និង​ទារកកើនឡើង​ ខណៈ​ប្រ​ព័ន្ធ​សុខាភិបាល​ដួល​រំលំ ដែល​ជា​ហានិភ័យ​សម្រាប់​ប្រ​ជាពល​រដ្ឋ។

បើតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Forbes ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៩ ប្រ​ទេស​វេណេហ្សូអេឡា នៅ​ឆ្នាំ​២០១៨ កម្រិត​អិផរណាឡើង​ដល់​៨០ ០០០​ភាគរយ ដោយ​មូល​ហេតុថា​សេដ្ឋកិច្ច​បាន​ដួល​រលំ​ មកពី​លទ្ធផល​នៃ​របប​សង្គមនិយមយូរឆ្នាំ ខ្វះ​សមត្ថភាព​ប្រ​កួត​ប្រ​ជែង អំពើពុក​រលួយ និង​រឿង​មួយ​ចំនួន​ផ្សេងទៀត​​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់