• 2019-02-19 07:29:24
  • ព័ត៌មាន

រូបភាព​ច្រើន​សន្លឹក​ បង្ហាញ​ពី​ពិធី​ហែ​អ្នកតា​ចិន​​ ​កក្រើក​​ផ្សារ​អូរឫស្សី​ព្រឹក​មិញ​នេះ

  • 2019-02-19 07:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តា​ចិន​តូច-ធំ ប្រមូល​ផ្ដុំ​គ្នា​សម្ដែងឫទ្ធិ​នៅ​ផ្សារ​អូរឫស្សី កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០១៩។ ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ទៅ​ហើយ ក្រោយ​ចូល​ឆ្នាំ​ចិន​ហើយ រមែង​មាន​ពិធី​ធំ​មួយ​ទៀត​គឺ​ហែ​អ្នក​តា​ចិន ដែល​ផ្ដើម​ដំបូង​នៅ​ផ្សារ​ឫស្សី បន្ទាប់​មក​ទៅ​ច្បារ​អំពៅ និង តាខ្មៅ។

ការ​សម្ដែងឫទ្ធិ​របស់​អ្នក​តា​ តាមរយៈ​ការ​ចូល​សន្ថិត​មនុស្ស គេ​ឃើញ​មាន​ការ​អារ​អណ្ដាត ចាក់​ទម្លុះ​ផ្ទាល់​មួយ​ចំហៀង​ទៅ​មួយ​ចំហៀង ទៅ​តាម​ចរិត​នៃ​តួ​អង្គ​របស់​អ្នក​តា​ផ្សេងៗ​គ្នា ហើយ​អ្នក​តា​បាន​ផ្ដិត​ឈាម​ចារ​លើ​យ័ន​ ចែក​ចាយ​ដល់​បងប្អូន​ខ្មែរ សែ​ស្រឡាយ​ចិន ឲ្យ​យក​មក​បិត​មុខ​ផ្ទះ ដែល​មាន​ជំនឿ​ថា ការ​ពារ​ផ្ទះ​ និង មាន​សេចក្ដី​សុខ​ ជាដើម។

ប្រជាជន​ខ្មែរ​ដែល​មាន​សែស្រឡាយ​ចិន​ ដែល​ជឿ​លើ​ពិធី​នេះ បាន​ប្រាប់​ Sabay ថា ​ផ្សារ​អូរឫស្សី​ គឺជា​បណ្ដុំ​អ្នក​តា​ធំ​មួយ​ដែរ ដូច្នេះ​ហើយ​រាល់​ឆ្នាំ ពិធី​នេះ​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​ទី​នេះ។ អ្នក​ជាប់​សែស្រឡាយ​ចិន​បាន​ត្រៀម​ធូប​ទៀន និង ក្រដាស​សែន ព្រមទាំង​ទឹកមន្ត​ ត្រៀម​ស្វាគមន៍​អ្នក​តា​ ដែល​ដើរ​​ត្រួត​​​ពិនិត្យ​​តាម​ផ្ទះ​ ហើយ​អ្នក​តា​នឹង​ជួយ​ប្រោះព្រំ​ដល់​ម្ចាស់​ផ្ទះ​ឲ្យ​មាន​សេចក្ដី​សុខ។

ទន្ទឹម​នឹង​នេះ អ្នក​ជឿ​លើ​ពិធី​ហែ​អ្នក​តា ក៏​បាន​ជួយ​ទិញ​យ័ន ដែល​ប្រឡាក់​ឈាម​របស់​អ្នក​តា​ ក្រោយ​ពី​អារ​អណ្ដាត​ផងដែរ។ តម្លៃ​យ័ន​អាស្រ័យ​តាម​អ្នក​ទិញ​ឲ្យ គឺ​ចន្លោះ​ពី ១ ០០០ - ២ ០០០ រៀល ក្នុង​មួយ​សន្លឹក។ យ័ន​ដែល​ទិញ​បាន​ គឺ​តម្រូវ​ឲ្យ​យក​មក​បិត​នៅ​មុខ​ផ្ទះ ដើម្បី​សុំ​សេចក្ដី​សុខ។

ពិធី​ហែអ្នកតា រួម​នឹង​ការ​សម្ដែង​មុងសាយ​របស់​ចិន-វៀតណាម គឺ​ស្រដៀង​ទៅ​នឹង​ពិធី​រាំ​របាំ​ត្រុដិ​ ដែល​របាំ​ប្រពៃណី​ខ្មែរ ដែល​គេ​ជឿ​ថា ជួយ​ដេញ​ឧបទ្រព​ចេញ​ពី​ផ្ទះ ហើយ​នាំ​យក​មក​វិញ​នៅ​សេចក្ដី​សុខ សប្បាយ​ និង រក​ស៊ី​មាន​បាន។   ពិធី​ហែអ្នកតា គឺ​មាន​រយៈ​ពេល​ ៣ ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី ១៩-២១ ខែ​កុម្ភៈ ដោយ​ចាប់​ផ្ដើម​ដំបូង​នៅ​ផ្សារ​អូរឫស្សី​ ថ្ងៃ​ទី ២ នៅ​ច្បារ​អំពៅ និង ថ្ងៃ​បញ្ចប់​នៅ​ភូមិ​ដើម​មាន។ នេះ​បើ​តាម​អ្នក​ហែហម​អ្នក​តា​ប្រាប់ Sabay កាល​ពី​ព្រឹកមិញ៕ 

សូមទស្សនាវីដេអូ

សូម​ទស្សនា​រូបភាព​ខាង​ក្រោម​ ដែល​ក្រុម​ការងារ​ Sabay ផ្ដិត​បាន​កាល​ពី​ព្រឹក​មិញ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់