• 2019-03-21 03:45:55
  • ព័ត៌មាន

ស្លាបព្រា ពិធី​ពិព័រណ៍​អាហារ​ឆ្នាំ ២០១៩ រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ ៣ម៉ឺន​នាក់

  • 2019-03-21 03:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ខ្លះ​ចូល​ចិត្ត​ញុំា​អាហារ​ឆ្ងាញ់ៗ និង​សម្បូរ​បែប​? តោះ​! ចាំ​អី​ទៀត ស្លាប​ព្រា​ដែល​ជា​ពិធី​ពិព័រណ៍​អាហារ​ដ៏​ធំ​បំផុត នៅ​កម្ពុជា។ ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពី​ម៉ោង ៥ រសៀល​ដល់ ម៉ោង ៩ យប់ នៅ​ថ្ងៃ​ទី ៣០​ និង ៣១ ខែ​​ មីនា នៅ​ពហុកីឡដ្ឋាន​អូឡាំពិក។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្លាបព្រា ដែល​ Sabay ទើប​ទទួល​បាន​ ឲ្យ​ដឹង​ថា សម្រាប់​ស្លាប​ព្រា​ឆ្នាំ​នេះ យើង​រំពឹង​ថា​ នឹង​មាន​ភ្ញៀវ​ចូលរួម​រហូត​ទៅ ៣ ម៉ឺន​នាក់​ស្មើ​នឹង​ពីរ​ដង នៃ​ចំនួន​ឆ្នាំ​មុន។ ​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង​ដែរ!

ពិធី​ពិព័រណ៍​អាហារ​ស្លាបព្រា ត្រូវ​បាន​បង្កើត​ឡើង​ និង​រៀបចំ​ដោយ The Idea Consultancy Co., Ltd. ដែល​មាន​ការ​ចូលរួម​ពី​ភោជនីយដ្ឋាន​ចំនួន ១៥០ មាន​ដូចជា​អាហារ ភេសជ្ជៈ តូប​លក់​ទំនិញ ​និង​ការ​សម្ដែង​ផ្សេងៗ​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា គោលដៅ​ដ៏​ធំ​បំផុត​របស់​យើង​ គឺ​បង្កើត​ពិធី​ពិព័រណ៍​ម្ហូប​អាហារ ដែល​មាន​ភាព​សប្បាយ​រីករាយ​ ព្រមទាំង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន។ យើង​មាន​គោល​បំណង​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​តែមួយ​ម្ដង រហូត​ទៅ​ដល់ ៩០%!

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ដ​ទៀត​ថា ឆ្នាំនេះ​យើង​ទន្ទឹង​រង់ចាំ​នូវ​ភាព​សម្បូរ​បែប​កាន់តែ​ច្រើន​នៅ​លើ​ជម្រើស​អាហារ កម្មវិធី​ និង​ការ​កម្សាន្ត​ ដោយ​យើង​បាន​សហការ​ជាមួយ​អង្គការ និង​ក្រុមហ៊ុន​ដែល​មាន​គោលដៅ​ដូច​ក្រុមហ៊ុន​យើង​ខ្ញុំ។ ដៃគូ​និង​អ្នក​ឧបត្ថម្ភ​របស់​យើង​រួមមាន Pepsi, TWIN Agri, កាហ្វេ​គ្លូរីជីន, ក្រុមហ៊ុន​អាហារ Pelican, Grab, St. John Phnom Penh និង Foodbuzz ។ យើង​ខ្ញុំ​ព្រម​ទាំង​បាន​ទទួល​ការ​គាំទ្រ​ ពី​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​ទេសចរណ៍ និង​សាលា​ក្រុង​ភ្នំពេញ។

រង់ចាំ​ការ​ប្រកួត​មែន​ឬ​ទេ?

ព្រឹត្តិការណ៍​នេះ​នឹង​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​រួមមាន​ការ​ប្រកួត​ប្រជែង​បរិភោគ​ចំណី​អាហារ​ ប្រកួត​ប្រជែង​ការ​តុបតែង​តូប ប្រកួត​ប្រជែង​ម្ហូប​អាហារ ដង្ហែ​សំលៀក​បំពាក់​អាហារ ការ​ប្រកួត​ប្រជែង​ផ្នែក​សិល្បៈ​កែ​ច្នៃ ​និង​ការ​ប្រកួត​ផ្សេងៗ​ជាច្រើន​ទៀត​ផង។

ព្រឹត្តិការណ៍​នេះ​ គឺជា​ពិធី​មួយ​សម្រាប់​មិត្តភ័ក្ដិ ក្រុម​គ្រួសារ និង​សហគមន៍ ដែល​បាន​ ប្រមូល​ផ្ដុំ​អាហារ​ពី​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​កម្ពុជា និង​ម្ហូប​អាហារ​ពី​ជុំវិញ​ពិភពលោក។ យើង​មាន​ទាំង​អាហារ​ ទាំង​ភាព​សប្បាយ​រីករាយ​ផ្ដល់​ជូន​ដល់​អ្នក ហើយ​យើង​នឹង​បង្ហាញ​អ្នក​អំពី​របៀប​ទុកដាក់​សំរាម​ដើម្បី​ ចូលរួម​រក្សា​ប្រទេស​ដ៏​ស្រស់​ស្អាត​នេះ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ស្អាត។ អាហារ​ល្អ អារម្មណ៍​ល្អ! តោះ​ញាំ!” ពី Emilija, អ្នក​គ្រប់គ្រង​គម្រោង​កម្មវិធី ស្លាបព្រា ឆ្នាំ 2019

ក្រុម​ការងារ​យើង​កំពុង​ខិតខំ​ធ្វើ​ឱ្យ ស្លាបព្រា​ក្លាយ​ទៅ​ជា​ពិធី​ពិព័រណ៍​ម្ហូប​អាហារ ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​មេគង្គ​នា​ឆ្នាំ ២០២០។ គោលដៅ​របស់​យើង​ គឺ​ដើម្បី​បង្កើត​ពិធី​តែមួយ​គត់ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ដឹង​លឺ​ដល់​មនុស្ស ទូទាំង​ពិភពលោក!

  The Idea​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ដែល​ជា​ក្រុមហ៊ុន ផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ និង​សេវាកម្ម ប្រកប​ដោយ​ការ​ច្នៃប្រឌិត​ជាមួយ​នឹង​ផល​វិជ្ជមាន​ដល់​សង្គម​យូរ​អង្វែង។ យើង​ធ្លាប់​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​អង្គការ​ឯកជន​នៅ​លើ​វិស័យ​នានា ទូទាំង​ពិភព​លោក ចាប់ពី​មជ្ឈិមបូព៌ា នូវែលហ្សេឡង់ សហរដ្ឋអាមេរិក រហូត​ទៅ​ដល់​ឥណ្ឌា។ The Idea ព្រមទាំង​បាន​ផ្តល់​អំណាច​ដល់ Volunteer Nation ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​វ័យ​ក្មេង​ប្រមាណ ១ ៧០០ នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​ចំណេះដឹង​ខ្ពស់ ដែល​កំពុង​ស្វែងស្វះ​ នូវ​ការ​ផ្លាស់ប្ដូរ​សង្គម និង​ដឹកនាំ​ផល​វិជ្ជមាន​ក្នុង​វិស័យ​បរិស្ថាន​ថែទាំ​សុខភាព​ និង​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕  

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់