• 2019-03-23 08:17:26
  • សេដ្ឋកិច្ច

ឥណ្ឌា​ប្រើ​សេវា​ដឹក​ជញ្ជូន​ម្ហូប​​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​បំផុត​លើ​លោក ដែល​គ្រប់គ្នា​មិន​នឹក​ស្មាន

  • 2019-03-23 08:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​មនុស្ស​រាប់​លាន​នាក់​ដែល​ចូល​មក​ទីក្រុង​ម៉ុមបៃ​ដើម្បី​ធ្វើការ​ជា​រៀង​រាល់​ថ្ងៃ ជីវភាព​ប្រចាំថ្ងៃ​របស់​លោក Santosh Apte ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​មិន​ខុស​ពី​បុគ្គលិក​ដទៃ​ទៀត​ឡើយ។ Apte ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នាំចេញ​សំលៀកបំពាក់​ប្រពៃណី​ឥណ្ឌា​នៅ​ទីក្រុង​មុមបៃ។

រៀង​រាល់​ថ្ងៃ​ភរិយា​របស់​គាត់​ចម្អិន​អាហារ​ថ្ងៃត្រង់ និង ផ្ញើ​ពី​ផ្ទះ​មក​ឲ្យ​លោក។ Apte បាន​ប្រាប់​ The Telegraph ថា​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​ ឬ ប្រពន្ធ​គាត់​ក៏​មិន​ងាយ​នឹង​យក​ម្ហូប​មក​ផ្ញើ​ឲ្យ​គាត់​ដែរ ពីព្រោះ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​​ដោយ​រថភ្លើង​ហោច​ណាស់​២​ម៉ោង​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ។

ទោះ​ជា​មក​ដល់​សម័យ​ទំនើប​ទៅ​ហើយ​ក្តី ឥណ្ឌា​នៅ​តែ​ប្រកាន់​ខ្ជាប់​​ទំនៀមទម្លាប់​ប្រពៃណី​ដែល​ស្ត្រី​នៅ​តែ​ដើរ​តួនាទី​សំខាន់​​ជា​មេផ្ទះ ខណៈ​បុរស​គឺ​ជា​អ្នក​ធ្វើ​ការ​ក្រៅ​ផ្ទះ។ ​

អ្នក​ជញ្ជូន​អាហារ​ថ្ងៃត្រង់​កំពុង​ធ្វើការ

អាហារ​ថ្ងៃ​ត្រង់​របស់​ Apte រួម​ជាមួយ​នឹង​មនុស្សជាង ២០០ ០០០ ​នាក់​ ទៀត​ត្រូវ​បាន​ដឹក​តាម​សេវា​ដឹកជញ្ជូន​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​បំផុត​លើ​ពិភពលោក ដែល​គេ​ឲ្យ​ឈ្មោះ​ហៅ​ថា dabbawalas ដែល Dabba ជា​ភាសា​ឥណ្ឌា​​មាន​ន័យ​ថា "ប្រអប់​បាយ" និង wala មាន​ន័យ​ថា "អ្នក​ដឹក​ជញ្ជូន"។

Dabbawala បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៨៩០។ បច្ចុប្បន្ន អ្នក​ដឹក​ជញ្ជូន​​ជាង ៥ ០០០ នាក់​កំពុង​ដឹក​ជញ្ជូន​ម្ហូប​ទៅ​កាន់​កន្លែង​ធ្វើ​ការ​​ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង​ម៉ុមបៃ​នៅ​ពេល​ព្រឹក និង ត្រលប់​មក​វិញ​នៅ​ពេល​ថ្ងៃ​ជាមួយ​ប្រអប់​បាយ​ទទេ។

Dabbawala ដឹក​ជញ្ជូន​តាម​រថភ្លើង​ទៅ​ដាក់​តាម​កន្លែង​ធ្វើការ​របស់​ម្ចាស់​បញ្ញើ

អតិថិជន​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​សេវា​ដឹក​ជញ្ជូន​ចន្លោះ​ពី ៦ ដុល្លារ ទៅ ២០​ដុល្លារ​ក្នុង​១​ខែៗ ហើយ​អ្នក​ជញ្ជូន​ទទួល​បាន​ប្រាក់​ខែ​ខ្ទង់​ ២៥០ ដុល្លារ។

ជាមួយ​នឹង​អាហារ​ថ្ងៃ​ត្រង់​ប្រហែល ១២០ តោន​​ក្នុង​១​ថ្ងៃៗ ការ​ដឹកជញ្ជូន​​ដោយ​មិន​ប្រើ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Deliveroo ទំនង​ដូច​ប្រថុយប្រថាន តែ​​មែនទែន​ទៅ​កំហុស​ក្នុង​ការ​ដឹក​ជញ្ជូន​ខុស​របស់​ពួកគេ​តិចតួច​បំផុត​គឺ ១ លើ​ ៨​លាន។ ប្រភព​ខាង​លើ​បន្ត។

ស្រាក់​បាយ​ដែល​​ប្រមូលតាម​ផ្ទះ

​អ្នក​ដឹកជញ្ជូន​អាហារ​ថ្ងៃត្រង់​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ប្រមូល​បាយ​ម្ហូប​សំដៅ​ទៅ​ការិយាល័យ​ដែល​​អាហារ​ទាំង​នោះ​​ត្រូវ​បាន​គេ​កំណត់​គោលដៅ ឆ្លងកាត់​ចរាចរណ៍​ដ៏​កកកុញ​បំផុត​ក្នុង​ទីក្រុង​ម៉ុមបៃ ដែល​ជា​លំនៅឋាន​របស់​មនុស្ស​ជាង ២៤ លាន​នាក់។

បេសកកម្ម​ត្រូវ​បាន​បញ្ចប់ អ្នក​ដឹកជញ្ជូន​ចាំ​ប្រមូល​ប្រអប់​និង​ស្រាក់​បាយ​យក​ទៅ​ដាក់​តាម​ផ្ទះ​វិញ

​Dabbawala ដែល​ជិត​ឈាន​ដល់​ខួប​ទី​១៣០​ឆ្នាំ​នៃ​ការ​បង្កើត​ គឺ​មិន​មែន​ត្រឹម​គំនិត​ក្នុងការ​ដឹក​ជញ្ជូន​អាហារ​ថ្ងៃ​ត្រង់​ទៅ​កន្លែង​ធ្វើការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​វា​​ជា​ផ្នែក​មួយ​ដ៏​រស់រវើក​នៃ​វប្បធម៌​ឥណ្ឌា​ ស្តីពី គំនិត​អាហារ​ថ្មី​ៗ​ទើប​ចំអិន​ពី​ផ្ទះ​​រៀងរាល់​ព្រឹក​ដោយ​ក្តី​ស្រលាញ់។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់